ចិន​លុបចោល​កិច្ចពិភាក្សា​យោធា​ជាមួយ​អាមេរិក ក្នុងការ​ប្រឆាំងនឹង​ទណ្ឌកម្ម​ដោយសារ​គ្រឿង​បរិក្ខា​យោធា​រុស្ស៊ី​

603
ចែករម្លែក
  • 122
    Shares

ចិនបានហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុងប៉េកាំងមកស្តាប់ការតវ៉ានិងបានលើកពេលពិភាក្សាយោធា នៅក្នុងការតវ៉ានឹងការសំរេចចិត្តរបស់អាមេរិកដើម្បីដាក់ទណ្ឌកម្មលើទីភ្នាក់ងារយោធាចិនមួយ និងនាយករបស់វាចំពោះការទិញយន្តហោះចម្បាំងរុស្ស៊ីនិងប្រព័ន្ធកាំជ្រួចពីដីទៅអាកាស។

អនុរដ្ឋមន្រ្តីការបរទេសចិន លោកហ្សេង ហ្សេហ្គួង បានកោះហៅឯកអគ្គរដ្ឋទូត ធឺរី ប្រ៊ែនស្រ្តាត មកស្តាប់ការតវ៉ាប្រឆាំង។

ក្រសួងការពារជាតិចិនបាននិយាយថា ខ្លួននឹងហៅមេបញ្ជាការទ័ពជើងទឹក សេន ជីនឡុង មកពីដំណើរទស្សនកិច្ចនៅអាមេរិក និងលើកពេលកិច្ចពិភាក្សាដែលគ្រោងធ្វើនៅក្រុងប៉េកាំងរវាងមន្រ្តីយោធាចិននិងអាមេរិកនៅសប្តាហ៍ក្រោយ។

មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថាទណ្ឌកម្មនេះសំដៅក្រុងមូស្គូ មិនមែនរដ្ឋាភិបាលក្រុងប៉េកាំងទេ។

ច្បាប់ប្រឆាំងសត្រូវអាមេរិកតាមរយៈទណ្ឌកម្មហៅថាCAATSA ត្រូវបានអនុម័តនៅឆ្នាំ២០១៧ ដើម្បីដាក់ទោសរុស្ស៊ីចំពោះការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ការឈ្លានពានអ៊ុយក្រែននិងការចូលពាក់ព័ន្ធក្នុងសង្រ្គាមស៊ីរី ហើយចិនជាប្រទេសទី១ក្រៅពីរុស្ស៊ីដែលត្រូវអាមេរិកអនុវត្តច្បាប់នេះ។

ប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះនិងកាំជ្រួចចល័តS-400 ដែលអាចរួមមានរ៉ាដា ប្រព័ន្ធត្រួតពិនិត្យនិងកាំជ្រួចដែលអាចបាញ់បានចម្ងាយ៤០២គីឡូម៉ែត្រ ត្រូវបានដាក់តាំងដំបូងនៅរុស្ស៊ីក្នុងឆ្នាំ២០០៧ និងត្រូវបានចាត់ទុកថាជាអាវុធមានប្រសិទ្ធភាពបំផុតរបស់រដ្ឋាភិបាលក្រុងមូស្គូប្រឆាំងនឹងយន្តហោះនិងកាំជ្រួច ព្រមទាំងដ្រូន។

រុស្ស៊ីបានបញ្ជូនS-400ទៅដាក់នៅស៊ីរី ហើយប្រទេសមួយចំនួនរួមទាំងសមាជិកអង្គការណាតូ តួកគី ចាប់អារម្មណ៍និងសុំទិញវា។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសម្តែងការព្រួយបារម្ភថា ផែនការការតាំងកាំជ្រួច S-400របស់តួកគីនេះគំរាមដល់សព្វាវុធអាមេរិកខ្លះ និងបច្ចេកវិទ្យាផ្សេងៗដែលតួកគីប្រើ រួមមានទាំងយន្តហោះF-35 ។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវូ គៀននិយាយថាការសំរេចចិត្តរបស់ចិនក្នុងការទិញយន្តហោះនិងប្រព័ន្ធកាំជ្រួចពីរុស្ស៊ី ជាកិច្ចសហការធម្មតាមួយរវាងប្រទេសអធិបតេយ្យពីរ និងអាមេរិកមិនមានសិទ្ធិចូលជ្រៀតជ្រែកឡើយ។លោកបានព្រមានអំពីផលវិបាកដែលអាមេរិកនឹងប្រឈម”បើមិនដកទណ្ឌកម្មនេះភ្លាមទេ”៕ដោយ៖វាសនា

#