ចិន​៖ «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​»​មិន​ជា​អន្ទាក់​បំណុល តែ​បាន​ជួយ​ដៃគូ​អោយ​រីកចំរើន​លឿន​

414
ចែករម្លែក
  • 24
    Shares

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាថ្មីទៀត បាន​ច្រានចោល​ការអះអាង​ដែលថា គំនិត​ខ្សែក្រវាត់​និង​ផ្លូវ​(BRI)​របស់​ខ្លួន​ជា​ទំរង់​មួយ​នៃ​កិច្ចការ​ទូត​អន្ទាក់​បំណុល ឬ​ជា​ឧបករណ៍​ភូមិសាស្ត្រ​​នយោបាយ​មួយ​សំរាប់​ពង្រីក​ឥទ្ធិពល​របស់​ចិន ដោយ​ចិន​បានចង្អុលបង្ហាញ​ថា បណ្តា​ប្រទេស​ដែល​បាន​ចូលរួម​មាន​ការអភិវឌ្ឍ​ក្នុង​ល្បឿន​លឿន និង​ទទួលបាន​ផល​ជាក់ស្តែង​។​

​ចម្លើយ​តប​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ​គត់​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​ព្រមាន​ហ្វីលីពីន អោយ​ប្រយ័ត្ន​ក្លាយខ្លួន​ជា​អ្នក​ជាប់បំណុល​ចិន​។​

​រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី កាលពី​ថ្ងៃ​សុក្រ​ទី​៨​មីនា បាន​ប្រឆាំង​នឹង​ការ​យល់​ឃើញ​ដូច្នេះ ដោយ​លោក​បាន​ចង្អុលបង្ហាញ​អំពី​គំរោង​ហេដ្ឋារចនាសម្ពន្ធ​នានា​នៅក្នុង​​ប្រទេស​ជា​សមាជិក​BRI រួម​មាន​ផ្លូវ​យានយន្ត​ដំបូង​នៅ​អាហ្វ្រិក ផ្លូវ​រថភ្លើង​ក្រោម​ភ្នំ​នៅ​កា​ហ្សាក់​ស្ថាន និង​ការងារ​កំពុង​បន្ត​ដើម្បី​ស្ថាបនា​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន​នៅ​​អាស៊ីអាគ្នេយ៍​។

រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី និយាយ​នៅ​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​៨​មីនា​

​លោក​វ៉ាង បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ថា «​ការពិត​ដូចនេះ គឺជា​ភស្តុ​ង​តាង​បង្ហាញថា BRI​មិន​ជា​អន្ទាក់​បំណុល ដែល​ប្រទេស​នានា​នឹង​ប្រឈម​ឡើយ តែ​ជា​ដុំ​នំ​សេដ្ឋ​​កិច្ច​មួយ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​មូលដ្ឋាន​។​វា​មិន​ជា​ឧបករណ៍​ភូមិសាស្ត្រ​នយោបាយ​អី​ទេ តែ​ជា​មហា​ឱកាស​មួយ​សំរាប់​ការអភិវឌ្ឍ​រួម​គ្នា​»​។​

​កាលពី​ថ្ងៃ​៧​មីនា ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រុង​ម៉ានីល លោក​បណ្ឌិត​មហា​ធៀ បាន​ព្រមាន​ហ្វីលីពីន អំពី​មូលនិធិ​អន្ទាក់​មក​ពី​ចិន​សំរាប់​ការសាងសង់​ហេដ្ឋារចនាសម្ពន្ធ​រប​ស់​ខ្លួន​។​​លោក​បាន​និយាយ​ដូច្នេះ​ថា​«​បើ​អ្នក​ខ្ចី​លុយ​ចិន​សន្ធឹកសន្ធាប់​និង​អ្នក​មិន​អាច​សង អ្នក​ត្រូវ​ដឹងថា​នៅ​ពេល​អ្នក​ខ្ចី​ស្ថិត​នៅក្រោម​ការត្រួតត្រារ​បស់​ម្ចាស់បំណុល​វា​យ៉ាងម៉េច​។​ដូច្នេះ​​យើង​ត្រូវ​មាន​ការប្រយ័ត្នប្រយែង​អំពី​រឿង​នេះ​»​។​

​ប្រទេស​ចំនួន​១២៣​និង​អង្គការ​២៩ បាន​ចុះហត្ថលេខា​ចូលរួម​BRI​ចាប់តាំងពី​វា​ត្រូវ​បាន​ស្នើ​ឡើង​កាលពី​៦​ឆ្នាំមុន នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​វ៉ាង​។​

​ត្រូវ​ជំរុញ​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង BRI​មានបំណង​ផ្សារភ្ជាប់​ចិន​ទៅកាន់​អឺរ៉ុប អាហ្វ្រិក​និង​ផ្នែក​ដទៃ​ទៀត​នៃ​ទ្វីប​អាស៊ី តាមរយៈ​ស្ថាបនា​បណ្តាញ​កំពង់ផែ ផ្លូវថ្នល់ ផ្លូវ​​ដែក​និង​មជ្ឈមណ្ឌល​ឧស្សាហកម្ម ដោយ​ធ្វើអោយ​មាន​ជីវិត​ឡើងវិញ​ផ្លូវ​ពាណិជ្ជកម្ម​ផ្លូវគោក​និង​សមុទ្រ​ពី​បុរាណ​។​

​តែ​វា​ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ខ្លះ ជាពិសេស​ក្រុមប្រឆាំង​ចិន​ចាត់ទុកជា​កិច្ចការ​ទូត​អន្ទាក់​បំណុល នៅពេល​គំរោង​ហេដ្ឋារចនាសម្ពន្ធ​ធំៗ​ផ្តល់​ដោយ​ចិន ធ្វើអោយ​ប្រទេស​ជា​ដៃគូ​ជាប់​​បំណុល​ហើយ​ទន់​ទោ​ទៅរក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​ពួក​អ្នក​រិះគន់​ចង្អុល​ទៅរក​កំពង់ផែ​Hambantota នៅ​ស្រ៊ី​លង្ការ​ដែល​បាន​ចាប់ផ្តើម​វិនិយោគ​រួម​គ្នា​នៅ​ឆ្នាំ​២០០៨​។​តែ​ស្រ៊ី​​លង្ការ​មិន​អាច​សងបំណុល​ហើយក៏​បង្ខំចិត្ត​ប្រគល់​វា​អោយ​ចិន​គ្រប់គ្រង​៩៩​ឆ្នាំ​តែ​ម្តង​៕​ដោយ​៖វាសនា​