ចុងភៅ​ណាហ្គា​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លាប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១

412
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ចេញពី​ធ្វើការ​បំណង​ជិះ​ម៉ូតូ​ទៅផ្ទះ ខណៈ​កំពង់​ជិះ​ម៉ូតូ ក៏​ស្រាប់​តែមាន​រថយន្ត​ហាយ​ឡៃ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ​មកពី​ក្រោយ​បើក​កៀរ ឲ្យ​ដួល ស្របពេលនោះ​ក៏មាន​រថយន្ត​កុងតឺន័រ មួយគ្រឿង​ទៀត​បើក​មកពី​ក្រោយ​កិន​ចំក្បាល បណ្តាល​ឲ្យ​ស្លាប់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​៨​និង​៥៣​នាទី​យប់ ថ្ងៃ​សៅរ៍ ទី​២០ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្សារ​ព្រែក​ឯង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

​ជនរងគ្រោះ​(​សព​)​មានឈ្មោះ ស្រេង ម៉ៅ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ ចុងភៅ នៅ​ណាហ្គា​(១) មាន​ស្រុកកំណើត​នៅ​ភូមិ​ដីឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ឌ្រី​ម​សង ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1AD 3154 ធ្វើដំណើរ​តែម្នាក់ឯង​។​

​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ទី​តាំង​ខាងលើ បាន​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​។ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕ ល​