ចិន​សម្តែង​ការសោកស្តាយ​និង​ប្តេជ្ញា​សងសឹក​ចំពោះ​ការដំឡើង​ពន្ធ​អាមេរិក​លើ​ទំនិញ​ចិន

538
ចែករម្លែក

ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ឧសភា បាន​និយាយថា​ខ្លួន​«​សោកស្តាយ​ជាខ្លាំង​» ចំពោះ​ការសំរេចចិត្ត​របស់​អា​មេរិក​ក្នុង​ការដំឡើងព​ន្ធលើ​ទំនិញ​នាំចូល​ពី​ចិន​តំលៃ​២០០​ពាន់​លាន​​ដុល្លារ ពី​១០​ទៅ​២៥​ភាគរយ តែ​បន្ថែមថា ខ្លួន​នឹង​ចាត់វិធានការ​បក​វិញ​។​

​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​និយាយ​នៅក្នុ​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា អាមេរិក​គួរ​ជួបពិភាក្សា​និង​ដោះស្រាយ​បញ្ហា​តាមរយៈ​កិច្ច​សហការ​និង​ប្រឹក្សា​យោបល់​ជាមួយ​ចិន​។​

​ការដំឡើង​ពន្ធ​នេះ​កើតឡើង​ខណៈ​អ្នកចរចា​ចិន​និង​អាមេរិក​បញ្ចប់​កិច្ចពិភាក្សា​ថ្ងៃទី​១​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុងចំណោម​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​២​ថ្ងៃ​នៅ​ក្រុង​វ៉ាស៊ីនតោន​​ដើម្បី​ព្យាយាម​សង្គ្រោះ​កិច្ចព្រមព្រៀង​ប្រុង​នឹង​ដួលរលំ​មួយ​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​១០​ខែ​មក​នេះ​រវាង​មហាអំណាច​សេដ្ឋកិច្ច​កំពូល​ទាំងពីរ​។​

​ឧបនាយក​រដ្ឋមន្ត្រី​ចិន លោក​លីវ ហឺ តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក រ៉ូ​ប៊ឺត ឡាយ​ធី​ហ្សឺ និង​រដ្ឋមន្ត្រី​រតនាគា​រ​អាមេរិក ស្ទេ​វិន ម្នូ​ជីន បាន​ជួប​ពិភាក្សា​គ្នា​អស់​៩០​នាទី​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​និង​ត្រូវ​រំពឹងថា​នឹង​បន្ត​នៅ​ថ្ងៃ​សុក្រ​។​

​ដោយ​គ្មាន​ចំណាត់កា​រណា​ពី​រដ្ឋការ​ត្រាំ​ដើម្បី​ផ្អាក​ការដំឡើង​ពន្ធ​នេះ ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​អាមេរិក កាលពី​ថ្ងៃ​សុក្រ​បាន​បង្កើន​អត្រា​ពន្ធ​លើ​ទំនិញ​ចិន​ជាង​៥.៧០០​មុខ​​ពី​១០​ទៅ​២៥​ភាគរយ​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជូនដំណឹង​មិន​ដល់​៥​ថ្ងៃ​ផង​ដល់​អ្នក​នាំ​ចូល​អាមេរិក​អំពី​ការសំរេចចិត្ត​ដំឡើង​ពន្ធ​លើ​ទំនិញ​តំលៃ​សរុប​ប្រមាណ​២០០​ពាន់​​លាន​ដុល្លារ​៕​ដោយ​៖​វាសនា​

នាវាដឹកកុងតេនឺ នៅកំពង់ផែគីញដាវ ក្នុងខេត្តសាន់ទុង។ការដំឡើងពន្ធរបស់អាមេរិកលើទំនិញចិននឹងចូលជាធរមាននៅថ្ងៃ១០ឧសភា និងចិនសន្យាសងសឹកវិញ