ចុះទៅ​ផ្សព្វផ្សាយ​សកម្មភាព​កីឡា​អូឡាំពិក​នៅ​សាលាបឋមសិក្សា​ខេត្តកំពង់ឆ្នាំង​

949
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: ពេញ​មួយ​ថ្ងៃទី​២៣​មីនា គណៈកម្មការ​ស្ដ្រី និង កីឡា​អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី ម៉ក់ វណ្ណ​ស៊ីថា បាន​ចុះទៅ​ទៅ​សាលា​បឋម​សុ​ក្សា​គី​រី​សុវណ្ណ​វង្ស នា​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង ដើម្បី​បំផុស​ពី​សកម្មភាព​កីឡា​នៅ​ទីនោះ​។​

​កញ្ញា តើ លីដា ដែលជា​មន្ត្រី​សំខាន់​មួយរូប នៃ​គណៈកម្មការ​ស្ត្រី និង​កីឡា​បាន​ឲ្យ​ដឹងថា ការចុះ​ទៅនេះ​គឺ​ដើម្បី​ឲ្យ​សិស្សានុសិស្ស​នៅ​ទីនោះ ស្គាល់​ពី​កីឡា​អូឡាំពិក ចលនា​អូឡាំពិក ស្គាល់​ពី​កីឡា​ស៊ី​ហ្គេម កីឡា​អាស៊ី​ជាពិសេស​ឲ្យ​គេ​ចូលរួមចំណែក​ក្នុង​ការលេង​កីឡា​។​

​កញ្ញា​បាន​ឲ្យ​ដឹង​ទៀតថា តាមរយៈ​ការ​ល្បងប្រាជ្ញា​សិស្សានុសិស្ស​នៅ​ទីនោះ បាន​ស្គា​ល់ពី​កីឡាករ​-​កីឡាការិនី​ល្បីៗ​របស់​កម្ពុជា ដូចជា​ស្គាល់​កីឡាការិនី ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស​អាស៊ី​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ឃុន ឌី​ម៉ា​ម្ចាស់​មេដាយមាស​ប្រដាល់​គុន​ខ្មែរ​នៅ​ស៊ី​ហ្គេម ស្គាល់​ពី​ម្ចាស់​មេដាយមាស​ប៉េតង់​ពិភពលោក គឺ​កីឡាការិនី កែ ឡេង កីឡាករ សុខ ចាន់​មាន ជាដើម​។​

​គណៈកម្មការ​ស្ត្រី និង​កីឡា ក៏បាន​ប្រាប់​ទៅ​សិស្សានុសិស្ស​ទាំង​ជាង​៥០០​នាក់ ដែល​ចូលរួម​នោះ​ថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​នោះ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់​តំបន់​នេះ​ជា​លើកដំបូង​។​

​ជាមួយនឹង​ការចុះ​ទៅនេះ គណៈកម្មការ​ស្ត្រី និង​កីឡា បាន​នាំយក​នូវ​វត្ថុ​អា​នុ​ស្សាវ​រី​យ៍​មួយចំនួន​ផដល់ជូន​សាលា និង​សិស្សានុសិស្ស​ដែល​ក្នុងនោះ មាន​សៀវភៅសរសេរ ប៊ិច​(​ក្រហម​-​ខៀវ​) ឈុត​កោណ​សម្រាប់​ហ្វឹកហាត់​កីឡា បាល់ទាត់ បាល់ទះ បាល់បោះ សំណាញ់​បាល់ទះ កង​បាល់បោះ អាវយឺត និង​ភេសជ្ជៈ​ជាច្រើន​ទៀត​៕L