ចិនបានប្រកាសបញ្ជីទំនិញអាមេរិកតំលៃ៣.០០០លានដុល្លារ សម្រាប់យកពន្ធសងសឹកនៅក្នុងជម្លោះដំឡើងពន្ធជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងកំពុងប្រឈមការប្រយុទ្ធធំឡើងមួយអំពីគោលនយោបាយបច្ចេកវិទ្យាខណៈទីផ្សារហិរញ្ញវត្ថុបានដាំក្បាលចុះដោយសារតែភ័យខ្លាចក្រែងមានការបង្អាក់រំខានក្នុងពិភពលោក។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការយកពន្ធខ្ពស់ឡើងលើសាច់ជ្រូក ស្រា ផ្លែប៉ម បំពង់ដែកថែបនិងទំនិញផ្សេងទៀតរបស់អាមេរិកនឹងទូទាត់ការខាតបង់របស់ចិន បណ្តាលមកពីការដំឡើងពន្ធរបស់ត្រាំលើដែកនិងអាលុយមីញ៉ូមចិន។ក្រសួងពាណិជ្ជកម្មចិនបានទទូចអោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចរចារកដំណោះស្រាយ តែមិនបានកំណត់កាលកំណត់ទេ។
នៅក្នុងជម្លោះដាច់ដោយឡែកនិងអាចធំជាងមួយ ក្រសួងពាណិជ្ជកម្មចិនបានរិះគន់ការសំរេចចិត្តរបស់ត្រាំកាលពីថ្ងៃម្សិលមិញ ដើម្បីចេញបញ្ជាយកពន្ធខ្ពស់ឡើងលើទំនិញនាំចូលពីចិនតំលៃ៦០.០០០លានដុល្លារ ដោយសារតែគោលនយោបាយបច្ចេកវិទ្យារបស់ចិន។ក្រសួងមិនបាននិយាយអំពីចម្លើយតបណាមួយទេ តែអ្នកនាំពាក្យក្រសួងការបរទេសម្នាក់បាននិយាយថារដ្ឋាភិបាលក្រុងប៉េកាំងបាន«ត្រៀមខ្លួនរួចរាល់ហើយដើម្បីការពារផលប្រយោជន៍របស់ខ្លួន»។
អ្នកនាំពាក្យ ហួ ជុនយីង បាននិយាយថា«យើងមិនចង់បានសង្គ្រាមពាណិជ្ជកម្មទេ តែយើងមិនខ្លាចវាទេ»។
ក្នុងពេលជាមួយគ្នា អាមេរិកបានប្តឹងចិនទៅអង្គការពាណិជ្ជកម្មពិភពលោក(WTO)ដោយចោទប្រកាន់ចិនថារំលោភកម្មសិទ្ធិបញ្ញា។
លោកត្រាំបាននិយាយថា វាដល់ពេលធ្វើការវាយបកប្រឆាំង«ចោរ»លួចកម្មសិទ្ធិបញ្ញារបស់អាមេរិក។លោកក៏បាននិយាយថា លោកមានបំណងដោះស្រាយរឿងនេះនៅក្នុងWTO គឺត្រូវរករឿងចិនអំពីគោលនយោបាយដែលនាំដល់ការប្រព្រឹត្តិមិនត្រឹមត្រូវលើបណ្តាក្រុមហ៊ុននិងអ្នកបង្កើតគំនិតថ្មីអាមេរិកដែលចូលទៅរកស៊ីនៅចិន។
ចាត់ការលើរឿងនេះ អាមេរិកក៏ទំនងជាវាយពន្ធ២៥%លើទំនិញអាកាសចរណ៍ កុំព្យូទ័រនិងITរួមទាំងផលិតផលគ្រឿងម៉ាស៊ីនរបស់ចិនតែអាមេរិកនៅមិនទាន់បញ្ចេញតារាងលម្អិតនៅឡើយទេ៕ដោយ៖វាសនា
ផ្សារហ៊ុនរងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