ចិន​សន្យា​ផ្តល់ជំនួយ​ដល់​កម្ពុ​ជាជាង​៨០​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារជាតិ​ឆ្នាំ​២០២០

281
ចែករម្លែក
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ផ្តល់​សម្ភាសន៍​ដល់​អ្នក​កាសែត​

ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ​ក្រសួងការពារជាតិ​នៃ​ប្រទេស​ចិន​បាន​សន្យា​ផ្ដល់ជំនួយ​ចំនួន ៨៤​លាន​ដុល្លារ សម្រាប់​វិស័យ​ការពារជាតិ​កម្ពុជា​នៅ​ឆ្នាំ​២០២០​។​ការសន្យា​នេះ បានធ្វើ​ឡើង​ដោយ​ថ្នាក់ដឹកនាំ​ចិន ក្នុង​ឳ​កាស​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ នៅ​ប្រទេស​ចិន នា​សប្ដាហ៍​នេះ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​ដំណើរ​ទស្សនកិច្ច​ពីថ្ងៃ​ទី​១៨-២២ ខែតុលា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​យោធា​ពិភពលោក​លើក​ទី​៧​និង​វេទិកា​យោធា​«​សៀង​សាន​ប៉េកាំង លើក​ទី​៩» ដែល​ចូលរួម​ដោយ​ថ្នាក់​រដ្ឋមន្ត្រី​, ថ្នាក់ដឹកនាំ​យោធា​ជាន់ខ្ពស់ និង​ក្រុមជំនាញ​ប្រឹក្សា​យោធា​កំពូល ដែល​គេ​បាន អញ្ជើញ​ពី​១០០​ប្រទេស​ដើម្បី​ចូលរួម​។​


​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​ដំណើរ​វិលត្រឡប់​មកដល់​រាជធានី​វិញ កាលពី​រសៀល​ថ្ងៃទី​២៣ ខែតុលា បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង តាមរយៈ​ក្រសួងការពារជាតិ នៃ​ប្រទេស​ចិន បាន​សន្យាថា នឹង​ផ្តល់​ជំនួយឥតសំណង​ទ្វេដង​ដល់​វិស័យ​ការពារជាតិ​កម្ពុជា សម្រាប់​ឆ្នាំ​២០២០ ខាងមុខនេះ គិត​ជា​ទឹកប្រាក់​ចំនួន ៦០០​លាន​យ័ន ស្មើនឹង​៨៤​លាន​ដុល្លារ​។

សម្តេចពិជ័យសេនា និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉េ ហ្វ៊ុ​ង​ហឺ បាន​ចុះហត្ថលេខា​បន្ថែម​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ


​សម្តេច​ពិជ័យ​សេនា​បាន​បន្តថា សម្តេច និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉េ ហ្វ៊ុ​ង​ហឺ បាន​ចុះហត្ថលេខា​បន្ថែម​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។ ហើយ​បាន​ពិភាក្សាគ្នា​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក លើ​បញ្ហា​សន្តិសុខ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ផងដែរ​។

ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានចាត់ទុក​ជំនួយឥតសំណង​ដែល​រដ្ឋាភិបាល​ចិន​បាន​ជួយ​លើ​វិស័យ​ការពារជាតិ គឺជា​ការបញ្ជាក់​អំពី​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​–​ចិន កាន់តែ​រឹងមាំ​និង​ស្អិតល្មួ​ត​បន្ថែមទៀត ខណៈ​បច្ចុប្បន្ន​ទំនាក់ទំនងរ​វាង​ប្រទេស​ទាំងពីរ​ប្រៀបបាន​ដូចជា​ដែកថែប​ហើយ​នោះ​៕ សរន/Ha