ចិន​សុំអោយ​អាម៉េរិក​ឈប់​និយាយ​បំប៉ោង​បែប​ព្យាបាទ​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​

409
ចែករម្លែក

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​សីហា​បាន​និយាយថា ចិន​បាន​ទទូច​អោយ​អាម៉េរិក​ឈប់​និយាយ​បំប៉ោង​រប៉ិលរប៉ូច​ហើយ​ដើរ​តួនាទី​វិជ្ជមាន​និង​ស្ថាបនា​​មួយ​នៅក្នុង​កិច្ចការ​អន្តរជាតិ​រួម​ទាំង​តំបន់​។​

​អ្នកនាំពាក្យ ហ្កេ​ង សួង បាន​និយាយ​ដូច្នេះ​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃមួយ ជា​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​ក្រសួងការបរទេស​និង​ការពារ​ជាតិ​អាម៉េរិក​ថា «​ចិន​​កាលពី​ពេល​ថ្មីៗ​បន្ត​ជ្រៀតជ្រែក​បែប​សម្លុត​គំរាម​នៅក្នុង​សកម្មភាព​រុករក​ប្រេង​និង​ហ្គាស​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក​បាន​បញ្ជាក់ថា​« បញ្ហា​ខុសត្រូវ​នៃ​បញ្ហា​នេះ​ច្បាស់លាស់​ណាស់​។​អាម៉េរិក​បាន​និយាយ​ដោយ​គ្មាន​ការទទួលខុសត្រូវ​ម្តង​ជា​ពីរ​ដង ដោយ​មិន​គោរព​ការពិត និង​ហៅ​ស​ទៅ​ជា​ខ្មៅ ហើយ​ចិន​សុំ​ប្រឆាំង​រឿង​នេះ​យ៉ាង​ម៉ឺងម៉ាត់​។​ចិន​ការពារ​យ៉ាង​មាំទាំ​សណ្តាប់ធ្នាប់​ពិភពលោក និង​គោរព​ច្បាប់​អន្តរជាតិ ដោយ​តែងតែ​អនុវត្ត​សិទ្ធិ​ស្របច្បាប់​នៅ​ក្នុង​តំបន់​ផ្អែក​​លើ​ច្បាប់​អន្តរជាតិ និង​ការពារ​សន្តិភាព ស្ថិរភាព​ព្រម​ព្រមទាំង​សណ្តាប់ធ្នាប់​តំបន់​»​។​

អណ្តូង​ប្រេង​និង​នាវា​គាំទ្រ​ចិន​នៅ​តំបន់​ប្រទាញប្រទង់​ជាមួយ​វៀតណាម ក្នុង​សមុទ្រ​ចិន​ខាងត្បូង

​ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ប្រើ​តាក់​ទិក​សម្លុត​គំរាម កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​សីហា ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា​ចិន​កំពុង​អនុវត្ត​«​ការជ្រៀតជ្រែក​​បែប​សម្លុត​គំរាម​» នៅក្នុង​ការធ្វើសកម្មភាព​រុករក​ប្រេង​និង​ហ្គាស​ក្នុង​ដែនទឹក​ដែល​អះអាង​ជា​កម្មសិទ្ធិ​របស់​វៀតណាម​។​

​នាវា​ស្រាវជ្រាវ​រុករក​រ៉ែ​ចិន​មួយ​កាលពី​ថ្ងៃ​សៅរ៍​បាន​ពង្រីក​តំបន់​ធ្វើ​សកម្មភាព​របស់​ខ្លួន​មក​កាន់​តំបន់​កៀក​នឹង​ឆ្នេរ​វៀតណាម ក្រោយ​ពី​អាម៉េរិក​និង​អូស្ត្រាលី​បាន​សម្តែង​ការ​ព្រួយ​​បារម្ភ​អំពី​អំពើ​របស់​ចិន​នៅក្នុង​ដែនទឹក​ជម្លោះ​។​

​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​អះអាង​ថា សកម្មភាព​របស់​នាវា​ចិន​ផ្ទុយ​នឹង​ការសន្យា​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក​វេ ហ្វេ​ង​ហ្កេ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សិង្ហ​បុរី​នៅ​ឆ្នាំ​នេះ​ដែល​​ថា​ចិន​នឹង​«​ប្រកាន់ខ្ជាប់​មាគ៌ា​អភិវឌ្ឍ​ដោយ​សន្តិវិធី​។​ចិន​នឹង​មិន​ទទួលបាន​ជំនឿ​ទុកចិត្ត​ពី​ប្រទេសជិតខាង​និង​ការគោរព​ពី​សហគមន៍​អន្តរជាតិ​ដោយសារ​តែ​រក្សា​តាក់​ទិក​សម្លុត​​គំរាម​របស់ខ្លួន​»​។​

​វៀតណាម​បាន​អះអាង​ថា​នាវា​The Haiyang Dizhi 8 បាន​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន​កាលពីដើម​ខែ​មុន ដោយ​បាន​ធ្វើ​ការស្រាវជ្រាវ​ភូមិសាស្ត្រ​អស់​រាប់​សប្តាហ៍​​ជាហេតុ​នាំ​អោយ​មាន​ការ​ប្រឈម​មុខ​រវាង​នាវា​មក​ពី​កង​ឆ្មាំ​សមុទ្រ​វៀតណាម​និង​ចិន​។​វៀតណាម​បាន​តវ៉ា​តាមផ្លូវ​ទូត​និង​តាម​តារ​អោយ​នាវា​នេះ​ចាកចេញ​តែ​ចិន​អះអាង​ថា​នាវា​​របស់​ខ្លួន​ធ្វើ​សកម្មភាព​ក្នុង​រង្វង់​ព្រំដែន​សមុទ្រ​របស់ខ្លួន​៕​ដោយ​៖​វាសនា​