ចូលដល់​បន្ទប់​សណ្ឋាគា​រ ឬ​ផ្ទះសំណាក់​ភ្លាម កុំ​ភ្លេច​ធ្វើ​រឿង​ទាំងនេះ​

117
ចែករម្លែក

មិនមែន​គ្រប់​បន្ទប់​សណ្ឋាគារ​ទាំង​អស់​បានធ្វើការ​សម្អាត​និង​សម្លាប់​មេរោគ​ត្រឹមត្រូវ​គ្រប់សព្វ​ឡើយ​។ អាច​ថា​ជា​រឿង​ធម្មតា​ទេ​ដែល​ភាគច្រើន​នៃ​ពួកយើង​នៅពេល​ទៅដល់​បន្ទប់​សណ្ឋាគា​រ ឬ​ផ្ទះសំណាក់​ភ្លាម​តែងតែ​ក្រឡេក​រក​កន្លែង​បញ្ចូល​ថ្ម​ទូរស័ព្ទ​និង​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និ​ច​ផ្សេងៗ ប៉ុន្តែ​ដើម្បី​ចៀសផុត​បញ្ហា​ណាមួយ​កើតឡើង​មិន​ថា​ចំពោះ​សុខភាព ក៏ដូចជា​សុវត្ថិភាព​ផ្ទាល់ខ្លួន​នោះ​យើង​គួរ​ពិនិត្យ​សំខាន់​លើ​ចំណុច​មួយចំនួនទៀត​ក្រៅពី​បារម្ភ​អំពី​បញ្ហា​ទូរ​សព្ទ​អស់​ថ្ម​។​

១. ពិនិត្យមើល​កំរាលពូក​
ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​គិតថា​នៅក្នុង​បន្ទប់​សណ្ឋាគារ​ទំនើបៗ​គឺ​ស្អាត​និង​គ្មាន​សត្វល្អិត​ដូច​នៅតាម​កន្លែង​ស្នាក់​ឬ​ផ្ទះសំណាក់​ធម្មតា​ដែលមាន​តម្លៃថោក​ទេ​ប៉ុន្តែ​តាមពិតទៅ​មិន​ដូច្នេះ ទាំងអស់​ឡើយ​! ទោះបី​សណ្ឋាគារ​ថ្លៃ​ប៉ុណ្ណា​ក៏ដោយ​សត្វល្អិត​គឺ​នៅតែ​អាចមាន​ដោយ​វា តោង​ចូល​តាមរយៈ​សំលៀកបំពាក់​ឫ​ឧបករណ៍ប្រើប្រាស់​របស់​ភ្ញៀវ​ដែល​គេង​នៅ​ទីនោះ​។ ដូច្នេះ​អ្នក​គួរ​ចំណាយពេល​ពិនិត្យមើល​គែមៗ​ពូក​ឫ​កម្រាល​ផ្សេងៗ​នៅក្នុង​បន្ទប់​គេង​ឱ្យបាន សព្វ​ជាមុនសិន​ដើម្បី​ប្រាកដថា​គ្មាន​សត្វល្អិត​ចៃ​គ្រែ​ឫ​ស្នាម​ប្រឡាក់​ខ្មៅៗ​ណាមួយ​ដែល​អាច បង្ក​ផលប៉ះពាល់​ដល់​អ្នក​។ ប្រសិនបើ​ពិនិត្យ ឃើញ​សត្វល្អិត ឬ​ស្នាម​ប្រឡាក់​កខ្វក់​ណាមួយ​គួរ ប្រញាប់​ប្រាប់​បុគ្គលិក រឺ​អ្នក​ទទួល ភ្ញៀវ​ដើម្បី​ឱ្យគេ​ប្តូរ​ចេញ​។​

