ចិនថាទំនប់​វា​រី​អគ្គិសនី​ដ៏​មហិមា ជ្រោះ​ទាំងបី​មាន​សុវត្ថិភាព

448
ចែករម្លែក

​ក្រុមមន្ត្រី​ចិន បាន​ចេញមុខ​អះអាងថា ទំនប់​ជ្រោះ​បី ឬ Three Gorges Dam ដ៏​ចម្រូងចម្រាស​របស់​ចិន ដែលជា​គម្រោង​វា​រី​អគ្គិសនី​ធំ​បំផុត​ក្នុង​ពិភពលោក​គឺ នៅ​រឹងមាំ​ល្អណាស់ ហើយ​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​លើកឡើង​តាម​បណ្តាញទំនាក់ទំនង​សង្គម​ថា វា​ជិត​បាក់​ធ្លាយ​។
​ ​
​ក្រុម​អ្នកជំនាញ​ខាង​សុវត្ថិភាព​មកពី​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី China Three Gorges Corporation ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន បានលើកឡើង​ក្នុង​គេហទំព័រ​ផ្លូវការ របស់​ក្រុមហ៊ុន​ថា ទំនប់​កាត់​ទន្លេ​យ៉ាង​សេ (Yangtze River) នេះ​បាន​រំកិល​ប៉ុន្មាន​មិ​ល្លីម៉ែត្រ​ដោយសារ​សីតុណ្ហភាព និង​ការប្រែប្រួល​កម្រិត​ទឹក ប៉ុន្តែ​វា​នៅតែមាន​សុវត្ថិភាពល្អ​ដដែល​។
​ ​
​ពួកគេ​បាន​អះអាង​បែបនេះ ដើម្បី​ឆ្លើយ​ប​តប​ទៅនឹង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទ្វី​ត​ទ័​រ ម្នាក់​ដែល​បាន​បង្ហោះ​រូបភាព​ផ្កាយរណប​ពី Google Maps កាលពី​សប្តាហ៍​មុន​ដែល បង្ហាញថា ទំនប់​នេះ​កោង ហើយ​អាច​នឹង​បាក់​ធ្លាយ​គ្រប់ពេល​។ រូបភាព​ទាំងនេះ ត្រូវបាន​បង្ហោះ​ចែករំលែក​តៗ​គ្នា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្នុងស្រុក​បង្កឱ្យមានការព្រួយបារម្ភ​សុវត្ថិភាព​សំណង់​។​
​ ​
​រដ្ឋាភិបាលកណ្ដាល​បាន​និយាយថា បញ្ហា​យល់ច្រឡំ​នេះ​គឺ​បណ្តាលមកពី​រូបភាព​ផ្កាយរណប មិនមែន​មកពី​ទំនប់​ទេ​។

​សាជីវកម្ម​អាកាស​វេហា និង​បច្ចេកវិទ្យា​ចិន (China Aerospace Science and Technology Corporation) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​បញ្ចេញ​រូបភាព​ផ្កាយរណបកម្រិត​ច្បាស់ HD នៃ​ទំនប់​នេះ​តាម​គណនី​បណ្តាញ​សង្គម​វៃ​ប៉ (Weibo) របស់ខ្លួន​ដើម្បី បង្ហាញថា ទំនប់​នេះ​គ្មាន​បញ្ហា​អ្វី​ទាំងអស់​៕ ប្រែ​សម្រួលៈ​ខុម​/Ha