ចិន​សាកល្បង​យន្តហោះ​ដឹកជញ្ជូន​គ្មាន​មនុស្ស​បើក​ដោយ​ជោគជ័យ​

534

​យន្តហោះ​ដឹកជញ្ជូន​គ្មាន​មនុស្ស​បើក​ដំបូង​គេ​បង្អស់​របស់​ពិភពលោក ដែលមាន​សមត្ថភាព​ដឹក​កម្រិត​តោន បានបញ្ចប់​ការហោះហើរ​សាកល្បង​ដំបូង​របស់ខ្លួន​ហើយ​។ នេះ​បើតាម​ប្រភព​វេ​ប​សាយ Global Times​។

​យន្តហោះ​ដឹកជញ្ជូន​គ្មាន​មនុស្ស​បើក ដែលមាន​ឈ្មោះថា AT200 ត្រូវបាន​សហ​បង្កើតឡើង​ដោយ​វិទ្យាស្ថាន​វិស្វកម្ម​រូបវិទ្យា​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន និង​វិទ្យាស្ថាន​ផ្សេងៗ​ទៀត​របស់​ចិន​។ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២​វិច្ឆិកា​នេះ យន្តហោះ​នេះ​បាន​ដំណើរការ​យ៉ាង​ល្អ​ក្នុងការ​ធ្វើតេស្ត ២៦ នាទី​នៅ​ទីក្រុង​ភូ​ចេង ខេត្ត​សាអាន​ស៊ី ភាគ​ពាយព្យ​ប្រទេស​ចិន​។​

​យន្តហោះ AT200 ដែល​ផលិត​ក្នុងស្រុក​ចិន​សុទ្ធសាធ​នេះ មាន​ប្រវែង ១១,៨៤ ម៉ែត្រ និង​កម្ពស់ ៤,០៤ ម៉ែត្រ ជាមួយនឹង​ការហោះហើរ​ក្នុង​ទម្ងន់​អតិបរិមា ៣,៤ តោន​។ ជាមួយ​ទីកន្លែង​ផ្ទុកទំនិញ​ទំហំ ១០ ម៉ែត្រគូប វា​អាច​ផ្ទុកទំនិញ​បាន ១,៥ តោន​។​

​យោងតាម​ក្រុម​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ យន្តហោះ AT200 ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធគ្រប់គ្រង​បញ្ជា​ដ៏​ទំនើប ដែល​ធ្វើ​ឱ្យគេ​ងាយស្រួល​ជាង​មុន​ក្នុង​ការបញ្ជា​យន្តហោះ​និង​កាត់បន្ថយ​ការចំណាយ​ដឹកជញ្ជូន​។​

​បច្ចេកវិជ្ជា​សំខាន់ៗ​ជាច្រើន​ត្រូវបាន​រកឃើញ​ក្នុងអំឡុងពេល​នៃ​ការអភិវឌ្ឍ​និង​ផលិត​យន្តហោះ​ដែល​អាច​ហោះហើរ​បាន ៣១៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​បើក​បាន​ប្រហែល ៨ ម៉ោង​។​

​យន្តហោះ AT200 ក៏មាន​សមត្ថភាព​ហោះហើរ​និង​ចុះចត​នៅលើ​សណ្ឋាន​ដី​រដិបរដុប​ផងដែរ ដូចជា​ភ្នំ​និង​កោះ​ជាដើម​។ ក្រុមការងារ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បាន​និយាយថា ពួកគេ​កំពុងធ្វើការ​ដើម្បី​ដាក់ឱ្យ​យន្តហោះ AT200 ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ក្នុងពេល​ឆាប់ៗ​នេះ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ AT200 ហោះ​សាកល្បង ២៦ នាទី​នៅ​ព្រឹក​នេះ​ដោយ​រលូន