ចិន​សាងសង់​មូលដ្ឋាន​ហ្វឹកហាត់​យោធា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

672
ចែករម្លែក
  • 30
    Shares

ចិនត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមសាងសង់ជំរំហ្វឹកហាត់មួយនៅតំបន់របៀងវ៉ាខាន់ ជាតំបន់តូចមួយដែលខណ្ឌចែកប្រទេសតាហ្ស៊ីគីស្ថាននិងប៉ាគីស្ថាន នៅក្នុងកិច្ចខិតខំមួយដើម្បីពង្រឹងការងារប្រឆាំងភេរវកម្មនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។

ប្រភពដែលដឹងបញ្ហានេះ បានប្រាប់កាសែត South China Morning Postសម្រាប់អត្ថបទចុះផ្សាយកាលពីថ្ងៃអង្គារទី២៨សីហាថា នៅពេលមូលដ្ឋាននេះត្រូវបានសាងសង់ចប់ រដ្ឋាភិបាលក្រុងប៉េកាំងនឹងបញ្ជូនទាហានរបស់ខ្លួនរាប់រយនាក់ យ៉ាងតិចមួយកងពលទៅកាន់ទីនោះ។

ប្រភពបានប្រាប់កាសែតដដែលថា” សំណង់មូលដ្ឋាននេះបានចាប់ផ្តើម និងចិននឹងបញ្ជូនទាហានយ៉ាងតិចមួយកងពល ជាមួយសព្វាវុធនិងគ្រឿងបរិក្ខា ទៅឈរជើងនៅទីនោះនិងផ្តល់ការហ្វឹកហាត់ដល់ទាហានអាហ្វហ្គានីស្ថាន”។

កាលបរិច្ឆេទនៃការសង់បញ្ចប់មូលដ្ឋាននេះមិនត្រូវបានបញ្ជាក់ប្រាប់ទេតែថាមូលដ្ឋាននេះទំនងជាមានតួនាទីខុសគ្នាបន្តិចពីមូលដ្ឋានយោធាចិននៅទឹកដីបរទេសដំបូងនៅជីបូទីនៃទ្វីបអាហ្រ្វិកខាងកើត។

ក្រោយបើកមូលដ្ឋាននៅជីបូទីក្នុងឆ្នាំ២០១៧ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបានរាយការណ៍ថា មូលដ្ឋាននោះសំរាប់”បេសកកម្មផ្គត់ផ្គង់”និងជា”ប៉ុស្តិ៍ជួរមុខយោធាមួយសំរាប់បង្កើនវត្តមានយោធាចិននិងដើរតួនាទីជាអ្នកការពារតំបន់”។

សុង ហ្សុងពីង អ្នកវិភាគយោធាម្នាក់នៅហុងកុង និយាយថាមូលដ្ឋានថ្មីនេះអាចប្រើជាជំរំហ្វឹកហាត់មួយដើម្បីជួយពង្រឹងកិច្ចសហបហរតិបត្តិការប្រឆាំងភេរវកម្មនិងការផ្លាស់ប្តូរយោធារវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងកាប៊ុល។អាហ្វហ្គានីស្ថានខ្សោយណាស់រឿងប្រឆាំងភេរវកម្ម។អាជ្ញាធរបារម្ភពីការបះបោររបស់ក្រុមតាលីបង់ តែមិនអាចធ្វើអ្វីកើតបើគ្មានជំនួយពីអាមេរិកនិងចិនព្រមទាំងប្រទេសដទៃទៀត”។

ការចុះផ្សាយរបស់កាសែតអំពីការសាងសង់មូលដ្ឋាននេះបានកើតឡើងក្រោយពីលោក វូ គៀន អ្នកនាំពាក្យក្រសួងការពារជាតិចិន បានច្រានចោលរបាយការណ៍កាលពីខែមករាដែលថា មូលដ្ឋានមួយត្រូវបានសាងសង់ឡើងនៅខេត្តបាដាកសាន ក្រោយពីរដ្ឋមន្រ្តីការពារជាតិចិននិងអាហ្វហ្គានីស្ថានព្រមព្រៀងគ្នាកាលពីឆ្នាំ២០១៧ថានឹងសហការគ្នាប្រឆាំងភេរវកម្ម៕ដោយ៖វាសនា

ប្រភព៖MILITARY & INTELLIGENCE