ចិន​សាកល្បង​យន្តហោះ​លឿន​ជាង​សំឡេង ៦ ដងដោយ​ជោគជ័យ និង​មាន​សមត្ថភាព​ដឹក​កាំជ្រួច​នុយក្លេអ៊ែរ​ក្នុង​ល្បឿន ៧.៣៤៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

982

​ចិន​ទទួលជោគជ័យ​លើ​ការសាកល្បង​យន្តហោះ​ចម្បាំង​ល្បឿន​លឿន​ជាង​សំឡេង​ថ្មី ដែល​ថ្ងៃ​ណាមួយ​អាច​ត្រូវបាន​ប្រើ​ដើម្បី​ដឹក​កាំជ្រួច​នុយក្លេអ៊ែរ ខណៈដែល​ល្បឿន​វា​គ្មានអ្វី​អាច​បញ្ឈប់​បានឡើយ​។​

​យោងតាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​បណ្ឌិត្យសភា​ឌី​ណា​ម៉ិ​ក​អាកាស​របស់​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​សីហា​បានឱ្យដឹងថា យន្តហោះ​ចម្បាំង Starry Sky-2 ដែល​ត្រូវបាន​រចនា​ឡើង​លឿន​ជាង​សំឡេង ៦ ដង​បានទទួល​ជោគជ័យ​លើ​ការសាកល្បង​កាលពី​ថ្ងៃ​សុក្រ​ទី​៣​សីហា​នៅ​ទីតាំង​មិន​បង្ហាញ​មួយ​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​។​

​យន្តហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន ៧.៣៤៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​លឿន​ជាង​សំឡេង ៦​ដង ឬ​លឿន​ជាង​ល្បឿន​សំឡេង ៤០០ វិនាទី​។ ហើយ​នៅពេល​បាញ់​មី​ស៊ី​ល គ្រាប់​មី​ស៊ី​ល​នឹង​ហោះ​ក្នុង​ល្បឿន ៧.៣៤៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ផងដែរ​។

​អ្នកវិទ្យាសាស្ត្រ​ពាក់ព័ន្ធ​ក្នុងការ​ធ្វើតេស្ត​នេះ​បាន​សាទរ​ការសាកល្បង​នេះ​ថា “​ជោគជ័យ​ធំ​” ខណៈ​ក្រុម​អ្នកជំនាញ​និយាយថា យន្តហោះ​នេះ​ចង្អុល​បង្ហាញថា ចិន​ឥឡូវ​មាន​សមត្ថភាព​ស្មើគ្នា​ជាមួយ​រុស្ស៊ី និង អាមេរិក ក្នុងការ​ប្រណាំងប្រជែង​ដើម្បី​ផលិត​ក្បាល​គ្រាប់​លឿន​ជាង​សំឡេង​។

​គេ​សង្ស័យ​ជា​យូរ​មកហើយ​ថា​ចិន​កំពុង​កសាង​ឃ្លាំង​អាវុធ​លឿន​ជាង​សំឡេង ប៉ុន្តែ​ការធ្វើ​តេស្ត​ហោះហើរ​យន្តហោះ​ថ្មី​នេះ​គឺជា​ភស្តុតាង​លើកដំបូង​ដែលថា បច្ចេកវិជ្ជា​លឿន​ជាង​សំឡេង​កំពុង​ត្រូវបាន​អភិវឌ្ឍ​យ៉ាងសកម្ម​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង Starry Sky-2 អាច​ដឹក​កាំជ្រួច​នុយក្លេអ៊ែរ​ហោះ​ក្នុង​ល្បឿន ៧.៣៤៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង