ចិន មិនមែន​ក្រុមហ៊ុន Tesla ទេ ដែល​កំពុង​ជំរុញ​ទៅមុខ​នូវ​បដិវត្តន៍​រថយន្ត​អគ្គិសនី​

1002
ចែករម្លែក

​បដិវត្តន៍​រថយន្ត​អគ្គិសនី​កំពុង​កើតឡើង​ហើយ ប៉ុន្តែ​វា​នឹងមិន​ត្រូវបាន​ជំរុញ​ដោយ​សហរដ្ឋអាមេរិក​ទេ​។ ផ្ទុយទៅវិញ ប្រទេស​ចិន​នឹង​ឈានមុខ​គេ​។​

​ការស្រាវជ្រាវ​របស់លោក​ជែក បា​ខេន​បឺ​ក អ្នកនិពន្ធ​របស់​វេ​ប​សាយ Market Watch ស្តីពី​រថយន្ត​អគ្គិសនី​ឬ EV តាំងពី​ជាង​មួយ​ទសវត្សរ៍​មុន បានធ្វើឱ្យ​គាត់​ជឿជាក់ថា ការផ្លាស់ប្តូរ​សកលលោក​ក្នុង​វិស័យ​រថយន្ត គឺ​ពី​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​ទៅជា​រថយន្ត​អគ្គិសនី នឹង​កើតឡើង​ឆាប់ៗ​នេះ​។ ការផ្លាស់ប្តូរ​នេះ​កំពុង​កើតមាន​រួចទៅហើយ​នៅក្នុង​ប្រទេស​ចិន​ដែលជា​ទីផ្សារ​រថយន្ត​ធំ​បំផុត​នៅលើ​ពិភពលោក ជាមួយ​រថយន្ត​ចំនួន ២៣ លាន​គ្រឿង​ត្រូវបាន​លក់​ក្នុង​ឆ្នាំ ២០១៨​។

​ប្រជាជន​ចិន​ភាគច្រើន​ទិញ​ឡាន​អគ្គិសនី​។ នៅ​ឆ្នាំ ២០១៥ ការលក់​រថយន្ត​អគ្គិសនី​នៅ​ចិន​បាន​កើន​លើស​កម្រិត​នៅ​អាមេរិក​។ ក្នុង​ឆ្នាំ ២០១៨ ការលក់​រថយន្ត​អគ្គិសនី​នៅ​ចិន​បាន​កើនឡើង​ដល់ ១,១ លាន​គ្រឿង គឺ​ច្រើនជាង ៥៥ ភាគរយ នៃ​រថយន្ត​ទាំងអស់​ដែល​បាន​លក់​នៅលើ​ពិភពលោក ហើយ​ច្រើនជាង​បី​ដង​នៃ​ចំនួន​អតិថិជន​ចិន​ដែល​បាន​ទិញ​រថយន្ត​អគ្គិសនី​កាលពី ២ ឆ្នាំមុន​។ ការលក់​រថយន្ត​អគ្គិសនី​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​នោះ គឺមាន​ត្រឹមតែ ៣៥៨.០០០ គ្រឿង​ប៉ុណ្ណោះ​។​

​ធាតុ​សំខាន់​នៃ​តម្លៃ​រថយន្ត​អគ្គិសនី​គឺ​ការចំណាយ​លើ​អាគុយ​របស់​វា ហើយ​ប្រទេស​ចិន​បាន​ផលិត​ជាង​ពាក់កណ្តាល​នៃ​អាគុយ​រថយន្ត​ទូទាំង​ពិភពលោក​។ តម្លៃ​អាគុយ​បន្ត​ធ្លាក់ចុះ ហើយ​ក្រុមអ្នកវិភាគ​ឧស្សាហកម្ម​បានលើកឡើង​ថា ក្នុង​រយៈពេល ៥ ឆ្នាំ​ទៀត វា​នឹងមាន​តម្លៃថោក​ជាង​ក្នុង​ការទិញ​រថយន្ត​អគ្គិសនី​ជាង​រថយន្ត​ប្រើ​សាំង​ឬ​ម៉ា​ស៊ូ​ត​។​

