ចិន​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ថ្មី​២​គ្រាប់​បំពាក់​លើ​យន្តហោះ​លឿន​ជាង​សំឡេង​

2292

​ក្រុមមន្ត្រី​អាមេរិក​បានបញ្ជាក់​នៅក្នុង​ការវាយតម្លៃ​ចារកម្ម​ថ្មី​មួយ​ថា កងកម្លាំង​រ៉ុក្កែត​របស់​កងទ័ព​រំដោះប្រជាជន​ចិន​បានរៀបចំ​ការធ្វើ​តេស្ត​ហោះហើរ​នៃ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ថ្មី​ចំនួន ២ គ្រាប់ ដែល​ភ្ជាប់​ទៅនឹង​យន្តហោះ​លឿន​ជាង​សំឡេង (HGV) ។​

​ការធ្វើ​តេស្ត​គ្រាប់​មី​ស៊ី​ល DF-17 ចំនួន​២​បានកើត​ឡើង​នៅ​ថ្ងៃទី ១ និង​ទី ១៥ ខែវិច្ឆិកា​។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ដ្រី​អាមេរិក​ម្នាក់​ដែល​ប្រាប់​ត្រួសៗ​អំពី​ការវាយតម្លៃ​ចារកម្ម​ទៅកាន់​វេ​ប​សាយ Diplomat កាលពី​ថ្ងៃទី ២៨ ធ្នូ​។ ការធ្វើ​តេស្ត​ថ្ងៃទី ១ វិច្ឆិកា គឺជា​ការធ្វើ​តេស្ត​លើកដំបូង​ចាប់តាំងពី​សមាជ​លើក​ទី ១៩ របស់​បក្ស​កុម្មុយនីស្ត​ចិន​។​

​មន្ត្រី​អាមេរិក​បាន​ប្រាប់​វេ​ប​សាយ Diplomat ថា ការធ្វើ​តេស្ត​នៅ​ថ្ងៃទី ១ ខែវិច្ឆិកា​គឺ​រួមមាន “​ការធ្វើ​តេស្ត​យន្តហោះ​លឿន​ជាង​សំឡេង HGV ជា​លើកដំបូង​នៅលើ​ពិភពលោក ជាមួយ​ចេតនា​ដាក់​វា​ឱ្យប្រើ​ប្រាស់​ក្នុង​ប្រតិបត្តិការ​”​។ សហរដ្ឋអាមេរិក​និង​រុស្ស៊ី​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិជ្ជា​យន្តហោះ​លឿន​ជាង​សំឡេង ប៉ុន្តែ​ប្រទេស​ទាំងពីរ​នេះ​មិនដែល​ធ្វើតេស្ត HGV សម្រាប់​គោលបំណង​ឱ្យ​វា​ធ្វើ​ប្រតិបត្តិការ​នោះទេ​។​

​យោងតាម​វេ​ប​សាយ Diplomat បានឱ្យដឹងថា យន្តហោះ HGV ដែល​ត្រូវបាន​ប្រើ​នៅក្នុង​ការធ្វើ​តេស្ត​កាលពី​ថ្ងៃទី ១ ខែវិច្ឆិកា​នោះ ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចម្ងាយ​មធ្យម DF-17 តែម្តង​។ យោងតាម​ការប៉ាន់ប្រមាណ​របស់​ចារកម្ម​អាមេរិក​បានឱ្យដឹងថា មី​ស៊ី​ល​នេះ​បាន​ចុះចត​នៅក្នុង​រង្វង់​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​នៃ​គោលដៅ​របស់​វា ហើយ​ត្រូវបាន​រំពឹងថា នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ​នៅ​ឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស

ចិន​បាន​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ថ្មី​២​គ្រាប់​បំពាក់​លើ​យន្តហោះ​លឿន​ជាង​សំឡេង​កាលពី​ថ្ងៃទី​១ និង ១៥ ខែវិច្ឆិកា