ចិន​អំពាវ​នា​អោយ​អាមេរិក​«​បញ្ឈប់​និង​ដកខ្លួន​»​ចេញពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​គ្រោះថ្នាក់​

946
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ថ្កោលទោស​ការសំរេចចិត្តរ​បស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុងការ​កំណត់​ពន្ធ​ដាក់​ពិន័យ​​តំលៃ​រាប់ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ចិន​ដោយ​ចោទប្រកាន់​ប្រធានាធិបតី​រូបនេះ​ថា​កំពុង​ដាក់​ប្រទេស​ទាំងពីរ​លើផ្លូវ​ឆ្ពោះទៅកាន់​សង្គ្រាម​​ពាណិជ្ជកម្ម​មួយ​។​

​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​បើ​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ង្ក​ឡើង​ដោយ​អាមេរិក ចិន​​នឹង​ប្រយុទ្ធ​ដល់ទី​បញ្ចប់​ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់ខ្លួន​ជាមួយនឹង​វិធានការ​ចាំបាច់​ទាំងអស់​។​យើង​ទទូច​អោយ​អាមេរិក​​បញ្ឈប់​និង​ដកខ្លួន​ថយ​។​ការធ្វើអោយ​គ្រោះថ្នាក់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិន​-​អាមេរិក​នៅ​ទីបំផុត​នឹង​បញ្ចប់​ត្រឹម​ធ្វើអោយ​ឈឺចាប់​ខ្លួន​​ឯង​»​។​

​នៅក្នុង​ចំណាត់ការ​ចុង​ក្រោយនេះ​ក្នុងចំណោម​វិធានការ​ដ៏​គឃ្លើន​ជា​ស៊េរី ដោយ​ភាគច្រើន​សំដៅលើ​ចិន លោក​ត្រាំ​បាន​បញ្ជា​អោយ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ការ​នាំចូល​តំលៃ​៦០.០០០​លាន​ដុល្លារ​មកពី​ចិន​ដើម្បី​អ្វីដែល​អាមេរិក​និយាយថា​ជាការ​សងសឹក​«​ចោរកម្ម​»​លើ​ទ្រព្យ​កម្មសិទ្ធិ​​បញ្ញា​របស់​អាមេរិក​។​

​ស្ថានទូត​ក៏បាន​និយាយថា ចិន​បានបង្ហាញ​ភាពស្មោះត្រង់​ក្នុង​ការលើក​ហេតុផល​សមរម្យ​និង​បាន​ខិតខំ​ខ្លាំងណាស់​ដើម្បី​ដោះស្រាយ​អ​តុល្យ​​ភាព​ពាណិជ្ជកម្ម​សព្វថ្ងៃ​ជាមួយ​អាមេរិក​។​

​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន​៣៣៧.២០០​លាន​ដុល្លារ​ជាមួយ​ចិន​កាលពី​ឆ្នាំមុន ហើយ​លោក​ត្រាំ​ទាមទារ​អោយ​បន្ថយ​មក​នៅ​​ត្រឹម​១០០.០០០​លាន​ដុល្លារ​៕​ដោយ​៖​វាសនា