​ការព្យាករណ៍​នានា​ប៉ាន់ប្រមាណ​ថា ប្រទេស​ចិន​នឹង​ផលិត​អាគុយ​រថយន្ត​បាន​រហូតដល់ ៧០​ភាគរយ​នៃ​អាគុយ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ ២០២១ បើទោះបីជា​តម្រូវការ​អា​គុយ​រថយន្ត​នៅពេលនោះ​កើនឡើង​ខ្លាំង​យ៉ាងណាក៏ដោយ​។​

  • ការគាំទ្រ​ដ៏​សម្បើម​ពី​រដ្ឋាភិបាល​

​ប្រទេស​ចិន​មាន​ឧស្សាហកម្ម​រថយន្ត​ថ្មី​ប៉ុន្តែ​ពោរពេញ​ដោយ​មហិច្ឆតា​ខ្លាំងក្លា​។ ចិន​មិនអាច​ប្រៀបធៀប​នឹង​ប្រសិទ្ធិភាព​និង​គុណភាព​នៃ​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ចាស់វស្សា​ខាង​ផលិត​រថយន្ត​ប្រើ​សាំង​ឬ​ម៉ា​ស៊ូ​ត​បានឡើយ ប៉ុន្តែ​រថយន្ត​អគ្គិសនី​គឺមាន​ភាពងាយស្រួល​ក្នុងការ​ផលិត​ជាង ដូច្នេះ​វា​បានផ្តល់​ឱ្យ​ក្រុមហ៊ុន​ចិន​នូវ​ឱកាស​ថ្មី​ដើម្បី​ប្រកួតប្រជែង​។​

​ហេតុ​ដូច្នេះហើយ រដ្ឋាភិបាល​ចិន​បានជ្រើសរើស​យក​រថយន្ត​អគ្គិសនី​ធ្វើជា​ផ្នែក​មួយ​ក្នុងចំណោម​វិស័យ​ពាណិជ្ជកម្ម​ទាំង ១០ ដែលមាន​សារៈសំខាន់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​គោលនយោបាយ “​ផលិត​ក្នុងប្រទេស​ចិន​” ដើម្បី​ជំរុញ​ឧស្សាហកម្ម​បច្ចេកវិជ្ជា​ទំនើប​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល​រួមមាន​ការប្រើប្រាស់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ឧបត្ថម្ភ​ធន​ដល់​ការផលិត​រថយន្ត​អគ្គិសនី​និង​អាគុយ ព្រមទាំង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​និង​អតិថិជន​ឱ្យ​ទិញ​វា​។​

​រដ្ឋាភិបាល​ក៏​ដឹងផង​ដែរ​ថា​រថយន្ត​អគ្គិសនី​អាចជួយ​ដោះស្រាយ​ការបារម្ភ​អំពី​បរិស្ថាន​និង​កង្វះ​ថាមពល​សំខាន់ៗ​របស់​ចិន​។ ការបំពុល​ខ្យល់អាកាស​ទ្រង់ទ្រាយ​ធំ​បាន​គ្របដណ្តប់​ទៅលើ​ទីក្រុង​ធំៗ​របស់​ចិន ក្រុមមន្ត្រី​សន្តិសុខ​ជាតិ​មានការ​ព្រួយបារម្ភ​អំពី​ចំនួន​ប្រេង​ដែល​ប្រទេស​នាំចូល និង​ចិន​ឥឡូវនេះ​ជា​ប្រទេស​ដែល​រួមចំណែក​ច្រើន​បំផុត​ក្នុងការ​បំ​ភាយ​ឧស្ម័ន​ដែល​ធ្វើឱ្យ​ប្រែប្រួល​អាកាសធាតុ​សកលលោក​។​

