ចិន​៖ បើ​ការដាក់ទោស​បទឧក្រិដ្ឋ​ថ្នាំញៀន​ជា​រឿង​អមនុស្សធម៌​និង​មិន​ត្រឹមត្រូវ គឺ​មនុស្សធម៌​និង​ភាពត្រឹមត្រូវ​របស់​ពួកគេ​ដែល​សម្លាប់​មនុស្ស​

638
ចែករម្លែក

​ក្រសួងការបរទេស​អា​មេ​រិ​ក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ទាក់ទង​នឹង​ការកាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​ម្នាក់ ដោយ​អ្នកនាំពាក្យ​រង​បាន​និយាយ​កាលពី​​ថ្ងៃ​ពុធ​ទី​១៦​មករា​ថា លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេ​វ និង​សម​ភាគី​កាណាដា គ្រី​សទៀ ហ្វ្រី​លែ​ន​បាន​«​សម្តែង​ការព្រួយបារម្ភ​របស់​ពួកលោក​អំពី​ការឃុំ​​ខ្លួន​តាម​អំពើ​ចិត្ត​និង​ការកាត់ទោស​ដោយហេតុ​ផល​នយោបាយ​លើ​ជនជាតិ​កាណាដា​»​ពី​អាជ្ញាធរ​ចិន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​តុលាការ​ចិន​មួយ​បាន​កាត់ទោស​ប្រហារជីវិត​បុរស​កាណាដា ឈ្មោះ រ៉ូ​ប៊ឺ​ត សេ​ឡេ​ន​ប៊ឺ​ក​ក្នុងការ​កាត់ទោស​ឡើងវិញ​ចំពោះ​ការ​រ​ណី​ជួញ​​ដូរ​ថ្នាំញៀន​ជាង​២០០​គីឡូក្រាម​។​

​ទាំង​លោក​ហ្វ្រី​លែ​ន និង​នាយករដ្ឋមន្ត្រី ចា​ស្ទី​ន ទ្រុយ​ដូ បាន​និយាយ​ទៅកាន់​បណ្តា​មេដឹកនាំ​ពិភពលោក​អំពី​ករណី​លោក​សេន​ឡេ​ន​ប៊ឺ​ក​នេះ​និង​ករណី​របស់​ជនជាតិ​កា​​ណា​ពីររូប​ទៀត​ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​ចិន ដែល​ទំនង​ជាការ​សងសឹក​ចំពោះ​ការដែល​កាណាដា​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​កំពូល​​ហួរ​វេ តាម​សំណើ​របស់​អាមេរិក​។​

​ទោះ​ជាមាន​ការសុំ​អង្វរ​ពី​នាយករដ្ឋមន្ត្រី​កាណាដា​និង​ការសម្តែង​ការព្រួយបារម្ភ​ពី​អាមេរិក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហាក់​មិនសូវ​ចាប់អារម្មណ៍​នឹង​ប្រតិកម្ម​ពី​បរទេស​ទេ​​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួរ ជុន​យី​ង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​« ខ្ញុំ​អាច​បញ្ជាក់​ច្បាស់​ថា យើង​ពិតជា​មិន​ខ្វល់​អំពី​ការរិះគន់​ពី​អន្តរជាតិ​»​។​

​លោកស្រី​ក៏បាន​សម្តែង​ការភ្ញាក់ផ្អើល​ដែល ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលី ធ្វើការ​រិះគន់​រឿង​ការកាត់ទោស​របស់​តុលាការ​ចិន​នេះ ដោយ​លោកស្រី​ចង្អុល​​បង្ហាញថា គឺ​បុរស​ឈ្មោះ​សេ​ឡេ​ន​ប៊ឺ​ក​នេះ​ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​លួច​នាំ​ថ្នាំញៀន​ទៅ​អូស្ត្រាលី​។​

