ចូលរួម​ដាំ​ដើមឈើ​ទាំងអស់គ្នា​ដើម្បី​សុភមង្គល​សង្គមជាតិ​និង​ផែនដី​ពណ៌​បៃតង​

497
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ ការបង្កើតឱ្យមាន​ព្រៃឈើ​ពិតជា​ផ្តល់​សារប្រយោជន៍​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច ធ្វើឱ្យមាន​លំនឹង​បរិស្ថាន ទប់ស្កាត់​ទឹកជំនន់ ខ្យល់ព្យុះ ការហូរ​ច្រោះ​ដី ពិសេស​ព្រៃឈើ​ជា​ប្រភព​ស្រូប​ទាញ​ទឹកភ្លៀង​ដែលជា​លក្ខខណ្ឌ​ចាំបាច់ ចំពោះ​វិស័យ​កសិកម្ម​។ ដូច្នេះ គ្រប់​មជ្ឈដ្ឋាន​សូម​ចូលរួម​ដាំ​ដើមឈើ​ដើម្បី​សុភមង្គល និង​ផែនដី​ពណ៌​បៃតង​។​

ថ្លែង​ក្នុងឱកាស​អបអរ​ពិធី​រុក្ខទិវា​៩​កក្កដា ធ្វើឡើង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ លោក​ជាវ តា​យ​បាន​មានប្រសាសន៍ថា​ការបង្កើតឱ្យមាន​ព្រៃឈើ​ពិតជា​ផ្តល់​សារប្រយោជន៍​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច ធ្វើឱ្យមាន​លំនឹង​បរិស្ថាន ទប់ស្កាត់​ទឹកជំនន់ ខ្យល់ព្យុះ ការហូរ​ច្រោះ​ដី​ពិសេស​ព្រៃឈើ​ជា​ប្រភព​ស្រូប​ទាញ​ទឹកភ្លៀង​ដែលជា​លក្ខខណ្ឌ​ចាំបាច់​ចំពោះ​វិស័យ​កសិកម្ម​។ ដោយ​ដើរ​តាម គន្លង​នៃ​សម្តេចព្រះ​បរម​រតន​កោដ្ឋ ក៏ដូចជា​ព្រះរាជ​សកម្មភាព​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី​បាន និង​កំពុង​អនុវត្ដ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​ដាំ​ព្រៃឈើ​ឡើងវិញ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ ការដាំ​ឈើ​ក៏បាន​ផ្សារភ្ជាប់​នូវ​កិច្ច​ថែរក្សា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ដែលជា​ទ្រព្យសម្បត្ដិ​ជាតិ ព្រមទាំង​ប្រើប្រាស់​ព្រៃឈើ​ប្រកបដោយ​វិចារណញ្ញាណ​ផងដែរ​។

លោក​អភិបាលខេត្ត​បាន​បន្តថា​ដោយឡែក​ការ​ប្រារព្ធ​ពិធី​រុក្ខទិវា​នា​ថ្ងៃនេះ​បង្ហាញ​ឱ្យឃើញ​នូវ​ការ​ភ្ញាក់រលឹក និង​ចូលរួម​យ៉ាងសកម្ម​រប​ស់​ប្រជាពលរដ្ឋ​ខេត្ដ​កំពត​ក្នុង​កិច្ចការពារ ព្រមទាំង​បង្កើន​ធនធាន​ព្រៃឈើ​ដ៏​មានតម្លៃ​សម្រាប់​បច្ចុប្បន្ន ក៏ដូចជា​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។ បន្ថែម​លើ​អត្ថន័យ​ទាំងនោះ រាល់​សកម្មភាព​ដាំ​ដើមឈើ​ដែល​រដ្ឋបាល​ខេត្តកំពត​តែង​ខិតខំ​ពង្រីក​បន្ថែម​គឺមាន​បំណង​ប្រែក្លាយ​ក្រុង​បុរាណ​មួយ​នេះ​ឱ្យ​ស្រស់បំព្រង និង​ទេសភាព​ពណ៌​បៃតង​គ្រប់​រដូវ​កាល​។

ដូច្នេះ​ក្នុងនាម រដ្ឋបាលខេត្ត លោក​សូម​អំពាវនាវ​ដល់​ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ដាំ​ដើមឈើ​ដើម្បី​សុភមង្គល​សម្រាប់​សង្គម​ជាតិ​ទាំងមូល​។​

លោក​ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បានបញ្ជាក់​ថា​ជាការ​អបអរ សម្រាប់​រុក្ខទិវា​៩​កក្កដា​ដែល​ប្រារព្ធ​ឡើង​នា​ថ្ងៃនេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​នាំយក​នូវ​ប្រភេទ​ឈើ​ដែល​កំពុង​ប្រឈម​ផុត​ពូជ​ចំនួន​៦១០​ដើម​មក​ចែកជូន​ដើម្បី​ដាំ​នៅតាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​កំពត​។ ពូជឈើ​ទាំងនោះ រួមមាន ដើម​ឆត្រ​ទេស​ចំនួន​៣០​ដើម ដើម​ធ្នង់​ចំនួន​៨០​ដើម កូន​គ្រញូង​ចំនួន​១០០​ដើម កូន​នាងនួន​១០០​ដើម កូន​គគីរ​១០០​ដើម កូនឈើ​ទាល​១០០​ដើម និង​ដើម​រំដួល​ចំនួន​១០០​ដើម​។ ជាមួយនេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក៏បាន​នាំយកមក​សម្រាប់​ចែកជូន ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​យកទៅ​ដាំ​ចំនួន​៤០០​ដើម​ផងដែរ​៕​B/