២. រើ​ភួយ​ចេញ​
ទោះបីជា​អ្នក​អនាម័យ​នៅតាម​សណ្ឋាគារ ឬ​ផ្ទះសំណាក់​អាច​នឹង​សម្អាត​ហើយ​ផ្លាស់ប្តូរ​កម្រាល ផ្សេងៗ​ជាប្រចាំ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា​រាល់​កម្រាល​ឬ​ភួយ​សុទ្ធតែ​ស្អាត​និង​ត្រូវបាន​ផ្លាស់ ប្តូរ​ត្រឹមត្រូវ​រហូត​ដែរ​។ ការ​ស្មាន​ឬ​សន្ម​ត់​ថា​ភួយ​ក្នុង​បន្ទប់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​សុទ្ធតែ​ស្អាត គឺ​ហាក់ដូចជា​ប្រថុយ​ខ្លាំងណាស់​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ធ្វើដំណើរ​កំសាន្ត​អ្នក​គួរណា មាន​ភួយ ឫ​កម្រាល​ផ្សេងៗ​យកទៅ​តាម​ខ្លួន​បើ​មិនមាន​ទេ​អ្នក​អាច​រើ​ភួយ​ចេញ​តែម្ដង ក៏​ប្រសើរ​។​

៣. ប្រើប្រាស់​ទឹក​សម្លាប់​មេរោគ ឫ​ក្រដាសអនាម័យ​ជូត​សំអាត​តេ​ឡេ​បញ្ជា​ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ឫ​វត្ថុ​ត្រូវបាន​ប៉ះពាល់​ញឹកញាប់
រឿង​សំខាន់​ដែល​ត្រូវធ្វើ​បន្ទាប់​នោះ គឺ​សម្អាត សម្ភារៈ​ដែល​អ្នក​ឧស្សាហ៍​ប៉ះពាល់​នៅក្នុង​បន្ទប់​ដូចជា​ដៃ​ទ្វារ ប្រដាប់​ភ្ជួរ​ខោអាវ តេ​ឡេ​បញ្ជា ទូរទស្សន៍​ឫ​ម៉ាស៊ីនត្រជាក់​។ នេះ​ក៏​ព្រោះតែ​វត្ថុ ឬ​ឧបករណ៍​ដែល​ត្រូវបាន​ប៉ះពាល់​ញឹកញាប់ គឺ​កង្វក់​ជាងគេ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរប្រើ​ប្រាស់​ក្រដាសអនាម័យ ឫ​ទឹក​អាកុល​ជូត សម្អាត​ផ្ទៃ​ខា​លើ​នៃ​ឧបករណ៍​ទាំងនោះ​ជាមុនសិន​សឹម​ប្រើ​។​

៤. ត្រូវ​ប្រាកដថា​កាត​សម្រាប់​ចាក់សោរ​បន្ទប់​របស់​អ្នកដំណើរ​ការត្រឹមត្រូវ​
នៅពេលដែល​បុគ្គលិក​សណ្ឋាគារ​ជូន​អ្នក​ទៅដល់​បន្ទប់​រួច​ភ្លាម​អ្នក​ត្រូវ​ពិនិត្យ​មើលថា​តើ​កាត​សម្រាប់​ចូល​បន្ទប់​នោះ​ដំណើរការ​ត្រឹមត្រូវ​ឫ​អត់ ហើយ​ត្រូវ​មើលថា​វា​ដំណើរការ​យ៉ាងដូច​ម្ត៉េ​ច (​ជាធម្មតា​តែងតែមាន​សរសេរ​សេច​ក្តី​ណែនាំ​នៅលើ​នោះ​)​អ្នក​ត្រូវ​ប្រាកដថា​សោរ​ចាក់​បាន ជាប់​ត្រឹមត្រូវ​ល្អ​។ មនុស្ស​មួយចំនួន​ប្រហែលជា​គិតថា​សោរ​នោះ​ចាក់​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ទោះយ៉ាងណា​គួរ​បង្ការ​សម្រាប់​ភាពមិនប្រក្រតី​នានា​ដែល​អាច​កើតមានឡើង​ហើយ​កុំ​ភ្លេច ចាក់សោរ​បន្ទប់​ទាំង​ពេល​អ្នក​នៅក្នុង ឫ​ចេញទៅ​ក្រៅ​។​