​លោកស្រី​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា​«​ខ្ញុំ​គិតថា កាណាដា​មាន​សម្ពន្ធមិត្ត​តិចតួច​ណាស់​លើ​បញ្ហា​នេះ និង​ពួកគេ​ប្រាកដជា​មិនអាច​តំណាង​មតិ​របស់​សហគមន៍​​អន្តរជាតិ​ទាំងមូល​បានទេ​។​ខ្ញុំ​ហាក់ដូច​ជាមាន​អារម្មណ៍​ថា សហគមន៍​អន្តរជាតិ​បាន​ឈានដល់​ការស្រុះស្រួល​មតិ​គ្នា​មួយ​ថា បទឧក្រិដ្ឋ​ដ៏​គ្រោះថ្នាក់​ដូចជា​ការជួញដូរ​ថ្នាំ​​ញៀន​ត្រូវតែ​ដាក់ទោស​ម៉ឺងម៉ាត់​»​។​

​លោកស្រី​បាន​បន្ថែមថា​« បើ​ការពិត​ដែលថា សេ​ឡេ​ន​ប៊ឺ​ក​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយសារតែ​ជួញដូរ​ថ្នាំញៀន​២២២​គីឡូក្រាម វា​អមនុស្សធម៌​និង​មិន​ត្រឹមត្រូវ​​នោះ​គឺ​ភាព​មនុស្សធម៌​និង​ត្រឹមត្រូវ​(​របស់​ពួកគេ​)​អនុញ្ញាតអោយ​មនុស្ស​កា​ន់​តែ​ច្រើន​ស្លាប់​ដោយ​ថ្នាំញៀន​ទាំងនេះ​។​…​ប្រជាជន​ចិន​នៅតែ​ចងចាំ​គ្រោះថ្នាក់​នៃ​ថ្នាំញៀន​​កាលពី​ទសវត្សរ៍​១៨៤០ ពេល​ចាប់ផ្តើម​នៃ​សង្គ្រាម​អាភៀន​រវាង​ចិន​និង​ចក្រភព​អង់គ្លេស​។​ចិន​នឹងមិន​អនុញ្ញាតអោយ​ពួក​ឈ្មួញ​ថ្នាំញៀន​មកពី​ប្រទេស​ណាមួយ​ធ្វើអោយ​​ប៉ះពាល់​សុខភាព​និង​ជីវិត​ប្រជាជន​ចិន​សាជាថ្មី​ឡើយ​»​។​

​លោកស្រី​ក៏បាន​បញ្ជាក់ថា ចិន​នឹង​ដោះស្រាយ​ករណី​ដូច្នេះ​តាមច្បាប់​របស់​ប្រទេស រីឯ​ការរិះគន់​មកពី​ក្រៅ​មិន​ពាក់ព័ន្ធ​ទេ​។​«​បើ​សេ​ឡេ​ន​ប៊ឺ​ក​លួច​នាំ​ថ្នាំញៀន​ទៅ​កាណាដា​​ចិន​នឹងមិន​ខ្វល់​ថា​កា​ណា​ចាត់ការ​យ៉ាងណាទេ តែ​ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅ​ចិន ដូច្នេះ​វា​ត្រូវតែ​ដោះស្រាយ​ទៅតាម​ច្បាប់​ចិន​»៕​ដោយ​៖​វាសនា​

បុរស​កាណាដា រ៉ូ​ប៊ឺ​ត លយ សេ​ឡេ​ន​ប៊ឺ​ក ក្នុង​សវនាការ​របស់​តុលាការ​ចិន​នៅ​ក្រុង​ដា​លៀន នៃ​ខេត្ត​ឡាវ​នី​ញ កាលពី​ថ្ងៃ​ចន្ទ​

ហួរ ជុន​យី​ង​៖ ចិន​មិន​ខ្វល់​អំពី​ការជំទាស់​មកពី​ក្រៅ​ទេ​។​ខ្ញុំ​ជឿថា បទឧក្រិដ្ឋ​ថ្នាំញៀន​ដូច្នេះ សហគមន៍​អន្តរជាតិ​ច្បាស់​ជា​យល់ថា​ត្រូវតែ​ដាក់ទោស​ធ្ងន់ធ្ងរ​