ចិន​អំពាវនាវ​ឱ្យ​មាន​ការចរចា​បន្ទាប់​ពី​ជំនួប​ចរចា​កូរ៉េខាងជើង​-​អាម៉េរិក​បរាជ័យ​

165
ចែករម្លែក

​ជាថ្មី​ម្តងទៀត ចិន​អំពាវនាវ​ឱ្យមាន​ជំនួប​ចរចា​និង​ការពិគ្រោះ​យោបល់​ផ្នែក​នយោបាយ​ដោយ​សង្កត់ធ្ងន់ថា​វា​គឺជា​ដំណោះស្រាយ​ដែល​អាច​ធ្វើបាន​តែ​មួយគត់​ចំពោះ​​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​បន្ទាប់ពី​កិច្ច​ចរចា​នុយក្លេអ៊ែរ​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋ​អាម៉េរិក​បាន​បរាជ័យ​នៅ​ប្រទេស​ស៊ុយអែត​កាលពី​ថ្ងៃ​សៅរ៍​។​

​លោក​ហ្គេង សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ធ្វើ​ការអំពាវនាវ​នេះ​នៅ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​អង្គារ​។​

​ដោយបាន​អំពាវនាវ​ដល់​ភាគី​ទាំង​២​ឱ្យធ្វើ​ជំនួប​ចរចា​ជាថ្មី​នោះ​លោក​ហ្គេង សួង បាន​និយាយថា​ចិន​សង្ឃឹម​ថា​កូរ៉េ​ខាងជើង​និង​សហរដ្ឋ​អាម៉េរិក​រក្សា​ការប្រាស្រ័យ​ទាក់ទង​​និង​រក្សា​ការប្តេជ្ញាចិត្ត​ក្នុង​ការជំរុញ​ឱ្យ​មានកា​រ​ចរចា​ជាថ្មី​អំពី​កា​រំលាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​នេះ​។ ចិន​សង្ឃឹម​ថា​គ្រប់​ភាគី​ទាំងអស់​ចូលរួម​ការពារ​សន្តិភាព​និង​ស្ថិរភាព​​នៅក្នុង​តំបន់​និង​កាត់បន្ថយ​ភាព​តានតឹង​តាមរយៈ​ការចរចា​។

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​កាំ​ជ្រួច​Pukguksong-3 ចេញ​ពី​ក្រោម​ទឹកសមុទ្រ​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ចិន​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​បន្ត​ដើរតួនាទី​ស្ថាបនា​លើ​បញ្ហា​ទាំងនេះ​។​

​ការ​ថ្លែង​កត់សម្គាល់​នេះ​ធ្វើឡើង​បន្ទាប់​ពី​អ្នកចរចា​កំពូល​កូរ៉េខាងជើង​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ប្រទេស​នេះ​(​កូរ៉េខាងជើង​)​គ្មាន​បំណង​ចង់​បន្ត​ការចរចា​នុយក្លេអ៊ែរ​ទេ​​ដរាបណា សហរដ្ឋ​អាម៉េរិក​មិន​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​ដក​គោលនយោបាយ​អរិភាពរ​បស់​ខ្លួន​ចេញ​នោះ​៕​ដោយ​៖​សុខា​/sn

កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​Pukguksong-3 ចេញ​ពី​ក្រោម​ទឹក​