ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃព្រហស្បតិ៍ទី២៩មីនាបានអំពាវនាវអោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទម្លាក់ចោលផែនការយកពន្ធដាក់និងបានព្រមានថាវាអាចបង្កប្រតិកម្មជាស៊េរី និងអាចបង្កជាសង្គ្រាមពាណិជ្ជកម្មពិភពលោក ហើយថារដ្ឋាភិបាលក្រុងប៉េកាំងនឹង«ប្រយុទ្ធដល់ទីបញ្ចប់»។
អ្នកនាំពាក្យលោក ហ្កាវ ហ្វេង មិនបានផ្តល់សេចក្តីលម្អិតថាតើរដ្ឋាភិបាលក្រុងប៉េកាំងនឹងឆ្លើយតបយ៉ាងណានោះទេចំពោះការដំឡើងពន្ធរបស់ប្រធានាធិបតីដូណាល់ ត្រាំ លើទំនិញចិនតំលៃ៦០ពាន់លានដុល្លារក្នុងជម្លោះមួយអំពីគោលនយោបាយបច្ចេកវិទ្យា។តែលោកហ្កាវ បានធ្វើការព្រមានសាជាថ្មីថាចិននឹង«ចាត់វិធានការសមស្របទាំងអស់»ដើម្បីកាពារផលប្រយោជន៍ពាណិជ្ជកម្មរបស់ខ្លួន។
អ្នកនាំពាក្យរូបនេះក៏បាននិយាយថា«ផែនការរបស់ត្រាំជាការរំលោភច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងអាចបង្កប្រតិកម្មជាស៊េរីលើការនាំចូលពីសំណាក់រដ្ឋាភិបាលផ្សេងៗនិងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក។យើងសង្ឃឹមថាអាមេរិកអាចទប់បង្ហៀរសេះរបស់ខ្លួនមុនពេលវាធ្លាក់ជ្រោះ បើមិនដូចយើងនឹងប្រយុទ្ធដល់ទីបញ្ចប់»។
លោកហ្កាវ បានអះអាងទៀតថា រដ្ឋាភិបាលក្រុងប៉េកាំងប្រកាន់ខ្ជាប់ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ទោះជាមានការតវ៉ាពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សហភាពអឺរ៉ុបនិងបណ្តាក្រុមធុរកិច្ចបរទេសថា ចិនរារាំងការចូលក្នុងទីផ្សារនិងខាឃាំងមិនអោយបណ្តាក្រុមហ៊ុនក្នុងស្រុកក្នុងការប្រកួតប្រជែង។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ចិនបានឆ្លើយតបចំពោះការដំឡើងពន្ធរបស់អាមេរិកលើដែកនិងអាលុយមីញ៉ូម ដោយបញ្ចេញមុខទំនិញអាមេរិកតំលៃ៣ពាន់លានដុល្លាររួមមានសាច់ជ្រូកនិងដែកបំពង់សម្រាប់ការវាយពន្ធសងសឹក៕ដោយ៖វាសនា