ចូលមក​តាម​ណា​? សំណល់​សំរាម​ជាង​៨០​ទូ​កុង​តឺ​ន័​រ​នាំ​ពី​បរទេស​ចូល​កំពង់ផែ​ខេត្ត​ព្រះសីហនុ

1996
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា ​កុង​តឺន័​រ​ចំនួន​៨៣​ទូ ដែលមាន​ផ្ទុក​កាកសំណល់​សំរាម​នាំចូល​ពី​បរទេស​ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ប្រតិបត្តិការ​បង្ក្រាបបាន​នៅ​ខេត្ត​ព្រះសីហនុ​។

​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០១៩ ក្រសួងបរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បានសម្រេច​គាស់​ទូ​កុង​តឺ​ន័​រទាំង​អស់នោះ​ដើម្បី​ពិនិត្យ​ជាក់ស្ដែង​នៅក្នុង​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។
​លោក​បន្តថា​ការបង្ក្រាប​លើ​ការ​នាំចូល​សំរាម​ពី​បរទេស​មក​ចូល​ប្រទេស​កម្ពុជា​នៅពេលនេះ​បញ្ជាក់​ពី​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​កំពង់ផែ​ស្វយ័ត​ក្នុងការ ទប់ស្កាត់​ទំនិញ​ហាមឃាត់​មិនឱ្យ​ចូលមក​កម្ពុជា​បាន​។

​មជ្ឈដ្ឋាន​ទូទៅ​បាន​សម្តែង​ការងឿងឆ្ងល់​ថា តើក​ប៉ាល់​ដែល​ដឹក​កុងតឺន័រ​ចំនួន​៨៣​ទូ ដែលមាន​ផ្ទុក​កាកសំណល់​សំរាម​នាំ​មកពី​បរទេសនេះ ចូល​មកដល់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ដោយ​របៀប​ណា​? ហេតុអ្វី​បានជា​ខាង​ជំនាញ​ពាក់ព័ន្ធ​មិនបាន​ដឹង​?​។ ប៉ុន្តែ​ចម្ងល់​នេះ​ត្រូវបាន​មន្ត្រី​កំពង់ផែ​ស្វយ័ត​អះអាងថា កុងតឺន័រ​ចំនួន​៨៣​ទូ គឺ​មិនទាន់បាន​ឆ្លងកាត់​គយ​ទេ (​មិនទាន់​ប្រកា​សគយ​) ដោយ​ទម្លាក់​ពី​កប៉ាល់​មក គឺ​នៅ​ទីលាន​កំពង់ផែ​នៅឡើយ​។​


​បន្ទាប់ពី​មាន​ករណីនេះ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក​លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​កំពង់ផែ​ស្វយ័ត និង​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ រួមទាំង​មន្ត្រី​ពាកព័ន្ធ​បាន​ចុះទៅពិនិត្យ​និង​បាន​កាត់​សោរ​ទូ​កុង​ទ​តឺ​ន័​រ​ពិនិត្យ​មើលឃើញ​សុទ្ធតែ​សំរាម​ប្លា​ស្ទិ​ក​។​


​លោក​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ថា កុងតឺន័រ​មួយចំនួន​បាន​បើក​មើល គឺ​ឃើញ​សុទ្ធតែ​កាកសំណល់​កាកសំណល់​ប្លា​ស្ទិ​ក ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ក្នុង​ប្រតិបត្តិការ​នេះ​ផងដែរ​។​លោក​បាន​បញ្ជាក់ថា វិធានការ​បន្ទាប់ គឺ​ស្រាវជ្រាវ​រក​ក្រុមហ៊ុន ដោយមាន​ព័ត៌មាន​ខ្លះៗ​ហើយ​។ ចំពោះ​កាកសំណល់​កាកសំណល់​ប្លា​ស្ទិ​ក​ទាំង​៨៣​ទូ​កុងតឺន័រ គឺ​ត្រូវបញ្ជូន​ត្រូវ​ទៅវិញ​។​
​លោក​បាន​បញ្ជាក់ថា​ពេលដែល​គេ​នាំ​ចូលមក គឺ​គេ​ដាក់​ជា​មុខទំនិញ​ផ្សេង ហើយ​មិនទាន់បាន​ឆ្លងកាត់​គយ​ទេ គឺ​ដាក់​ពី​កប៉ាល់​មក​នៅ​ទីលាន​កំពង់ផែ​នៅឡើយ​ទេ ហើយ​មិនទាន់​ប្រកាស​គយ​នៅឡើយ​ទេ​។ កាលណា​មក​ប្រកាស​គយ​បាន​អាច​យកចេញ ព្រោះ​នៅ​ទីលាន​កំពង់ផែ គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​នៅឡើយ​ទេ មិនទាន់​ប្រកា​សគយ​ទេ​។ យើង​កំពុង​ស្រាវជ្រាវ​រក​ក្រុមហ៊ុន​ដែល​នាំ​ចូលមក និង​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ ជាគោលការណ៍​នៅពេលដែល​រកឃើញថា មកពី​ប្រទេស​ណា គឺ​ត្រូវបញ្ជូន​ត្រឡប់​ទៅ​ប្រទេស​នោះ​វិញ​។


​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា សមត្ថកិច្ច​កិច្ច​នឹង​កំណត់ថា​ទំនិញ​ហាមឃាត់​ទាំងនេះ​មកពី​ប្រភព​ណា ហើយនឹង​ត្រូវ​បញ្ជូនទៅ​ប្រភពដើម​វិញ និង​ធ្វើការ​ផាកពិន័យ​លើ​ក្រុមហ៊ុន​ដែល​នាំ​ចូលមក​នោះ​តាមច្បាប់​ជា​ធរមាន​។ ក្រសួងបរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹងធ្វើ​ការស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែមទៀត​ដើម្បី​ស្វែងរក​ប្រភព និង​ឫសគល់​ដែលនាំឱ្យ​មានការ​នាំចូល​សំណល់​សំរាម​នេះ​មកកាន់​ប្រទេស​កម្ពុជា​។

​គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់​ជាច្រើនលើក​រួចមកហើយ​ថា «​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ជាដាច់ខាត​ចំពោះ​ការនាំ​ចូល​សំណល់​ប្លា​ស្ទិ​កមក​កែច្នៃ​នៅ​កម្ពុជា​។ កម្ពុជា​មិនមែនជា​ធុងសំរាម​សម្រាប់​ការ​បោះចោល​បច្ចេកវិទ្យា​ហួស​សម័យ​នោះទេ​ហើយ​រដ្ឋាភិបាល​ជំទាស់​ជានិច្ច​នឹង​ការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក​និង​ប្រេងម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា​៕ សរន