៥. ដាក់​គន្លឹះបង្អួច​និង​ទ្វារ​សម្រាប់​ចេញទៅ​យ៉ ឬ​រានហាល​ខាងក្រៅ​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ប្រសិនបើ​អ្នកមាន​កូនតូច​
វា​ជា​វិធីសាស្ត្រ​មួយ​ដែល​គ្រប់គ្នា​គួរតែ​អនុវត្ត​ដើម្បី​សុ​វត្តិភាព អ្នក​ត្រូវ​ប្រាកដថា​បង្អួច​និង​ទ្វារ បាន​ចាក់សោរ​ឬ​ដាក់​គន្លឹះ​បាន​ត្រឹមត្រូវ​។​ការធ្វើ​ដូចនេះ​មិន​ត្រឹមតែ​អាច​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន នោះទេ ប៉ុន្តែ​វា​ក៏​ល្អ​ចំពោះ​ក្មេង​តូចៗ​ផងដែរ​ពិសេស​ប្រសិនបើ​បន្ទប់​របស់​អ្នក​នៅ​ជាន់ខ្ពស់​។ ជាធម្មតា​ក្មេងៗ គឺ​រពឹស​ណាស់​និង​តែង​ងឿងឆ្ងល់​ជានិច្ច​ដូច្នេះ​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាមុន ជា​វិធី​ដ៏​ប្រសើរ​បំផុត​។ ទោះបីជា​គ្មាន​ក្មេង​តូច ប៉ុន្តែ​ការដាក់​គន្លឹះទ្វារ ឬ​បង្អួច​ក៏​សំខាន់​ដើម្បី ធានាបាន​នូវ​សុវត្ថិភាព​គ្មាន​ជន​ណា​លួច​ចូលមក​បំពាន​។​

៦. ពិនិត្យ​មើលថា​តើ​សីតុណ្ហភាព​ក្នុង​បន្ទប់ ឫ​ម៉ាស៊ីនត្រជាក់​ដំណើរការ​ត្រឹមត្រូវ​ឬទេ​
សី​តុ​ណ្ណ​ភាពត្រឹមត្រូវ​នឹង​ជួយ​ឱ្យ​អ្នក​គេង​បាន​ស្កប់​ពេញ​មួយ​យប់ ហើយ​ស្នាក់​នៅបាន​ស្រួល​។ ដូច្នេះ​នៅពេល​ចូលដល់​បន្ទប់​ស្នាក់​អ្នក​គួរពិនិត្យមើល​ថា​តើ​សីតុណ្ហភាព​ព្រមទាំង​ប្រព័ន្ធ​បញ្ជាផ្សេងៗ​ទាំង​ម៉ាស៊ីនកំដៅ​និង​ម៉ាស៊ីនត្រជាក់​ដំណើរការ​បានល្អ​ឫ​ក៏​អត់​ប្រសិនបើ​មាន​អ្វី​មិនប្រក្រតី​ត្រូវ​ប្រញាប់​ទាក់ទង​ទៅ​បុ​គ្ក​លិ​ក​ភ្លាម​ដើម្បី​ជួសជុល​ឬ​ប្តូរ​បន្ទប់​។​

៧. ត្រូវ​ប្រាកដថា​ទូរ​សព្ទ័​ក្នុង​បន្ទប់​ដំណើរការ​ប្រក្រតី
ដើម្បី​សុវត្ថិភាព​អ្នក​ក៏ត្រូវ​ប្រាកដថា​រាល់​បណ្តាញ​ទាក់ទង​និង​ទូរស័ព្ទ​ក្នុង​បន្ទប់​ដំណើរ ការ​ប្រក្រតី​ផងដែរ​។​

៨. សម្អាត​កែវ​ឬ​ពែង​ជាមួយ​ទឹក​ក្ដៅ​និង​សាប៊ូ​មុនពេល​ប្រើប្រាស់​
ទោះបី​កែវ​និង​ពែង​នៅក្នុង​បន្ទប់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​មើលទៅ​ស្អាត​គ្មាន​នរណា​ប្រើ​ប៉ុន្តែ ដើម្បី​ជាការ​ប្រសើរ​អាច​ចៀសផុត​ពី​ពពួក​មេរោគ​បាក់តេរី​នោះ​មុនពេល​ប្រើប្រាស់​ចូរ​ធ្វើ​ការលាង​សម្អាត​វា​ជាមួយ​ទឹក​ក្ដៅ​និង​សាប៊ូ​សិន​៕ ដោយៈ health.com.kh