ចិន​ហៅ​ការ​ប្រជែង​ណាមួយ​អំពី​តៃវ៉ាន់ ជា​គ្រោះថ្នាក់​ខ្លាំង​បំផុត​

965
ចែករម្លែក

រដ្ឋមន្រ្តីការពារជាតិចិន បានព្រមានថាកិច្ចខិតខំណាមួយដើម្បីប្រជែងអំណាចរបស់ចិនលើបញ្ហាតៃវ៉ាន់ ជា«មហាគ្រោះថ្នាក់»មួយ បន្ទាប់ពីចំណាត់ការរបស់អាមេរិកកាលពីពេលថ្មីៗដែលបង្ហាញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនព្យាយាមគាំទ្រកោះស្វ័យគ្រប់គ្រងនេះកាន់តែខ្លាំងឡើង។

ឧត្តមសេនីយ៍ វេ ហ្វេងហ្គេ បាននិយាយដូច្នេះនៅពេលចាប់ផ្តើមវេទិកាស្តីពីចម្លើយតបរបស់ចិនចំពោះវេទិកាShangri-la Dialogueដែលត្រួតត្រាដោយលោកខាងលិចនិងធ្វើប្រចាំឆ្នាំនៅសិង្ហបុរី។លោកក៏បានអំពាវនាវដល់មេដឹកនាំអាមេរិកអោយទម្លាក់ចោលអ្វីដែលលោកបាននិយាយថា«គំនិតសង្រ្គាមត្រជាក់»។

ការថ្លែងរបស់លោកកើតឡើងតែប៉ុន្មានថ្ងៃ ក្រោយពីកងទ័ពជើងទឹកអាមេរិកបានបញ្ជូននាវាចម្បាំង២គ្រឿងបើកកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាវាជាទង្វើដូចគ្នាទី២ដើម្បីគាំទ្រតៃវ៉ាន់ចាប់តាំងពីខែកក្កដាមក។

រដ្ឋមន្រ្តីការពារជាតិចិន វេ ហ្វេងហ្គេ បានព្រមានអំពី«មហាគ្រោះថ្នាក់» ចំពោះការប្រជែងនឹងចិនអំពីបញ្ហាបូរណភាពទឹកដី

វេ បាននិយាយថា«តៃវ៉ាន់ជាផលប្រយោជន៍ស្នូលរបស់ចិន។លើបញ្ហានេះ វាគ្រោះថ្នាក់ខ្លាំងណាស់ដែលប្រជែងនឹងខ្សែបន្ទាត់របស់ចិនម្តងហើយម្តងទៀត។បើនរណាម្នាក់ព្យាយាមបំបែកតៃវ៉ាន់ពីចិន យោធាចិននឹងចាត់វិធានការ ទោះត្រូវចំណាយក្នុងតំលៃណាក៏ដោយចុះ»។

សូមបញ្ជាក់ថា តៃវ៉ាន់បានក្លាយជាចំណុចក្តៅជាថ្មីនៅក្នុងទំនាក់ទំនងចិន-អាមេរិកខណៈជម្លោះពាណិជ្ជកម្មរបស់គេរាលចូលដល់ជម្លោះសន្តិសុខ។ចិនបានប្រឆាំងជំទាស់ចំណាត់ការរបស់អាមេរិកនៅក្នុងការជំរុញទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ខណៈផ្ទុះជម្លោះរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលគាំទ្រឯករាជ្យភាពរបស់កោះនេះ។

វេ ដែលបានជួបពិភាក្សាជាមួយសមភាគីអាមេរិកនៅសិង្ហបុរី កាលពីថ្ងៃសុក្រ បាននិយាយថា បណ្តាទីតាំងយោធានៅបណ្តាកោះក្នុងសមុទ្រចិនខាងត្បូង មានភាពចាំបាច់ដើម្បីការពារផលប្រយោជន៍ចិននៅក្នុងសមុទ្រដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ។

លោកសម្តែងការព្រួយបារម្ភបន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីសន្ធិសញ្ញាសម័យសង្រ្គាមត្រជាក់មួយដែលបំបាត់កាំជ្រួចនុយក្លេអ៊ែរចេញពីអឺរ៉ុបដោយសំអាងថារុស្ស៊ីបានរំលោភកិច្ចព្រមព្រៀង។លោកក៏បានថ្កោលទោស រដ្ឋការត្រាំដែលបានចោទប្រកាន់រដ្ឋាភិបាលចិនថាព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក ដោយថាការចោទប្រកាន់នេះធ្វើអោយខូចខាតទំនាក់ទំនង៕ដោយ៖វាសនា