ចិន​៖ បើ​iPhone​របស់​ត្រាំ​អន់​ពេក​អោយគេ​ហែក​បាន គួរប្រើ​Huawei​វិញ​ទៅ​!

940
ចែករម្លែក
  • 493
    Shares

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួរ ជុនយីង បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី២៥តុលាថា ចិនសូមច្រានចោលការចោទប្រកាន់ថាខ្លួនតាមដានការសន្ទនាក្នុងទូរស័ព្ទiPhoneផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងថារបាយការណ៍ក្នុងកាសែតNew York Times គឺជាភស្តុតាងនៃការបង្កើត«ព័ត៌មានក្លែងក្លាយ»មួយបន្ថែមទៀត។

លោកស្រីហួរ បានប្រាប់អ្នកយកព័ត៌មានថា« បើភាគីអាមេរិកព្រួយបារម្ភខ្លាចក្រែងទូរស័ព្ទiPhone របស់ត្រាំត្រូវបានគេលួចចូលស្តាប់ឬតាមដាន ត្រាំអាចប្រើទូរស័ព្ទចល័តរបស់ក្រុមហ៊ុនHuawei វិញទៅ»។

ចិនបានចំអកបែបលេងសើចថា លោកដូណាល់ ត្រាំ គួរដូរ iPhone របស់Appleមកប្រើទូរស័ព្ទចិនវិញ នៅពេលខ្លួនបដិសេធរបាយការណ៍មួយដែលថា ចិនលួចចូលតាមដានមើលការហៅទូរស័ព្ទផ្ទាល់ខ្លួនរបស់ត្រាំ(ហែក) តែលោកត្រាំក៏បានច្រានចោលរបាយការណ៍ដូច្នេះ។

របាយការណ៍ក្នុងកាសែតNew York Timesបាននិយាយថា ចិននិងរុស្ស៊ី បានចូលលបលួចស្តាប់ការសន្ទនាក្នុងទូរស័ព្ទ iPhone ផ្ទាល់របស់ត្រាំ ដើម្បីព្យាយាមទទួលបានព័ត៌មានអំពីគំនិតរបស់លោក។

ក្នុងការសរសេរសារបង្ហោះមួយ លោកត្រាំនិយាយថា លោកនៅតែប្រើទូរស័ព្ទដែលរដ្ឋអនុញ្ញាតអោយប្រើ។

ក្នុងការឆ្លើយតននឹងរបាយការណ៍កាសែតនេះ អ្នកនាំពាក្យហួរ ជុនយីង បាននិយាយថា«អានរបាយការណ៍នេះ ខ្ញុំហាក់យល់ថាសព្វថ្ងៃនៅអាមេរិកពិតជាមានមនុស្សខ្លះដែលខិតខំខ្លាំងណាស់ដើម្បីទទួលពានរង្វាន់អូស្កាខាងនិពន្ធរឿង។បើពួកគេពិតជាព្រួយបារម្ភអំពីអំពីទូរស័ព្ទរបស់Apple នោះពួកគេអាចដូរមកប្រើHuawei។បើគេនៅតែមិនស្រណុកចិត្ត នោះឈប់ប្រើឧបករណ៍ទូរគមនាគមន៍ទំនើបគ្រប់ប្រភេទទាំងអស់ និងកាត់ផ្តាច់ការទាក់ទងទាំងអស់ជាមួយពិភពលោកខាងក្រៅ»តែម្តងទៅ។

រុស្ស៊ីក៏បានបដិសេធការចោទប្រកាន់ខាងលើ ដោយអ្នកនាំពាក្យប្រធានាធិបតីលោកឌីមីទ្រី ប៉េសកូវ បាននិយាយថា« យើងបានចាត់ទុករឿងប្រភេទនេះជារឿងគួរអោយអស់សំណើច»៕ដោយ៖វាសនា

#