ចូលឆ្នាំ​បី​ថ្ងៃ​ភ្ញៀវ​ចំនួន​៣៣១.៧០៣​នាក់មក​កម្សាន្ត​នៅ​ក្រុង​កំពង់ចាម

385
ចែករម្លែក
  • 2
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ភ្ញៀវ​បាន​កើនឡើង​យ៉ាង​សម្បើម​មក​ចូលរួម​លេង​កម្សាន្ត​នៅ​សង្ក្រាន្ត​ក្រុង​កំពង់ចាម​និង​រមណីយដ្ឋាន​កែច្នៃ​ប្រាំ​កុម្ភ​:​ស្រុក​ចម្ការលើ​គឺ​បានធ្វើឱ្យ​ខេត្តកំពង់ចាម​ភ្ញៀវទេសចរ​ជាតិ​កើនឡើង​ប្រាំមួយ​ភាគរយ​និង​ភ្ញៀវ​អន្តរជាតិ​កើនឡើង​២៧​ភាគរយ​។​

នេះ​បើ​ប្រៀបធៀប​រយ​:​ពេល​បី​ថ្ងៃ​ដូចគ្នា​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។​ប៉ុន្តែ​ភ្ញៀវ​បាន​ថយចុះ​នៅតាម​បណ្តា​រមណីយដ្ឋាន​សំខាន់ៗ មួយចំនួន​។​

​លោក​ស៊ាន​សុ​គុន្ធ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បានឱ្យដឹង​នៅ​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៩​ថា នេះ​ជា​មោទនភាព​ណាស់​សម្រាប់​ខេត្តកំពង់ចាម​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​កុរ​ឯកស័ក​ព​.​ស​២៥៦៣​ដែល​បាន​ប្រព្រឹត្ត​ចំនួន​បី​ថ្ងៃ​។​គឺ​ពី​ថ្ងៃទី​១៤​ដល់​១៦​មេសា​២០១៩​យើង​បានទទួល​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​បានមក​ចូលរួម​លេង​កម្សាន្ត​តាម​សង្ក្រាន្ត​រមណីយដ្ឋាន​ចំនួន ប្រាំបី កន្លែង សរុប​ចំនួន ៣៣១.៧០៣ នាក់ គឺ​ច្រើនជាង​កាលពី​ឆ្នាំ​២០១៨ ចំនួន ១៧.៥៨៥ នាក់​។​

លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​ក្នុងនោះ​រមណីយដ្ឋាន​និង​សង្ក្រាន្ត​ដែល​ទទួលបាន​ការទាក់ទាញ​ភ្ញៀវ​ឲ្យ​ទៅលេង​កម្សាន្ត​ច្រើនជាងគេ​មាន​:​សង្ក្រាន្ត​ក្រុង​កំពង់ចាម​ទទួលបាន​ភ្ញៀវ​ជាតិ​ចំនួន​ជាង​ប្រាំពីរ​ម៉ឺន​នាក់​និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​៣០០​នាក់​។​រមណីយដ្ឋាន​កែច្នៃ​ទំនប់​ប្រាំ​កុម្ភ​:​ទទួលបាន​ភ្ញៀវ​ជាតិ​ចំនួន​៤៤.៨៦០​នាក់​និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​១២៥​នាក់​។​ដោយបាន​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ​កើនឡើង​ចំនួន​ប្រាំមួយ​ភាគរយ​និង​ភ្ញៀវ​អន្តរជាតិ​កើនឡើង​ចំនួន ២៧​ភាគរយ​។​

​លោក សុ​គុន្ធ បាន​បន្ថែមថា ប៉ុន្តែ​មាន​រមណីយដ្ឋាន​មួយចំនួន​បាន​ធ្លាក់ចុះ​ភ្ញៀវ​ទៅលេង​កម្សាន្ត​ដូចជា រមណីយដ្ឋាន​ទឹកឆា​ក្នុងស្រុក​ព្រៃឈរ​ធ្លាក់ចុះ​ភ្ញៀវ​ជាតិ​ចំនួន​៣០​ភាគរយ​,​រមណី​ដ្ឋា​ន​ភ្នំ​ប្រុស​ភ្នំ​ស្រី​ថយចុះ​ចំនួន​២៩​ភាគរយ​,​រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ​ថយចុះ​ចំនួន​១៣​ភាគរយ​,​។​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​ថយចុះ​ចំនួន​២៣​ភាគរយ​,​និង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ថយចុះ​ចំនួន ប្រាំ ភាគរយ ក្នុងស្រុក​កំពង់សៀម និង​រមណីយដ្ឋាន​ភ្នំ​ជើងព្រៃ​ថយចុះ​ចំនួន ៣៣ ភាគរយ​។​

​លោក​បាន​បន្តថា​តាម​ការកត់សម្គាល់​បញ្ហា​ភ្ញៀវ​កើនឡើង​ក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី​ឆ្នាំនេះ​គឺ​ដោយសារ​ខាង​មន្ទីរ​ទេសចរណ៍​បាន​សហការ​ជាមួយ​ខាង​មន្ទីរ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​រៀបចំ​បង្កើត​កម្មវិធី​ល្បែង​ប្រជាប្រិយ​នៅតាម​ទី​កម្សាន្ត​ទាំងនោះ​មាន​: ទាញព្រ័ត្រ ,​ចោល​ឈូង​, លាក់កន្សែង​,​បោះ​អ​ង្គុ​ញ​,​លោត​បាវ​, វាយក្អម​, របាំ​ទ្រុឌ​, រាំ​ចង្វាក់​ប្រពៃណី​ខ្មែរ …​ជាដើម​។ ដើម្បី​បម្រើការ​សប្បាយ​ជូន​ប្រជាពលរដ្ឋ លើកកម្ពស់​ប្រពៃណី​ទំនៀម​ទំនាប់​ខ្មែរ​ពិសេស​នេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​ប្រទេស​មាន​សន្តិភាព​ពេញបរិបូរណ៍​៕S/​