  • ក្រុមហ៊ុន​ថ្មីៗ​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ជាច្រើន​បាន​បង្កើតឡើង​ដើម្បី​ទទួលបាន​ផល​ប្រាក់ចំណេញ​ពី​ការឧបត្ថម្ភ​ធន​ទាំងនេះ​។ តួឯក​សំខាន់បំផុត​ឥឡូវនេះ គឺ​ក្រុមហ៊ុន BYD ដែល​មានន័យថា “​កសាង​ក្តី​សុបិន​របស់​អ្នក​” ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​សិន​ចិន​។ ជាង​មួយ​ទសវត្សរ៍​មកនេះ មហាសេដ្ឋី​វិនិយោគិន​លោក​វ៉ារិន បា​ហ្វ​ហ្វិ​ត បាន​ទិញ​ភាគហ៊ុន​ប្រហែល​មួយ​ភាគ​បួន​របស់​ក្រុមហ៊ុន​នេះ​ក្នុងតម្លៃ ២៣២ លាន​ដុល្លារ ដែល​ឥឡូវនេះ​វា​មានតម្លៃ​ជាង ១,៥ ពាន់​លាន​ដុល្លារ​។​

​ផែនការ​ដំបូង​របស់​ក្រុមហ៊ុន BYD ក្នុងការ​នាំចេញ​រថយន្ត​ទៅ​សហរដ្ឋអាមេរិក គឺជា​យុទ្ធសាស្ត្រ​ក្មេងខ្ចី និង​មិនបាន​ជោគជ័យ​ទេ​។ ក្រុមហ៊ុន BYD បានចាប់ផ្តើម​ផ្តោត​សំខាន់​ទៅលើ​ទីផ្សារ​រថយន្ត​ក្នុងប្រទេស​ចិន​ក៏ដូចជា​ផលិត​ឡានក្រុង​អគ្គិសនី​សម្រាប់​ទីផ្សារ​សកលលោក ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​ជោគជ័យ​លើ​ទីផ្សារ​រថយន្តក្រុង​។​

​ប្រសិនបើ​ផែនការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន BYD ចុះខ្សោយ ក៏​នៅតែមាន​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​ទ្រោល​ឱ្យ​ផែនការ​នេះ​ឆ្ពោះទៅ​មុខជា​ដរាប​ដែរ​។​

  • ការគាំទ្រ​បន្ថែមទៀត​

​ក្រៅពី​ការឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​ដើម្បី​ធានាថា​ក្រុមហ៊ុន BYD និង​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​មាន​អតិថិជន​ច្រើន បទបញ្ជា​ថ្មីៗ​របស់​រដ្ឋាភិបាល​កំពុង​ចាប់ផ្តើម​អនុវត្ត​។ រដ្ឋាភិបាល​ចិន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងអស់​ដែល​លក់​នៅក្នុង​ប្រទេស​ចិន​មិន​ថា​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ឬ​ក្រុមហ៊ុន​បរទេស ឱ្យ​បង្កើន​ការលក់​រថយន្ត​អគ្គិសនី​ក្នុង​បរិមាណ​មួយ​ជាក់លាក់​តាមរយៈ​រូបមន្ត​ឥណទាន​ដ៏​ស្មុគស្មាញ​។ បទបញ្ជា​ទាំងនោះ​នឹង​កាន់​តែមាន​ភាព​តឹងរ៉ឹង​ជាង​មុន​ក្នុង​រយៈពេល​យូរ​ទៅមុខទៀត ប្រហែលជា​តម្រូវឱ្យ​ក្រុមហ៊ុន​នីមួយៗ​បង្កើន​ការលក់​រថយន្ត​អគ្គិសនី​របស់​ពួកគេ​យ៉ាងតិច ៧ ភាគរយ​នៅត្រឹម​ឆ្នាំ ២០២៥​។​

