ចិន​ហាម​ការ​នាំចូល​ជ្រូក​ពី​កូរ៉េខាងត្បូង ដោយ​ការភ័យខ្លាច​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​

247
ចែករម្លែក

​ចិន​បាន​ហាម​ការនាំ​ចូល​ជ្រូក​ពី​ប្រទេស​កូរ៉េខាងត្បូង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ក្លាយជា​ប្រទេស​ចុងក្រោយ​បំផុត​ដែល​ត្រូវបាន​រាយការណ៍​ថា​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​នេះ ដែល​បាន​សម្លាប់​ជ្រូក​ជាច្រើន​និង​ជំរុញ​ឱ្យ​តម្លៃ​សាច់ជ្រូក​ឡើងថ្លៃ នៅ​ទូទាំង​ពិភពលោក​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ដោយ​បង្កើន​ការ​ខំប្រឹងប្រែង​ដើម្បី​អាច​គ្រប់គ្រង​បានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ដោយ​បាន​សម្លាប់​ជ្រូក​មាន​​ជំងឺ​ចោល​ចំនួន​១,១​លាន​ក្បាល​។​

​រដ្ឋបាល​គយ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​នឹង​ពង្រឹង​ការត្រួតពិនិត្យ​ដាច់​ដោយឡែក​រវាង​ការដឹកជញ្ជូន​សត្វ​ជ្រូក​និង​អីវ៉ាន់​អ្នកដំណើរ​ពី​ប្រទេស​កូរ៉េខាងត្បូង​​ហើយ​ជ្រូក​ដែល​នាំចូល​ខុស​ច្បាប់​នឹង​ត្រូវ​បំផ្លាញចោល​។​

​ក្នុង​សប្តាហ៍​នេះ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​អំពី​ករណី​ដំបូង​នៃ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​នេះ​នៅ​ទីក្រុង​Paju ដែល​នៅ​ជិត​ព្រំដែន​អន្តរ​កូរ៉េ ហើយ​លោក Kim Hyun-soo ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កូរ៉េខាងត្បូង​បាន​និយាយ​ថា​ជ្រូក​ចំនួន ៣.៩៥០ ក្បាល​មក​ពី​កសិដ្ឋាន​ចំនួន​៣ នឹង​ត្រូវបាន​សម្លាប់​ចោល​។​

​កាលពី​ខែ​មិថុនា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា​ជំងឺ​នេះ​ទំនងជា​ឆ្លង​ចូល​ប្រទេស​នេះ​ពី​ប្រទេស​កូរ៉េ​ខាងជើង​ហើយ​បាន​បញ្ជា​ឱ្យ​ធ្វើ​របង​ការពារ​នៅ​តាម​កសិដ្ឋាន​​នៅតាម​ព្រំដែន​ដើម្បី​ការពារ​ការប៉ះពាល់​បង្ក​ឆ្លង​ជំងឺ​នេះ​រវាង​ជ្រូកស្រុក​និង​ជ្រូកព្រៃ​។​

​ការ​ផ្ទុះ​ឡើង​ជំងឺ​នេះ​បាន​កើតឡើង​គឺ​៣​ខែ​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​ប្រាប់​អង្គការ​សុខភាព​សត្វ​ពិភពលោក​ថា ជ្រូក​រាប់សិប​ក្បាល​បាន​ងាប់​ដោយសារ​ជំងឺ​នេះ​នៅ​ឯ​​កសិដ្ឋាន​មួយ​នៅក្បែរ​ព្រំដែន​ចិន​។​នេះ​បើ​យោង​តាម​ក្រសួង​កសិកម្ម​កូរ៉េខាងត្បូង​៕​ដោយ​៖​សុខា​/sn

តម្លៃ​សាច់ជ្រូក​ឡើងថ្លៃ​៥០​ភាគរយ​កាលពី​ឆ្នាំ​មុខ​នៅ​ចិន​ហើយ​អង្គការសហប្រជាជាតិ​ថា​ជ្រូក​ជិត​៥​លាន​ក្បាល​បាន​ងាប់​ឬ​សម្លាប់ចោល​នៅ​អាស៊ី ដោយសា​ជំងឺ​នេះ