ចិន​-​រុស្ស៊ី ថ្កោលទោស​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​វេ​ណេ​ស៊ុយ​អេ​ឡា ខណៈ​អាមេរិក​បញ្ជា​អោយ​ដក​បុគ្គលិក​ទូត​មិន​សំខាន់​ចេញ​

390
ចែករម្លែក

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​២៤​មករា​បាន​បញ្ជា​អោយ​បុគ្គលិក​ទូត​មិន​សំខាន់​ចាកចេញ​ពី​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា តែ​បដិសេធ​មិន​ធ្វើតាម​បទបញ្ជា​បណ្តេញ​​អ្នកការទូត​អាមេរិក របស់​ប្រធានាធិបតី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា​លោក​លែង​ជា​ប្រធានាធិបតី​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយថា​« ក្រសួង​បញ្ជា​អោយ​បុគ្គលិក​ទូត​មិនចាំបាច់​និង​សមាជិកគ្រួសារ​របស់គេ​ចាកចេញ ដោយសារតែ​សភាពការណ៍​​សន្តិសុខ​បច្ចុប្បន្ន​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​។​យើង​មិនមាន​ផែន​ការបិទ​ស្ថានទូត​ទេ​។​អាមេរិក​នឹង​នៅតែ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​វេ​ណេ​ស៊ុយ​អេ​ឡា​តាមរយៈ​រដ្ឋាភិបាល​​របស់​ប្រធានាធិបតី​បណ្តោះអាសន្ន ក្វា​យ​ដូ ដែល​បាន​សុំ​យើង​អោយ​បន្ត​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​»​។​

​ចំពេល​មានការ​ប៉ះទង្គិច​គ្នា​នៅក្នុង​ប្រទេស​រួបរឹត​ដោយ​វិបត្តិ​នេះ ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏បាន​និយាយថា​ពលរដ្ឋ​អាមេរិក​”​គួរ​ពិចារណា​ចាកចេញ​ពី​វេ​ណេ​ស៊ុយ​អេ​​ឡា​”​។​

​ប្រធានាធិបតី​ម៉ា​ដូ​រ៉ូ កាលពី​ថ្ងៃ​ពុធ​បាន​ទុកពេល​អោយ​អ្នកការទូត​អាមេរិក​៧២​ម៉ោង​ដើម្បី​ចាក​ចេញពី​ប្រទេស​ក្រោយពី​លោក​ប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អា​​មេ​រិ​ក បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ប្រកាស​គាំទ្រ​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា ក្នុងការ​ដណ្តើម​អំណាច​ពី​លោក​លោក​។​

ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​របស់លោក​ម៉ា​ឌូ​រ៉ូ ពន្យុះ​ដោយ​បរទេស​និង​ការបង្ក្រាប​កើតមាន​នៅ​ទូទាំងប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​

​ចំពេល​វេ​ណេ​ស៊ុយ​អេ​ឡា ជួប​ការដណ្តើម​អំណាច​គ្នា អ្នកដើរតួ​ក្នុង​តំបន់​និង​ពិភពលោក​ជាច្រើន​បាន​ចេញមក​គាំទ្រ​ម្ខាងៗ​។​ប្រទេស​ក្នុង​តំបន់​រួមមាន​ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី​,​ប៉េ​រូ ,​ឈី​លី​,​អា​ហ្ស​ង់​ទីន​, ក្វា​តេ​ម៉ា​ឡា​, ហុង​ឌុយ​រ៉ា​ស​, ប៉ា​ណា​ម៉ា​និង​ប៉ា​រ៉ា​ហ្កា​យ គាំទ្រ​ប្រធានាធិបតី​ប្រកាស​ដោយ​ខ្លួនឯង ហ្ស័​ន ក្វា​យ​ដូ ដូច​អាមេរិក​និង​សម្ពន្ធមិត្ត រួមមាន​អង់គ្លេស កាណាដា បារាំង​ដែរ​។​គុយបា​និង​ម៉ិ​ក​ស៊ិ​ច ទោះជា​យ៉ាងណា គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ ។​

​ក្នុងពេល​ជាមួយគ្នា មហាអំណាច​រុស្ស៊ី​និង​ចិន គាំទ្រ​ប្រធានាធិបតី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ និង​ថ្កោលទោស​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​។​

​ប្រធានាធិបតី​រុស្ស៊ី​បាន​ទូរស័ព្ទ​ទៅ​លោក​ម៉ា​ឌូ​រ៉ូ​និង​សម្តែង​ការគាំទ្រ​ចំពោះ​សិទ្ធិអំណាច​ស្របច្បាប់​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​ក្នុង​បរិបទ​នៃ​វិបត្តិ​ន​យោ​​បាយ​ដែល​បង្កឡើង​ដោយ​អ្នក​ខាងក្រៅ​។​ប្រធានាធិបតី ពូ​ទីន បាន​និយាយថា​«​ការជ្រៀតជ្រែក​ណាមួយ​ដោយ​ប្រទេស​ផ្សេង រំលោភ​បទដ្ឋាន​គ្រឹះ​នៃ​ច្បាប់​អន្តរជាតិ​»​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​ព្រមាន​ថា ការគាំទ្រ​មេដឹកនាំ​ប្រឆាំង​អោយ​ដណ្តើម​អំណាច​ពី​ប្រធានាធិបតី​ស្របច្បាប់ ជា​«​ផ្លូវ​ផ្ទាល់​នាំទៅរក​ភាព​គ្មាន​ច្បាប់ទម្លាប់​និង​ការ​​បង្ហូរឈាម​»​។​

​ចំណែក ចិន​ដែលជា​ម្ចាស់បំណុល​ដ៏​ធំ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា ប្រឆាំង​ការជ្រៀតជ្រែក​ក្នុង​កិច្ចការ​វេ​ណេ​ស៊ុយ​អេ​ឡា​ដោយ​កម្លាំង​ពី​ក្រៅ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​​ការបរទេស​ចិន ហួ ជុន​យី​ង​។​លោកស្រី បាន​អំពាវនាវ​អោយ​មានការ​ស្ងប់ស្ងាត់ រង់ចាំ​ដំណោះស្រាយ​នយោបាយ​មួយ​ចំពោះ​បញ្ហា​វេ​ណេ​ស៊ុយ​អេ​ឡា​តាម​ការចរចា​ដោយ​​សន្តិវិធី​ក្នុង​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ​វេ​ណេ​ស៊ុយ​អេ​ឡា​»​។​

​រីឯ​ប្រធានាធិបតី​តួ​ក​គី បាន​និយាយថា លោក​ភ្ញាក់ផ្អើល​ណាស់​ចំពោះ​ការសំរេច​របស់​ប្រធានាធិបតី​អាមេរិក​ក្នុងការ​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​វេ​ណេ​​ស៊ុយ​អេ​ឡា​។​ថ្លែង​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ លោក​បាន​សម្តែង​ការគាំទ្រ​ឡើងវិញ​ចំពោះ​លោក​ម៉ា​ឌូ​រ៉ូ​។​

​ចំពោះ​វិបត្តិ​នេះ ប្រមុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​អោយ​បញ្ចៀស​ការធ្វើអោយ​សភាព​ការណ៍​កាន់តែ​អាក្រក់ ដែល​នាំ​ដល់​ជម្លោះ​ដែល​នឹង​ជា​មហន្តរាយ​ចំពោះ​​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​និង​តំបន់​។​សហភាព​អឺរ៉ុប​បាន​ប្រតិកម្ម​បែប​ប្រយ័ត្នប្រយែង ដោយ​ប្រធាន​ការទូត​អឺរ៉ុប​បាន​និយាយថា​សហភាព​អឺរ៉ុប​គាំទ្រ​«​ការស្តារ​​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​តាមរយៈ​ដំណើរការ​នយោបាយ​ដោយ​សន្តិវិធី ស្របតាម​រដ្ឋធម្មនុញ្ញ​វេ​ណេ​ស៊ុយ​អេ​ឡា​៕ដោយ៖វាសនា