​ក្រុមហ៊ុន​រថយន្ដ​បរទេស​ធំៗ​មានការ​វិនិយោគ​ធំៗ​នៅ​ប្រទេស​ចិន​ហើយ​មិនអាច​បោះបង់​ទីផ្សារ​នេះ​ចោល​ងាយៗ​ឡើយ​។ ឧទាហរណ៍​ជាក់ស្តែង ក្រុមហ៊ុន Volkswagen ឥឡូវនេះ​លក់​រថយន្ត​អគ្គិសនី​បាន ៤០ ភាគរយ​នៅក្នុង​ប្រទេស​ចិន ដែលជា​ហេតុផល​ចម្បង​មួយ ដែល​ក្រុមហ៊ុន​នេះ​កំពុង​ជំរុញ​យ៉ាង​ខ្លាំងក្លា​ក្នុងការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក​ភាគច្រើន​មិនទាន់​ចូលរួម​នៅក្នុង​ទីផ្សារ​នាំចេញ​នៅឡើយ​ទេ​។ លោក ចូ​សេ ប៉ង់​តេស (Jose Pontes) អ្នកវិភាគ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី និយាយថា មាន​មូលហេតុ​បីយ៉ាង​ចំពោះ​ភាពស្ទាក់ស្ទើរ​របស់​ពួកគេ ៖ ទីមួយ ទីផ្សារ​ប្រទេស​ចិន​មាន​ទំហំ​ធំ​ល្មម​ដើម្បី​ស្រូបយក​ផលិតកម្ម​បច្ចុប្បន្ន​របស់​ពួកគេ​។ ទី​ពីរ ក្រុមហ៊ុន​រថយន្ត​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​គឺ​គេ​មិន​ស្គាល់​នោះទេ​នៅ​លោកខាងលិច ដូច្នេះ​អតិថិជន​អាច​បារម្ភ​ក្នុង​ការទិញ​រថយន្ត​ពី​ម៉ាក​ចម្លែក​។ ហើយ​ទី​បី រថយន្ត​របស់​ពួកគេ​មិនទាន់​អនុវត្តតាម​បទបញ្ជា​សុវត្ថិភាព​ដ៏​តឹងរ៉ឹង​នៅក្នុង​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​ទេ​។​

​ទោះយ៉ាងណា ឧបសគ្គ​ទាំងនោះ​អាច​ជម្នះ​បាន​ដោយពេល​វេលា​និង​ថវិកា​។ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន​អាច​នឹង​ចូលទៅក្នុង​ទីផ្សារ​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​នៅ​លោកខាងលិច ដូចដែល​ក្រុមហ៊ុន Volkswagen ធ្លាប់​បានធ្វើ​កាលពី ៦០ ឆ្នាំមុន​។​

​ប្រសិនបើ​ឬ​នៅពេលដែល​វា​កើតឡើង​មែន​នោះ រថយន្ត​អគ្គិសនី​តម្លៃថោក​និង​មាន​ប្រសិទ្ធភាព​អាច​នឹង​រីក​រាលដាល​ឆ្លងកាត់​លោកខាងលិច​ពី​ប្រទេស​ចិន​ដោយ​វ៉ា​ដាច់​ក្រុមហ៊ុន Tesla និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដទៃទៀត​របស់​អាមេរិក​និង​អឺរ៉ុប​។ មានតែ​ការប៉ុនប៉ង​របស់​បណ្តា​រដ្ឋាភិបាល​លោកខាងលិច​ក្នុងការ​ការពារ​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក​ជាមួយ​ពន្ធគយ​និង​របាំង​ពាណិជ្ជកម្ម​ដទៃទៀត​ប៉ុណ្ណោះ​ទើប​អាច​បង្អាក់​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី​របស់​ចិន​បាន​៕ ដោយ៖ កញ្ញាដាលីស

អតិថិជន​កំពុង​មើល​រថយន្ត​អគ្គិសនី​ប្រណីត​ម៉ាក Gyon នៅ​ពិព័រណ៍​រថយន្ត​ទីក្រុង​សៀង​ហៃ​កាលពី​ខែមេសា