ចុងចោទ​បាញ់សម្លាប់​ដើមចោទ​និង​មេធាវី​នៅ​ក្នុង​តុលាការ​ថៃ​

1159
ចែករម្លែក

​ប៉ូលិស​ចូល​និវត្តន៍​ម្នាក់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​មួយ​បាញ់សម្លាប់​ដើមចោទ​និង​មេធាវី​របស់​គេ មុន​ត្រូវ​បាន​ប៉ូលិស​ឈរជើង​នៅ​ទីនោះ​បាញ់សម្លាប់​នៅក្នុង​តុលាការខេត្ត​​ចាន់​ថា​ប៊ូ​រី កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១២​វិច្ឆិកា​។​

ឧត្តមសេនីយ៍ ថា​នី​ន ចាន់​ត្រា​ធី​ប (រូបតូច)បាញ់សម្លាប់ភាគីជម្លោះ២នាក់ មុនត្រូវប៉ូលិសបាញ់សម្លាប់

​ជនដៃដល់​ក៏​បាន​បាញ់​អោយ​របួស​មនុស្ស​២​នាក់​ទៀត ដែល​អមដំណើរ​ដើមបណ្តឹង​ចូល​តុលាការ​។​

​ឧត្តមសេនីយ៍ ថា​នី​ន ចាន់​ត្រា​ធី​ប ដែល​ជា​នាយ​ប៉ូលិស​ចូល​និវត្តន៍​វ័យ​៦៧​ឆ្នាំ ជា​អ្នកការពារ​ក្តី​នៅក្នុង​បណ្តឹងរដ្ឋប្បវេណី​ចំណាស់​១០​ឆ្នាំ​មកហើយ ពាក់ព័ន្ធ​នឹង​ដី​៨៦​ប្លង់​មាន​ទំហំ​​សរុប​៣.៨០០​រ៉ៃ នៅក្នុង​ស្រុក​ថា​ម៉ៃ​។​លោក​បាន​ស្ថិតក្នុង​សាល​តុលាការ​ដើម្បី​រង់ចាំ​សវនាការ​អំពី​បណ្តឹង​ព្រហ្មទណ្ឌ​មួយ ពាក់ព័ន្ធ​នឹង​បណ្តឹង​និង​ការចោទប្រកាន់​ក្លែងក្លាយ នៅ​​ពេល​ដើមបណ្តឹង ប្រពន្ធ​និង​មេធាវី​របស់​គាត់​បាន​ចូលមក​ដល់​នៅ​ម៉ោងជាង​៩​ព្រឹក​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយ​ថា​ភាគី​ទាំងពីរ​បាន​ចាប់ផ្តើម​ឈ្មោះ​ប្រកែក​គ្នា ហើយ​ឧត្តមសេនីយ៍ ថា​នី​ន​បាន​ដក​កាំភ្លើង​បាញ់​លោក បាន់​ចា​និង​សមាជិក​ផ្សេង​ទៀត​នៃ​​ភាគី​លោក​។​

​លោក​បាន​ចា វ័យ​៦១​ឆ្នាំ និង​មេធាវី​របស់​គាត់​រងរ​បួស​ដោយ​ត្រូវ​គ្រាប់​និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។​លោក​បាន​ចា ធ្លាប់ធ្វើ​ជា​មេធាវី​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ាត ។​ប្រពន្ធ​របស់​លោក​បាន​ចា​និង​ដើមបណ្តឹង​និង​ជា​មេធាវី​ម្នាក់ទៀត បាន​រងរបួស​។​

​លោក​ថា​នី​ន ត្រូវ​ប៉ូលិស​ប្រចាំ​តុលាកា​របាញ់​អោយ​របួស និង​ស្លាប់​នៅ​ក្រោយ​មក​។​

​អ្នកនាំពាក្យ​តុលាការ​បាន​និយាយថា​ការបាញ់ប្រហារ​នេះ​បាន​កើត​ឡើង​មុន​ភាគី​ជម្លោះ​មកដល់​ទាំងអស់គ្នា​និង​មុន​ចៅក្រម​ចូលក្នុង​បន្ទប់​សវនាការ​។​ភាគី​ទាំង​ពីរ​តែងតែ​ឈ្លោះ​​ប្រកែក​គ្នា​នៅ​រាល់​សវនាការ​មុនៗ​៕​ដោយ​៖​វាសនា​