ដោយៈរ៉ាម៉ន/ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ ក្រុមហ៊ុន ING Holdings Co., Ltd គ្រោងនឹងបើកលំហរមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) តភ្ជាប់មកផ្លូវ២៧១ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋនៅចុងឆ្នាំ២០១៩នេះ ខណៈដែលមហាវិធីនេះមានលក្ខណៈរួមតូចចង្អៀត នៅចំណុចតភ្ជាប់នឹងផ្លូវ២៧១ ក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការបើកលំហមហាវិថីសម្ដេចតេជោហ៊ុនសែនហៅផ្លូវ៦០ ម៉ែត្រតភ្ជាប់ជាមួយនឹងផ្លូវ២៧១នេះ ត្រូវបានពន្យល់ថា ដើម្បីសម្រួលចរាចររបស់ប្រជាពលរដ្ឋខណៈដែលបច្ចុប្បន្ននៅចំណុចផ្លូវខាងលើនេះមានលក្ខណៈតូចចង្អៀតដោយសារតែមានផលប៉ះពាល់ជាមួយលំនៅលំនៅរដ្ឋានប្រជាពលរដ្ឋមួយចំនួន។ប៉ុន្តែទោះបីយ៉ាងណាក្តីក្រោយពីមានការដោះស្រាយផលប៉ះពាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុននិងអាជ្ញាធររាជធានីភ្នំពេញអាចនឹងបើកការដ្ឋានស្ថាបនាផ្លូវខាងលើនៅចុងឆ្នាំ២០១៩នេះ។ការដ្ឋាននេះអាចបញ្ចប់ក្នុងរយៈពេលបីខែ។ពោលគឺនៅដើមឆ្នាំ២០២០នឹងដាក់ឱ្យប្រជាពលរដ្ឋបានធ្វើចរាចរ។
ប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយនៃផលប៉ះពាល់ខាងលើបានសម្ដែងនូវការរីករាយក្នុងចិត្តដោយសារតែការដោះស្រាយនោះពួកគាត់អាចទទួលយកបានហើយបាននៅទីតាំងដើមដដែលអាចប្រកបរបរអាជីវកម្មរកស៊ីបានដូចធម្មតាជាមួយនឹងការកសាងផ្ទះថ្មថ្មីសន្លាងនៅក្បែរនិងដីរបស់ពួកគាត់ស្នាក់នៅ។
បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាការដ្ឋាននេះអាចនឹងបើកការដ្ឋាននៅចុងឆ្នាំនេះ។ក្រោយបញ្ចប់ប្រជាពលរដ្ឋបានធ្វើចរាចរបានលើផ្លូវធំធំទូលាយជាងមុនពីផ្លូវ២៧១ ទៅផ្លូវជាតិលេខ២។
គួរបញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្ត្រសង្គាត់ចាក់អង្រែលើប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រ នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញនិងជាបច្ច័យដ៏ល្អក្នុងការកាត់បន្ថយការចំណាយនិងជំរញឱ្យសេដ្ឋកិច្ចទីផ្សារប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល៕សរន