ចូលឆ្នាំចិនភ្ញៀវតាមបណ្តាខេត្តជា​ច្រើនសម្រុកមកលេងតំបន់ឆ្នេ​រ​ខ្សាច់និងស្ពានឬស្សីកោះប៉ែន​

185
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីចិន រយ:ពេលបី ថ្ងៃភ្ញៀវពីបណ្តាខេត្តជាច្រើន ពិសេសក៏ខេត្តជាប់មាត់សមុទ្របាន សម្រុកមកលេងតំបន់ឆ្នេរខ្សាច់ជារមណីយដ្ឋាន និងឆ្លងស្ពានប្រដឹសឬស្សីកោះប៉ែត្រ។ កត្តានេះនាំឲ្យខាងមន្រ្តីជំនាញខាងទេសចរណ៍ចាប់ផ្តើមចុះសិក្សា រកទីកម្សាន្តជាតំបន់ឆ្នេរខ្សាច់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឳ្យមកលេងកម្សាន្តកាន់ច្រើនឡើងនាពេលអនាគត។

លោក ប៊ុន ដារ៉ា ជាម្ចាស់ស្ពានឬស្សី និងជាគ្រប់គ្រងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនបានប្រាប់រស្មីកម្ពុជានៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ថា នៅថ្ងៃសែនចិនថ្ងៃទី ២៤ មករា ភ្ញៀវឆ្លងស្ពាន និងបើករថយន្តម៉ូតូមកលេងតំបន់ឆ្នេរខ្សាច់កោះប៉ែនចំនួនជាង ៣.៥០០ នាក់ ថ្ងៃបន្ទាប់ថ្ងៃទី ២៥ មករាភ្ញៀវមកលេងកើនចំនួនសរុប ៥.០០០ នាក់ និងនៅថ្ងៃទី ២៦ មករាឡើងដល់ ៧.០០០នាក់។

ម្ចាស់ស្ពានប្រដឹសឬស្សីបានឳ្យដឹងទៀតថា ភ្ញៀវភាគច្រើនបានធ្វើដំណើរតាមរថយន្តតូច និងតាមរថយន្តក្រុង ជាលក្ខណ:គ្រួសារ។ ក្នុងនោះពួកគាត់ជាភ្ញៀវអញ្ជីញមកពីខេត្ត សៀមរាប បន្ទាយមានជ័យ ប៉ៃលិន រតនគិរី និងក៏មានខេត្តជាប់មាតសមុទ្រខេត្តព្រះសីហនុ និងខេត្តកោះកុង ផងដែរ។

លោក ដារ៉ា បានបន្ថែមថា វត្តមានភ្ញៀវរយ:ពេលដូចគ្នា នៃបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២០ នេះ គឺកើនឡើងជាង ៣០ ភាគរយ បើប្រៀបធៀបឆ្នាំ២០១៩ ពោល គឺលើសបុណ្យឆ្លងឆ្នាំសកល២០១៩ -២០២០ដែលមានច្រើនជាងប្រមាណ ៣០ភាគរយ។ ដោយពួកគាត់ជាភ្ញៀវបានអះអាង ហាក់ដូចជាបរិយាកាសប្លែក និងទឹកស្អាតស្រួលងូតជាងនៅទឹកសមុទ្រ។

លោកបានបន្តថា ជាពិសេសពាក់ព័ន្ធនឹងការការពារនានាមានសុខសុវត្ថិភាព សេវាម្ហូមអាហាររក្សាបានតាមតារាងកំណត់តម្លៃនៃមុខម្អូបនីមួយៗ និងរួមទាំងសេវាផ្ញើរថយន្ត ម៉ូតូ មានលក្ខណ:សមរម្យអាចទទួលយកបាន។

ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានប្រាប់ឪ្យដឹងថា ជាទូទៅតាមតំបន់រមណីយដ្ឋាននានារបស់ខេត្តជាប់ដងទន្លេមេគង្គមួយនេះ ភ្ញៀវមកលេងកម្សាន្តបុណ្យចូលឆ្នាំរបស់ប្រពៃណីចិនឆ្នាំ២០២០នេះ គឺប្រហាក់ប្រហែលបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ២០១៩ដែរ។ ប៉ុន្តែភ្ញៀវទេសចរបុណ្យចូលឆ្នាំចិនឆ្នាំបាននាំគ្នាងាកលេងកម្សាន្តនៅតាមតំបន់ឆ្នេរកោះប៉ែនច្រើននៅតំបន់ដទៃ។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា បញ្ហាភ្ញៀវងាកមកចាប់អារម្មណ៍តំបន់ឆ្នេរនេះ គឺធ្វើយើងរៀបចំផែនការចាប់ផ្តើមចុះសិក្សាតំបន់ឆ្នេរខ្សាច់នៅទឹកដីឃុំពាមជីកង ស្រុកកងមាស គឺមានសក្តានុពលវិស័យទេសចរណ៍មិនចាញ់នៅតំបន់ឆ្នេរខ្សាច់កោះប៉ែន ក្នុងស្រុកកំពង់សៀមប៉ុន្មានឡើយ។

លោកបានបន្តថា ជាទិសដៅនាពេលអនាគតយើងគ្រោងនឹងសហការបង្កើតសេវាកញ្ចប់ដំណើរកម្សាន្តទេសចរណ៍រួមខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។ ពិសេសលោកគាំទ្រនូវគំនិតរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដែលមានបំណងប្រែក្លាយតំបន់ផ្លូវ«អារក្សត្នោត»ក្នុងស្រុកជើងព្រៃឲ្យក្លាយជាតំបន់ឧស្សាហកម្មសេដ្ឋកិច្ច និងទេសចរណ៍នោះ។ ជាតំបន់ស្ថិតក្នុងសៀវឃ្វីរបស់ខេត្តកំពង់ចាមស្រាប់៕B/