ចិន​សន្យា​សងសឹក បើ​អាម៉េរិក​បង្កើន​ពន្ធ​លើ​ទំនិញ​របស់​ខ្លួន​

479
ចែករម្លែក

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៨​ឧសភា​ថា ខ្លួន​នឹង​ចាត់វិធានការ​សងសឹក បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​បន្ត​ផែនការ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន ​នៅ​ថ្ងៃ​សុក្រ​ទី​១០​ឧសភា​នេះ​។​

​ក្រសួង​បាន​និយាយ​ថា​ ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ឡើង​មិន​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​ណាមួយ ឬ​ពិភពលោក​នោះទេ​។​

​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ បាន​គំរាម​បង្កើន​ពន្ធ​ពី​១០​ទៅ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ២០០​ពាន់​លាន​ដុល្លារ​ចាប់ពី​ថ្ងៃ​សុក្រ​ទី​១០​ឧសភា​នេះ​ទៅ​។​លោក​បាន​និយាយ​កាល​​ពី​ថ្ងៃ​ពុធ​ថា លោក​រីករាយ​នឹង​រក្សា​អត្រា​ពន្ធ​លើ​ទំនិញ​នាំចូល​ចិន ដោយសារ​ចិន​«​រំលោភ​កិច្ចព្រមព្រៀង​»​ដែល​បាន​ម្រេច​រួច​ហើយ​ក្នុង​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​។​​លោក​ប្ត​ជ្ញា​មិន​រាថយ​ក្នុងការ​វាយ​ពន្ធ​ពិន័យ​ថ្មី​លើ​ទំនិញ​នាំចូល​ពី​ចិន បើ​«​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ឈប់​បោកប្រាស់​កម្មករ​របស់​យើង​»​ទេ​។​

​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​បាន​ប្រកាសថា ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​តម្លៃ​២០០​ពាន់​លាន​នឹង​ត្រូវ​បង្កើន​ពី​១០​ទៅ​២៥​ភាគរយ​ចាប់ពី​ម៉ោង​១២:០១ រំលង​អធ្រាត្រនៅ​​ថ្ងៃ​សុក្រ​ទី​១០​ឧសភា ចំ​ពេល​ឧបនាយករដ្ឋមន្ត្រី​ចិន​ជួបប្រជុំ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​អាម៉េរិក​នៅ​ក្រុង​វ៉ាស៊ីនតោន​។​

​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​នៅ​ការជួបជុំ​មួយ​នៅ​រដ្ឋ​ផ្លរីដា​កាលពី​ថ្ងៃ​ពុធ លោក​ត្រាំ​បាន​ចោទប្រកាន់​ចិន​ថា​រំលោភ​កិច្ចព្រមព្រៀង​និង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​សង​នូវ​តម្លៃ​មួយ​​បើ​មិន​មាន​កិច្ចព្រមព្រៀង​ទេ​។​

​លោក​បាន​ប្រាប់​ហ្វូង​អ្នកគាំទ្រ​ថា​« ខ្ញុំ​គ្រាន់តែ​ប្រកាសថា យើង​នឹង​បង្កើន​ពន្ធ​លើ​ចិន និង​យើង​នឹង​មិន​រាថយ​ឡើយ​រហូត​ទាល់តែ​ចិន​ឈប់​បោកប្រាស់​កម្មករ​របស់​យើង​និង​លួច​​ការងារ​របស់​យើង​។​នោះ​វា​ជា​អ្វី​នឹង​កើត មិន​ដូច្នេះ​ទេ​យើង​នឹង​មិន​រកស៊ី​ជាមួយ​ពួកគេ​ទេ​។​ពួក​គេ​រំលោភ​កិច្ចព្រមព្រៀង​។​ពួកគេ​មិន​អាច​ធ្វើ​ដូចនេះ​ទេ​។​ដូច្នេះ​ពួកគេ​នឹង​សង​នូវ​​តម្លៃ​មួយ​។​បើ​មិន​មាន​កិច្ចព្រមព្រៀង​ទេ​វា​គ្មាន​អ្វី​ខុស​ដែល​យក​ជាង​១០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​»​។​

​តែ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា «​ភាគី​ចិន​សោកស្តាយ​ជាខ្លាំង​បើ​អាម៉េរិក​ចាត់វិធានការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​។​ចិន​នឹង​ចាត់វិធានការ​តប​​ចាំបាច់​ផងដែរ​»​។​

​សូមបញ្ជាក់​ថា ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​២​ក្នុង​លោក​នេះ​បាន​ជាប់​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​គ្នា​ចាប់តាំងពី​ខែ​កក្កដា ឆ្នាំ​២០១៨ ដោយសារ​តែ​អាម៉េរិក​ទាមទារ​ឲ្យចិន​ដូរ​គោលនយោបាយ​ដែល​នឹង​គាំពារ​កម្មសិទ្ធិបញ្ញា​របស់​អាម៉េរិក​និង​ឲ្យបណ្តា​ក្រុមហ៊ុន​អាម៉េរិក​ចូល​ក្នុង​ទីផ្សារ​ចិន​កាន់តែ​ងាយស្រួល​ឡើង​​៕ដោយ៖វាសនា/Ha