ចូលរួម​ថែរក្សា​ព្រៃឈើ

491
ចែករម្លែក

កាលពី​រសៀល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត មណ្ឌលគិរី​។

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ភាគ​ឦសាន​នេះ កងកម្លាំង​ប្រដាប់ អាវុធ បាន​ចាប់ខ្លួន​មនុស្ស​បួន​នាក់ ក្នុងនោះ មាន​ឧកញ៉ា​ឈើ​ដ៏​ល្បីល្បាញ​ម្នាក់ ឈ្មោះ សឹង្ហ សំអុល ដែលជា​ប្រធាន​ក្រុមហ៊ុន ,​មេការ​ពីរ​នាក់ និង​អ្នកបើករថយន្ត​ម្នាក់​។ ក្រៅពី នោះ សមត្ថកិច្ច​ចម្រុះ ក៏បាន​ដកហូត​រថយន្ដ​ដឹកឈើ​ជាង ៤០​គ្រឿង ដោយ​ត្រៀម​កម្ទេច ចោល​នៅនឹងកន្លែង​។​
​ ​
​ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃទី​០៩ ខែកក្កដា បានធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានដាក់​ចេញ​នូវ​វិធានការ​ថ្មី ពីរ​ចំណុច ដើម្បី​ថែរក្សា​បាន​ព្រៃឈើ​គង់វង្ស រួមមាន ទី​១.​បុគ្គល ឬ​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើសច្បាប់​នេះ នឹងត្រូវ​អនុវត្ត​វិធាន ការ​ច្បាប់​តឹងរ៉ឹង និង​ទី​២-.​មធ្យោបាយ ដូចជា រថយន្ត គោយន្ត ម៉ូតូ​… ដែល​ពាក់ព័ន្ធ​នឹង បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​ស្នើសុំ​ទៅ​អាជ្ញាធរ មាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល នៅនឹងកន្លែង​។​

​ជាការ​កត់សម្គាល់ ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ខុសច្បាប់​ដោយ​ចាប់បាន ឧកញ៉ា ឈើ​ដ៏​ល្បីល្បាញ ស៊ឹង សំអុល បានធ្វើ​ឡើង ចំ​ថ្ងៃ​ប្រារព្ធ​បុណ្យ​រុក្ខទិវា​ដែល កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ក្នុង​ព្រះរាជ​ពិធីបុណ្យ « រុក្ខទិវា » ប្រារព្ធ​ឡើង នៅលើ​ផ្ទៃដី​ជាង ១០​ហិកតា នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ក្បាលដំរី ក្នុងភូមិ ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សម្បូណ៌ ខេត្ដ​ក្រចេះ​។

​ក្នុង​ព្រះ​រាជពិធី​រុក្ខទិវា នេះ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​អំពាវនាវ​ដល់​ជនរួមជាតិ នាំគ្នា​ដាំ​ដើមឈើ​គ្រប់​ប្រភេទ ក្នុងនោះ​មាន​ដើមត្នោត ផងដែរ នៅ​ទីវ​ត្ត​អារាម ទីសាធារណៈ រមណីយដ្ឋាន តាម​ដងផ្លូវ និង​ភូមិដ្ឋាន​នានា​។ ព្រះអង្គ ក៏​លើកទឹកចិត្ត​គូស្រករ​ដែល​ទើប​រៀប​អាពាហ៍ពិពាហ៍ ដាំ​ដើមឈើ ទុកជា អនុស្សាវរីយ៍ នៅតាម​សួន​ក្រោម​ការរៀបចំ​របស់​រដ្ឋ​បាល​ព្រៃឈើ​។ បុណ្យ​រុក្ខទិវា ថ្ងៃ​៩​កក្កដា ត្រូវបាន​បង្កើតឡើង នៅក្នុង​ឆ្នាំ​១៩៥២​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​ការថែរក្សា​សម្បត្ដិ​ព្រៃឈើ ជាពិសេស​ដើម្បី​ថែរក្សា ការពារ និង​បណ្តុះ​គំនិត​ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន ធម្មជាតិ​។​

