ចិន​សង់​មន្ទីរពេទ្យ​មាន​១​ពាន់​គ្រែ​អោយ​ហើយ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ត្រៀម​ដាក់​អ្នក​ឆ្លង​វីរុស​ថ្មី​

160
ចែករម្លែក

​ទីក្រុង​វូ​ហាន​កំពុង​ប្រញាប់ប្រញាល់​សង់​មន្ទីរពេទ្យ​ថ្មី​មួយ​មាន​១.០០០​គ្រែ អោយ​ហើយ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ទទួល​អ្នក​ឆ្លង​វីរុស​ជម្ងឺ​រលាក​សួត​ថ្មីៗ នៅពេល​ចំនួន​​អ្នក​ឆ្លង​បាន​ហក់​ឡើង​យ៉ាងគំហុក​។​

បុគ្គលិកពេទ្យនៅមន្ទីរពេទ្យធំនៅក្រុងវូហាន

​រដ្ឋាភិបាល​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​មករា​ថា កូរ៉ូណា​វីរុស ដែល​ស្រដៀង​គ្នា​នឹង​វីរុស​សា​នេះ​ឥឡូវ​បាន​សម្លាប់​មនុស្ស​២៥​នាក់​និង​ចម្លង​មនុស្ស​ជាង​៨០០​នាក់​នៅ​ចិន​។​

​កាសែត​ចិន​Changjiang Daily​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា មន្ទីរពេទ្យ​ថ្មី​នេះ​ត្រូវ​សាងសង់​ជុំវិញ​កន្លែង​សម្រាក​លំហែកាយ​មួយ​នៅ​ជាយក្រុង និង​អាច​ដាក់​​បាន​១.០០០​គ្រែ​។​គ្រឿងចក្រ​សំណង់​បាន​ទៅ​ដល់​ការដ្ឋាន​តាំងពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​សង់​បង្កើត​ជា​មន្ទីរពេទ្យ​បម្រុង​មួយ​នៅ​ត្រឹម​ថ្ងៃ​ចន្ទ​។​

​កាសែត​បាន​បន្ថែមថា ការសង់​ប្រញាប់ប្រញាល់​នេះ ដើម្បី​ដោះស្រាយ​ការខ្វះខាត​កន្លែង​ដាក់​អ្នក​ជម្ងឺ​។​

​សូមបញ្ជាក់​ថា កាល​ពី​ចិន​ជួប​វិបត្តិ​ជម្ងឺ​សា ចិន​បាន​ប្រើ​កម្មករ​៧.០០០​នាក់​សង់​មន្ទីរពេទ្យ Xiaotangshan Hospital នៅ​ជាយក្រុង​ប៉េកាំង​ដោយ​ប្រើពេល​​តែ​មួយ​សប្តាហ៍​៕​ប្រែ​សម្រួល​៖​វាសនា​