ចិន​ស្វាគមន៍​សញ្ញា​វិជ្ជមាន​ពី​កូរ៉េ​ខាងជើង​និង​ទទូច​អោយ​អាម៉េរិក​ចាត់​វិធានការ​ដើម្បី​ធានា​ការបន្ត​កិច្ចពិភាក្សា​

152
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​កញ្ញា​បាន​ទទូច​អោយ​អាម៉េរិក​ប្រកាន់​យក​មធ្យោបាយ​ស្ថាបនា​ឡើង​មួយ​ក្នុង​ការចរចា ជា​ការឆ្លើយតប​នឹង​សុច្ឆន្ទៈ​របស់​កូរ៉រ​ខាងជើង ដែល​ចង់​បន្ត​​កិច្ច​ពិភាក្សា​ស្តីពី​ការរំសាយ​នុយគ្លេអ៊ែរ និង​ក៏​បាន​លើកឡើង​ជា​ថ្មី​អំពី​ការ​សម្រាល​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ខ្លះ​លើ​កូរ៉េ​ខាង​ខាងជើង​។​

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ខ្លួន​មាន​បំណង​ចាប់ផ្តើម​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាម៉េរិក​នៅ​ចុងខែ​នេះ តែ​បាន​ព្រមាន​ថា ការទាក់ទង​រវាង​ភាគី​ទាំង​​ពីរ​អាច​បញ្ចប់ បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ប្រកាន់​យក​មធ្យោបាយ​ថ្មី​មួយ​ទេ​។​

​ទោះជា​យ៉ាងណា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក កូរ៉េ​ខាងជើង​បាន​បាញ់​វត្ថុ​ផ្លោង​ចម្ងាយ​ខ្លី​មួយឈុត​ទៀត​។​

​និយាយ​នៅ​ក្រុង​ប៉េកាំង អ្នកការទូត​កំពូល​ចិន គឺ​សមាជិក​ក្រុមប្រឹក្សារដ្ឋ លោក​វ៉ាង យី បាន​និយាយថា ចិន​ស្វាគមន៍​សញ្ញា​វិជ្ជមាន​កាលពី​ពេល​ថ្មីៗ​របស់​កូរ៉េ​ខាងជើង ស្តីពី​​ការ​បន្ត​កិច្ច​ពិភាក្សា​ជាមួយ​អាម៉េរិក​។​

​លោក​បាន​ប្រាប់​សន្និសីទកាសែត​រួម​ជាមួយ​សម​ភាគី​ម៉ាឡេស៊ី ថា​«​យើង​គួរតែ​រីករាយ​ដោយ​ឃើញ​កូរ៉េខាងជើង​និង​អាម៉េរិក​បន្ត​កិច្ចពិភាក្សា​តាម​កាល​កំណត់​នៅ​ចុង​ខែ​នេះ​។​ប្រ​​សិន​បើ​មានតែ​លក្ខខណ្ឌ​ជាមុន​ធ្វើឡើង​សំរាប់​ភាគី​ម្ខាង ឬ​ភាគី​ម្ខាង​ព្យាយាម​ដាក់​សម្ពាធ​ខ្លាំង​ដើម្បី​អោយ​ម្ខាង​ទៀត​ធ្វើ​សម្បទាន​តែឯង នោះ​វា​ជា​អ្វី​ដែល​មិន​បាន​ដំណើរការ​នា​​ពេលកន្លងមក និង​វា​នឹង​មិន​ដំណើរការ​នៅពេល​ឥឡូវ​និង​អនាគត​»​។​

​លោក​វ៉ាង យី បាន​បន្ថែមថា កូរ៉េខាងជើង​តាំងពី​មុន​មក​នៅ​ឆ្នាំ​នេះ​បាន​ចាត់​វិធានការ​វិជ្ជមាន​បន្តបន្ទាប់ និង​បាន​ស្នើសុំ​អាម៉េរិក​ធ្វើ​សម្បទាន​ខ្លះ ដូច្នេះ​«​យើង​សង្ឃឹមថា​​ភាគី​អាម៉េរិក​ក៏​អាច​ចាត់​វិធានការ​ជាក់ស្តែង​ពាក់ព័ន្ធ​រឿងនេះ​និង​ខិតខំ​បន្ធូរបន្ថយ​ស្ថានការណ៍​និង​ជំរុញ​ការចរចា​គ្នា​ឡើង​»​។​

​លោក​ក៏​រំពឹងថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នឹង​ពិចារណា​ធ្វើការ​ពិភាក្សា​ស្តីពី​ការដកចេញ​ខ​ច្បាប់​ខ្លះ​នៃ​សេចក្តីសំរេចចិត្ត​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដើ​​ម្បី​ជួយ​សម្រាល​ការលំបាក​របស់​ប្រទេស​នេះ​៕​ដោយ​៖​វាសនា​

លោក​វ៉ាង យី បាន​និយាយថា ចិន​សង្ឃឹម​ថា​អាម៉េរិក​នឹង​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​បន្ត​ការចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​

#