ចុះ​សិក្សា​គម្រោង​កែលម្អ ផ្លូវជាតិ​លេខ​៥ ពី​ខេត្តបាត់ដំបង ដល់​ខេត្តបន្ទាយមានជ័យ​

917
ចែករម្លែក
  • 1
    Share

​ដោយៈ​គ្រញូង​
​បាត់ដំបងៈ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ តំណាង​អង្គការ​ចៃ​កា (JICA) បាន​ដឹកនាំ​ក្រុមនិស្សិត សាកលវិទ្យាល័យ​បាត់ដំបង UBB ចំនួន​៣២​នាក់ ចុះ​ទស្សនកិច្ច​សិក្សា គម្រោង​កែលម្អ និង​អភិវឌ្ឍន៍ កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ខេត្តបាត់ដំបង ទៅដល់​ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យ​និស្សិត​បាន​ស្វែងយល់ ពី​មូលដ្ឋានគ្រឹះ លើ​វិស័យ​ស្ថាបនា​ផ្លូវថ្នល់ និង​ស្ពាន​។​

​លោក អ៊ុក រស្មី មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​ទីភ្នាក់ងារ JICA បាន​បញ្ជាក់ថា កម្មវិធី​នេះ មានការ​អញ្ជើញ​ចូលរួម ពី​សំណាក់​លោក ឈឹម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក​សុខ សុង តំណាង​សាកលវិទ្យាល័យ​បាត់ដំបង​, លោក Tekken តំណាង​ក្រុមហ៊ុន​សាងសង់​ផ្លូវថ្នល់​។​

​លោក អ៊ុក រស្មី បាន​បន្តថា ការចុះ​ធ្វើ​កម្មសិក្សា ធ្វើឡើង​ដោយមាន​កិច្ចសហការ ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ក្នុង​គោលបំណង​សំខាន់ៗ ចំនួន​បី រួមមាន​÷ ទី​១​ដើម្បី​ឲ្យ​និស្សិត​ទាំងអស់ ស្វែងយល់ ពី​ទិដ្ឋភាព​ទូទៅ របស់​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​របស់ JICA, ទី​២ ដើម្បី​ឲ្យ​និស្សិត​យល់ដឹង ពី​កិច្ចសហប្រតិបត្តិការ​រ​បស់ JICA លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ផ្តោតលើ​គម្រោង​កែលម្អ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ខេត្តបាត់ដំបង ទៅ​ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង​ទី​៣ ដើម្បី​រឹតចំណង​សាមគ្គីភាព បង្កើត​ទំនាក់ទំនង​ល្អ រវាង​អង្គការ JICA និង​សាកលវិទ្យាល័យ បាត់ដំបង​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ លោក ឈឹម ផល្លា តំណាង​ក្រុមហ៊ុន​សាងសង់ បានធ្វើ​បទ​បង្ហាញ ការសាងសង់​ផ្លូវជាតិ​លេខ​៥ នៅ​ទីស្នាក់ការ ការដ្ឋាន​ក្រុមហ៊ុន ដើម្បី​ជម្រាបជូន​ដល់​ប្អូនៗ និស្សិត​ទាំងអស់គ្នា បាន​យល់​ពី​គោលបំណង នៃ​ការសាងសង់ និង​បច្ចេកទេស​សាងសង​ផងដែរ​។​

​លោក​បាន​បន្តថា ផ្លូវជាតិ​ហាយវ៉េ មួយ​ខ្សែ​នេះ បន្ទាប់ពី​ក្រុម​សិក្សា​គម្រោង បានធ្វើ​រួចរាល់​មក រាជរដ្ឋាភិបាល បានប្រគល់​ឲ្យ​ក្រុមហ៊ុន​ជប៉ុន JICA ជា​អ្នកទទួល​សាងសង់ ក្នុង​គម្រោង​ប្រាក់កម្ចី​សម្បទាន ពី​ប្រទេស​ជប៉ុន ហើយ​ចាប់​សាងសង់ ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ ហើយនឹង​បញ្ច​ប់រជា​ស្ថាពរ នៅ​ថ្ងៃទី​៣១ ខែវិច្ឆិកា ឆ្នាំ​២០២០ រួច​ប្រគល់​ដាក់​ឲ្យ​ដំណើរការ នាពេល​ខាងមុខនេះ​។ ចំពោះ​ផ្លូវ​ហាយវ៉េ ដែល​កំពុង​សា់ងសង់​នេះ គឺមាន​ទទឹង ៦០ ម៉ែត្រ​ដោយ​កែសម្រួល​ពី​ផ្លូវ ២ គន្លង ទៅ​ផ្លូវ ៤ គន្លង ក្លាយទៅជា «២ ទៅ ២​មក​» និង​មាន​ទ្រូងផ្លូវ​ចំ​កណ្តាល​លម្អ ដោយ​ដាំ​ដើមឈើ និង​រៀប​សួនផ្កា​ទៀតផង​។​

​ចំណែក​និស្សិត​ទាំង ៣២ នាក់ បាន​ចុះទៅ​ទស្សនកិច្ច​សិក្សា បាន​និយាយថា នេះ​ជា​លើកទីមួយ​ហើយ បន្ទាប់ពី​រៀន​ទ្រឹស្តី ដែល​ពួកគេ បាន​ចុះមក​មើល ដល់​ការដ្ឋាន​ផ្ទាល់ ដូចជា កន្លែង​ចាក់ដី និង​កិន​ថ្ម​ធ្វើ​ផ្លូវ កន្លែង​ធ្វើ​ស្ពាន និង​ដាក់លូ​ធំៗ ធ្វើ​ឲ្យ​ពួកគេ ដូច​បាន​ចុះមក​អនុវត្ត​ជាក់ស្តែង​ដែរ និង​យក​បទពិសោធន៍​នេះ មក​ស្វែងយល់​បន្ថែមទៀត នៅក្នុង​ថ្នាក់រៀន ព្រមទាំង​យកមក​ធ្វើការ​ចែកចាយ ដល់ និស្សិត ជា​សិស្ស​ប្អូន​ជំនាន់​ក្រោយ បាន​យល់​កាន់តែច្បាស់ នូវ​មុខជំនាញ​សំណង់​ស៊ីវិល​មួយ​នេះ ហើយ​ពេល​រៀន​ចប់ យក​ចំណេះដឹង​ទាំងនេះ ទៅ​បម្រើ​សង្គម ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ប្រសើ​ឡើង​៕v

​តំណាង​ចៃ​កា មន្ត្រី​ពាក់ព័ន្ធ​និង​និស្សិត​
​សាកលវិទ្យាល័យ​បាត់ដំបង ​ចុះ​ធ្វើ​កម្មសិក្សា ​ពី​ការកែសម្រួល​ផ្លូវជាតិ​លេខ​៥

#