ចិន​វាយបក​វិញ ដោយ​ព្រលែង​ឱ្យ​លុយ​យ័ន​ធ្លាក់​ថ្លៃ និង​បញ្ឈប់​ការទិញ​កសិផល​របស់​អាម៉េរិក​

586
ចែករម្លែក

កាលពី​ថ្ងៃ​ចន្ទ​ទី​៥​សីហា ចិន​បាន​សម្រេចចិត្ត​ឆ្លើយតប​នឹង​ការ​គំរាម​ដំឡើង​ពន្ធ​ថ្មី​ចុងក្រោយ​បំផុត​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ជាមួយនឹង​ការផ្គើន​ប្រឆាំង​តប​វិញ ដោយ​ព្រលែង​ឱ្យ​រូបិយវត្ថុ​របស់ខ្លួន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល ១១ ឆ្នាំ និង បញ្ឈប់​ការទិញ​ផលិតផល​កសិកម្ម​រប​ស់​អាម៉េរិក​។​

​ចំណាត់ការ ដែល​កើតឡើង​បួន​ថ្ងៃ​បន្ទាប់ពី​លោក​ត្រាំ​គំរាម​ដំឡើង​ពន្ធ​បន្ថែមទៀត​លើ​ការនាំ​ចូល​របស់​ចិន​នោះ បានធ្វើឱ្យ​ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក​ដាំ​ក្បាល​ចុះ​។ នៅ​សង្កាត់​ហិរញ្ញវត្ថុ Wall Street ផ្សារ​ហ៊ុន Dow Jones Industrial Average បាន​ធ្លាក់ចុះ​ជាង ៨៥០ ពិន្ទុ​នៅត្រឹម​ពាក់កណ្តាល​រសៀល​ថ្ងៃ​ចន្ទ​។​

​មុននេះ ភាគហ៊ុន​បាន​ធ្លាក់ចុះ​ពី​ទីក្រុង​សៀង​ហៃ​រហូតដល់​ទីក្រុង​ឡុង​ដ៍ ដោយ​បារម្ភ​ថា ការកើនឡើង​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​នឹង​ទាញ​ទម្លាក់​សេដ្ឋកិច្ចពិភពលោក ដែល​កំពុង​ចុះខ្សោយ​រួចទៅហើយ​នោះ​។​

​ដោយ​កំពុងមាន​ការកើនឡើង​ក្តីបារម្ភ​ថា​ចិន​នឹង​ប្រើប្រាស់​រូបិយវត្ថុ​របស់ខ្លួន​ធ្វើជា​អាវុធ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្រលែង​ឱ្យប្រាក់​យ័ន​ចុះខ្សោយ​ដល់​កម្រិត​រសើប​ខាង​នយោបាយ គឺ ៧ យ័ន​ដូរ​បាន​១​ដុល្លារ​អាម៉េរិក​ជា​លើកដំបូង​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០០៨​។​

​បន្ទាប់ពី​ទីផ្សារ​ហិរញ្ញវត្ថុ​បាន​បិទទ្វារ​កាលពី​ថ្ងៃ​ចន្ទ ក្រសួង​រតនាគារ​អាម៉េរិក​បានប្រកាសថា ខ្លួន​ចាត់ទុក​ចិន​ជា “​អ្នករៀបចំ​កំណត់​តម្លៃ​រូបិយវត្ថុ​ខុសច្បាប់​” ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩៤ ។​

​កាលពី​ថ្ងៃ​ចន្ទ​នេះដែរ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​ផ្លូវការ​របស់​ចិន​បាន​រាយការណ៍​ថា ក្រុមហ៊ុន​ចិន​បាន​បញ្ឈប់​ការទិញ​ផលិតផល​កសិកម្ម​រប​ស់​អាម៉េរិក ដែលជា​ការបាញ់​ចំៗ​ទៅលើ​អ្នកគាំទ្រ​របស់លោក​ត្រាំ​នៅ​តំបន់​ជនបទ​អាម៉េរិក​។​

​ជាមួយគ្នានេះដែរ ការទម្លាក់​តម្លៃ​រូបិយវត្ថុ​និង​ការផ្អាក​ទិញ​កសិផល​របស់​អាម៉េរិក​បង្ហាញថា ចិន​បាន​សម្រេចចិត្ត​ប្រកាន់​ជំហរ​តឹងរ៉ឹង ជាជាង​ទោរទន់​ទៅតាម​ការគំរាមកំហែង​របស់លោក​ត្រាំ​។​

​លោក ហ៊ូ ស៊ី​ជីន និពន្ធ​នាយក​កាសែត Global Times របស់​ចិន​បាន​សរសេរ​នៅលើ Twitter ថា “​ភាគី​ចិន​នឹងមិន​ចុះចាញ់​អាម៉េរិក​ឡើយ​”​។​

​ប្រាក់​យ័ន​ចុះខ្សោយ​ធ្វើឱ្យ​ការនាំចេញ​របស់​ចិន​មិនសូវមាន​តម្លៃ​ថ្លៃ​លើ​ទីផ្សារ​បរទេស​។ វា​ក៏​ជួយ​ផាត់ទាត់​ផលប៉ះពាល់​នៃ​ការដំឡើង​ពន្ធ​របស់​អាម៉េរិក​ទៅលើ​ផលិតផល​របស់​ចិន​ផងដែរ​។​

​រូបិយវត្ថុ​ចិន​ឡើងដល់ ៧,០៣៩១ យ័ន​ក្នុង​១​ដុល្លារ​អាម៉េរិក​កាលពី​រសៀល​ថ្ងៃ​ចន្ទ ដោយ​ធ្វើឱ្យ​ប្រាក់​១​យ័ន​មានតម្លៃ ១៤,២ សេន​។ កម្រិត ៧ យ័ន​ធៀប​១​ដុល្លារ ពុំមាន​សារៈសំខាន់​ខាង​សេដ្ឋកិច្ច​ទេ តែមាន​ទម្ងន់​ជា​និមិត្តរូប​។​

​លោក ស្តេ​ហ្វិ​ន អ៊ី​ន​ណេ​ស នៃ​ក្រុមហ៊ុន VM Markets បាន​និយាយថា “​គំនិត​នៃ​សង្គ្រាម​រូបិយវត្ថុ​គឺមាន​នៅក្នុង​ចិត្ត​របស់​ពាណិជ្ជករ​មួយចំនួន​រួចទៅហើយ​”​។​

​ភ្លាមៗ​នោះ​លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter ដើម្បី​ថ្កោលទោស​ចំណាត់ការ​របស់​ចិន​ថា​ជា “​ការរៀបចំ​កំណត់​តម្លៃ​រូបិយវត្ថុ​ខុសច្បាប់​”​។ លោក​បាន​បន្ថែមថា “​នេះ​គឺជា​ការរំលោភបំពាន​ដ៏​ធំ​សម្បើម ដែល​នឹង​ធ្វើឱ្យ​ចិន​ចុះខ្សោយ​យូរអង្វែង​”​។​

​ធនាគារកណ្តាល​ចិន​បាន​ស្តីបន្ទោស​ការធ្លាក់​ថ្លៃ​ប្រាក់​យ័ន​ទៅលើ “​ការ​គាំពារ​និយម​ខាង​ពាណិជ្ជកម្ម​” ដែល​ទំនង​សំដៅ​ទៅលើ​ការគំរាមកំហែង​របស់​លោក​ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ដើម្បី​ដំឡើង​ពន្ធ​នៅ​ថ្ងៃទី​១ កញ្ញា​លើ​ការនាំ​ចូល​របស់​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​ទៅកាន់​សហរដ្ឋ​អាម៉េរិក បន្ថែម​ពីលើ​ទំនិញ​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ ដែល​លោក​ត្រាំ​បាន​ដំឡើង​ពន្ធ​រួចទៅហើយ​នោះ​។​

​សហរដ្ឋ​អាម៉េរិក​និង​ចិន​កំពុងមាន​ជម្លោះ​ជូរចត់​ជុំវិញ​ការចោទប្រកាន់ថា​ប៉េកាំង​លួច​យក​អាថ៌កំបាំង​ពាណិជ្ជកម្ម​និង​ដាក់​សម្ពាធ​ឱ្យ​ក្រុមហ៊ុន​បរទេស​ប្រគល់​បច្ចេកវិជ្ជា ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដ៏​គឃ្លើន​ដើម្បី​ធ្វើឱ្យ​ក្រុមហ៊ុន​ចិន​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុង​វិស័យ​បច្ចេកវិជ្ជា​ជឿនលឿន ដូចជា បច្ចេកវិជ្ជា​បញ្ញា​សិប្បនិម្មិត (AI) និង​បច្ចេកវិជ្ជា Quantum Computing៕ ដោយ៖ កញ្ញាដាលីស

ប្រាក់ ៧,០៣៩១ យ័ន​ដូរ​បាន ១ ដុល្លារ​អាម៉េរិក​កាលពី​រសៀល​ថ្ងៃ​ចន្ទ