ចិន​ស្វះស្វែង​ប្រណាំងប្រជែង​លើ​ការផលិត​យន្តហោះ និង មី​ស៊ី​ល​លឿន​ជាង​សំឡេង​

368

​អ្នកជំនាញ​យោធា​ចិន​និយាយថា ចិន​គួរតែ​អភិវឌ្ឍ​បច្ចេកវិជ្ជា​ទប់ទល់​វិញ បន្ទាប់ពី​អាមេរិក​និង​អូស្ត្រាលី​រួមគ្នា​ធ្វើការ​សាកល្បង​យន្តហោះ​មួយ​សម្រាប់​កម្មវិធី​ពិសោធន៍​ស្រាវជ្រាវ​យន្តហោះ​អន្តរជាតិ​លឿន​ជាង​សំឡេង (HiFIRE)​។​

​អ្នកជំនាញ​បកស្រាយ​ថា ក្នុងនាម​ជា​មហាអំណាច​មួយ ចិន​គួរតែ​ស្រាវជ្រាវ​លើ​បច្ចេកវិជ្ជា​លឿន​ជាង​សំឡេង និង​វិនិយោគមូលធន​និង​ថាមពល​ឱ្យបាន​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិជ្ជា​ទប់ទល់​វិញ​។

​យោងតាម​វេ​ប​សាយ Nextbigfuture កម្មវិធី HiFIRE បានធ្វើ​តេស្ត​ជោគជ័យ​យ៉ាងតិច​ក៏​យន្តហោះ​មួយគ្រឿង​ដែរ នៅ​តំបន់​វូ​មើ​រ៉ា នៅ​អូស្ត្រាលី​ភាគខាងត្បូង​កាលពី​សប្តាហ៍​មុន​។ ការធ្វើ​ពិសោធន៍​នេះ​រៀបចំឡើង​កាលពី​ថ្ងៃទី ១២ កក្កដា​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី លោកស្រី ម៉ា​រី​ស ផេ​ន​។​

​របាយការណ៍​បាន​ពណ៌នា​យន្តហោះ HiFIRE 4 ថា​ជា​យន្តហោះ​លឿន​ជាង​សំឡេង​ហោះ​ដោយ​សេរី ដែល​បង្កើតឡើង​ដើម្បី​ធ្វើដំណើរ​នៅ​ល្បឿន​ជិត ១០.០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​អ្នកជំនាញ​បាន​ប្រាប់​វេ​ប​សាយ Global Times ថា បច្ចេកវិជ្ជា​លឿន​ជាង​សំឡេង​គឺជា​បច្ចេកទេស​កម្រិត​យុទ្ធ​សាស្ត្រ​សំខាន់​សម្រាប់​សន្តិសុខ​ជាតិ និង​សំខាន់​ផងដែរ​សម្រាប់​ការអភិវឌ្ឍ​យន្តហោះ​និង​អាវុធ​។ ដោយសារ​ផ្លូវ​ហោះហើរ​មិន​រំពឹងទុក និង គន្លង​ហោះ​បាន​ទាប អាវុធ​លឿន​ជាង​សំឡេង​គឺ​ពិតជា​ពិបាក​ទប់ស្កាត់​ណាស់ ហេតុដូច្នេះ​ហើយ​វា​បង្ក​ការលំបាក​ខ្លាំង​បំផុត​សម្រាប់​ប្រព័ន្ធ​ព្រមាន​ទុកជាមុន​។​

​ជា​លទ្ធផល អ្នកជំនាញ​បានស្នើ​ឱ្យ​ចិន​អភិវឌ្ឍ​បច្ចេកវិជ្ជា​លឿន​ជាង​សំឡេង និង​វិនិយោគ​ធនធាន​និង​ថាមពល​ឱ្យបាន​គ្រប់គ្រាន់​លើ​វា​៕ ដោយ៖ កញ្ញាដាលីស