ចិន​ស្នើ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​ទៀងទាត់​ជាមួយ​អាស៊ាន​

2699
ចែករម្លែក

យោងតាមប្រភពការទូតអាស៊ានបានឱ្យដឹងថា ចិនបានស្នើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ថាភាគីទាំង២គួរធ្វើសមយុទ្ធយោធារួមគ្នាជាទៀងទាត់នៅក្នុងសមុទ្រចិនខាងត្បូង។

ប្រភពព័ត៌មាននេះ បាននិយាយថា​ សំណើនេះត្រូវបានរៀបចំធ្វើឡើងដោយរដ្ឋាភិបាលក្រុងប៉េកាំង សម្រាប់ការដាក់បញ្ចូលសេចក្តីព្រាងក្រមប្រតិបត្តិដើម្បីបញ្ចៀសជម្លោះនៅសមុទ្រដែលមានជម្លោះនេះ ហើយសំណើនេះកំពុងត្រូវបានចរចាររវាងភាគីទាំង២។

ចិនក៏បានស្នើអាស៊ានថា ភាគីទាំង២ប្តេជ្ញាមិនធ្វើសមយុទ្ធយោធារួមនៅសមុទ្រចិនខាងត្បូងជាមួយប្រទេសណាមួយ មកពីខាងក្រៅតំបន់ ដោយមិនមានការជូនដំណឹងជាមុនឬ កិច្ចព្រមព្រៀងឡើយ។

ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថាទំនងជានិយាយសំដៅលើសហរដ្ឋអាមេរិក។

សំណើនេះ ត្រូវបានដឹងប៉ុន្មានសប្តាហ៍បន្ទាប់ពីចិននិង រដ្ឋជាសមាជិកអាស៊ានបានធ្វើសមយុទ្ធសមុទ្រនៅសិង្ហបុរី ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងពេលមានហេតុការណ៍នៅសមុទ្រដែលពាក់ព័ន្ធនឹងសុវត្ថិភាព។

សមយុទ្ធសមុទ្រអាស៊ាន-ចិនដែលត្រូវបានស្នើឡើងជាលើកដំបូងដោយចិននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២-៣ខែសីហា នៅមូលដ្ឋានកងទ័ពជើងទឹក Changi របស់ប្រទេសសិង្ហបុរី ដែលបានចូលរួមដោយនាវាចម្បាំងជាង៤០គ្រឿងនិងក្រុមមន្ត្រីយោធាជាច្រើននាក់មកពីប្រទេសទាំង១១ប្រទេសនេះ ៕ដោយ៖សុខា/sn

ចិនបានស្នើធ្វើសមយុទ្ធយោធាជាមួយអាស៊ាន ដើម្បីកាត់បន្ថយភាពតានតឹងអំពីអះអាងសិទ្ធិកាន់កាប់នៅសមុទ្រចិនខាងត្បូង

#