ចិន ៖ វា​ច្បាស់​ណាស់​ថា​អ្នកណា​កំពុង​ធ្វើ​ឱ្យ​ខូច​ស្ថិរភាព​អាស៊ី​ប៉ាស៊ីហ្វិក​

410
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក លោក Mark Esper ដោយ​យក​លេស​ថា​ចិន​កំពុង​ធ្វើឱ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក បាន​និយាយ​នៅ​អូស្ត្រាលី​កាលពី​ចុង​​សប្តាហ៍​ថា​លោក​ចង់​ដាក់ពង្រាយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​នៅ​តាម​ទីតាំង​នានា​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត ស្របពេល​ដែល​សហរដ្ឋ​អាម៉េរិក​​បាន ដកខ្លួន​ជា​ផ្លូវការ​ពី​សប្តាហ៍​មុន ចេញពី​សន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​។​

​ទោះជា​យ៉ាងណា​នៅ​ថ្ងៃ​អង្គារ​ទី​៦​សីហា ចិន​បាន​បដិសេធ​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាម៉េរិក​លោក Mark Esper ដែល​ថា​ខ្លួន​កំពុង​ធ្វើឱ្យ​មាន​​អស្ថិរភាព​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​ហៅ​ការលើកឡើង​បែប​នេះ​ថា ជាការ​ស្តីបន្ទោស​មិន​ទទួលខុសត្រូវ ហើយ​បញ្ជាក់​ឡើងវិញ​នូវ​របៀប​ការពារ​ខ្លួន​សុទ្ធសាធ​នៃ​ការ​​អភិវឌ្ឍ​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ដោយ​ឆ្លើយ​នឹង​សំនួរ​របស់​ក្រុម​អ្នក​នាំ​យក​ព័ត៌មាន​នោះ លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា​” អស់​រយៈពេល​ជា​យូរ​មក​ហើយ​​សហរដ្ឋ​អាម៉េរិក​បាន​ជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​របស់​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​ព្យាយាម​ជំរុញឱ្យមាន​ជម្លោះ​បាក់បែក​រវាង​ពួកគេ ដោយ​លើកកម្ពស់​អ្វី​ដែល​ហៅថា​”​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​”​ខណៈពេល​ដែល​បង្កើន​ការដាក់ ពង្រាយ​កងទ័ព​និង​ពង្រឹង​សម្ពន្ធភាព​យោធា​នៅ​ក្នុង​តំបន់​នោះ​។​

​លោកស្រី​Hua Chunying បាន​និយាយថា “​វា​ច្បាស់​ណាស់​ថា​អ្នកណា កំពុង​ធ្វើឱ្យ​ប៉ះពាល់​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ” ។​

​អ្នក​នាំ​ពាក្យ​នេះ បាន​សង្កត់ធ្ងន់ថា សហរដ្ឋ​អាម៉េរិក​បាន​ប្រើប្រាស់​ចិន​ជា​យូរ​មក​ហើយ​ជា​លេស​សម្រាប់​ការសម្រេចចិត្ត​របស់​ខ្លួន​ទាក់ទង​នឹង​សន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​​ចម្ងាយ​មធ្យម (INF)​នេះ និង​បញ្ហា​ផ្សេងៗ​ទៀត ដោយ​បង្ខូច​ការពិត​ដើម្បី​ធ្វើឱ្យមាន​ការព្រួយបារម្ភ​និង​ការចាប់អារម្មណ៍​អំពី​ការគំរាមកំហែង​មី​ស៊ី​ល​របស់​ចិន​។​

​លោកស្រី​Hua Chunying​បាន និយាយថា ទោះបីជា​មាន​ការប្រឆាំង​អន្តរជាតិ​ខ្លាំង​ក៏ដោយ​ក៏​សហរដ្ឋ​អាម៉េរិក​បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​INF​នេះ​ហើយ​ឥឡូវនេះ​ កំពុង​ស្វែងរក​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​នៅ​អាស៊ី​៕​ប្រែ​សម្រួល​៖​សុខា​

លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា​អាម៉េរិក​តែង​បញ្ជូន​នាវាចម្បាំង​មក​បើក​កាត់​សមុទ្រ​ចិន ដែល​នេះ​បញ្ជាក់​ថា​នរណា​​ធ្វើអោយ​បាត់​ស្ថិរភាព​