​នៅ​ថ្ងៃ​៩​កក្កដា ជា​រៀងរាល់ឆ្នាំ ព្រះមហាក្សត្រ តែងតែមាន​ព្រះរាជ​វត្តមាន​ក្នុង​ព្រះរាជ ពិធីបុណ្យ​រុក្ខទិវា ដោយ​កាលពី​ឆ្នាំ​២០១៨ ព្រះអង្គ​បាន​យាង​ជា​រាជាធិបតីភាព​ក្នុង​ពិធី ដាំ​ដើមឈើ លើ​ផ្ទៃដី​ជាង ៥០​ហិកតា ស្ថិតក្នុង​ស្ថានីយ​ដាំ​កូនឈើ​ថ្ម​រូង​ក្នុងភូមិ​ព្រែក អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២៧ ខែមិថុនា កន្លងទៅ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ផ្ញើលិខិត​មួយច្បាប់ ជូន​លោកនាយ ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ ល្មើស​ធនធានធម្មជាតិ ក្នុង​កម្មវត្ថុ​ស្នើ​ជួយ​មាន​វិធានការ​សមស្រប​លើ​ភាព​អ​នា ធិបតេយ្យ បទល្មើស​ចរាចរ​ឈើ​ចេញ​តាម​ច្រកព្រំដែន​។​
​ ​
​ក្នុង​លិខិត លោក​រដ្ឋមន្ត្រី វេ​ង សាខុន លើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ព័ត៌មាន និង​ចុះ​ផ្ទៀងផ្ទាត់​ទីវាល​នៅតាម​បណ្តា​ខេត្ត​មួយចំនួន នៅ​ភូមិភាគ​ឥ​ឦសាន កត់សម្គាល់​ឃើញថា ភាពអនាធិបតេយ្យ​ចរាចរ​ឈើ​ល្មើស ហាក់​កក្រើក​ឡើងវិញ ជាក់ស្តែង ចន្លោះ​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៩ ខែមិថុនា នៅតាម មាត់ច្រក​ព្រំដែន​ដាក់​ដាំ មាន​ចរាចរ​ឈើ​ល្មើស តាម​រថយន្ត​សាំ​យ៉ុង ក្នុង​រង្វង់​រយ​ឡាន ឆ្លងកាត់​តាម​ច្រកទ្វារព្រំដែន​ដាក់​ដាំ ទៅកាន់​ប្រទេស​វៀតណាម យ៉ាង​រលូន ដោយ​ពុំ មានការ​ទប់ស្កាត់​ពី​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្តិច​ណា​ឡើយ​។ ករណីនេះ បាន​បង្ក​នូវ ភាព​ភ្ញាក់ផ្អើល បង្កើត​នូវ​ភាពមន្ទិលសង្ស័យ​របស់​មជ្ឈដ្ឋាន​ជុំវិញ​ពី​ភាព​ពាក់ព័ន្ធ​របស់ សមត្ថកិច្ច​ទូទៅ​ក្នុងការ​អនុវត្ត​ច្បាប់​ជា​ធរមាន​។ បច្ចុប្បន្ន ព្រឹ​ត្ត​ការណ៍​នេះ​បាន​ស្ងប់ ស្ងាត់​វិញ ក្រោយពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចាត់ថ្នាក់​ដឹកនាំ​ចុះ ពិនិត្យ និង​ធ្វើ​សកម្មភាព​ទប់ស្កាត់​។​
​ ​
​លោក​រដ្ឋមន្ត្រី បន្តថា “​ចំពោះ​ករណី​ពាក់ព័ន្ធ​កន្លងមក​ចៀសវាង​ភាពអនាធិបតេយ្យ​ទ្រង់ ទ្រាយ​ធំ អាច​កើតឡើង​ជាយថាហេតុ​ទៀត​នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្នើ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ជួយ​មាន​វិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់​ប្រកបដោយ ប្រសិទ្ធភាព​តាម​ការគួរ​”​។​

​ជាការ​ពិត បទល្មើស​ព្រៃឈើ គឺ​ការកាប់ និង​ដឹកឈើ​មិនមែន​ធ្វើឡើង​ដោយ​ស្ងាត់ស្ងៀម ហើយ​បាំង​ភ្នែក​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​តាម​ខេត្ត​នីមួយៗ​ពិសេស​នៅតាម​ច្រក​ព្រំ ដែន​បាន​នោះទេ​។ តែ​កន្លងមក មាន​សេចក្តីរាយការណ៍​ថា ឈ្មួញ​ឈើ បានដាក់​ខែ បង់លុយ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​គ្រប់ផ្នែក ទើប​អាច​នាំចេញ​ឈើ​ទាំង​ឡានៗ ចេញពី​ព្រៃ ឆ្លងខេត្ត​មួយ​ទៅ​ខេត្ត​មួយ រហូតដល់​ដឹកឈើ​ឆ្លងដែន​ថែមទៀត​ផង​។​

​គេ​ចាំបាន​ថា វិធានការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ត្រូវបាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដឹកនាំ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ ចាប់តាំងពី​ឆ្នាំ​២០១៥ ដែល​រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​
​កាលណោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ប្រកាស​ផ្តល់នូវ​មធ្យោបាយ​គ្រប់​ប្រភេទ រួមទាំង​ឧទ្ធម្ភាគចក្រ បំពាក់​ដោយ​អាវុធ​គ្រប់​ធុន ជូន​គណៈកម្មការ​ជាតិ ដើម្បី​បាញ់ បង្ក្រាប​ឈ្មួញ​កាប់ និង​ដឹកឈើ​ដោយ​ខុសច្បាប់​ផងដែរ​។

​ក្រោយ​ការបង្កើត​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន ធម្មជាតិ ភ្លាមនោះៗ ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ ក៏ត្រូវ​បានធ្វើ​ឡើង​ទ្រង់ ទ្រាយ​ធំ នៅ​គ្រប់​ខេត្ត​រាជធានី ទូទាំងប្រទេស ពិសេស​ខេត្ត​ភាគ​ឦសាន​។ ឈើ​រាប់ម៉ឺន ម៉ែត្រគូប ត្រូវបាន​ចាប់​រឹបអូស ហើយ​ឈ្មួញ​ឈើ​មួយចំនួន ក៏​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន ទៅ​តុលាការ​។ ប៉ុន្តែ​កាលណោះ ឈ្មួញ​ឈើ​ធំៗ ដូច​ករណី​ឧកញ៉ា សឹង្ហ សំអុល ជាដើម​នេះ មិន​ត្រូវបាន​ចាប់ខ្លួន​ឡើយ បើទោះបីជា​កាលណោះ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នូវ​ឈ្មោះ​ឧកញ៉ា​នេះ ក្នុង​ជំនួញ​ឈើ​ក៏ដោយ​។​

​នៅពេលនេះ ឈ្មួញ​ឈើ ដែលជា​ឧកញ៉ា​ល្បីល្បាញ មិនមែន​មានតែ​ឧកញ៉ា ស៊ឹង សំអុល ម្នាក់​នោះទេ​។ នៅមាន​ឈ្មួញ​ឈើ​ច្រើន​ទៀត​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច ចម្រុះ ពិសេស​គណៈកម្មការ​ជាតិ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា គួរតែ​ចាត់វិធានការ​ចាប់​បង្ក្រាប ដោយ​គ្មាន​ការលើកលែង​។ រីឯ​អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ពិសេស​អាជ្ញាធរ​សមត្ថ​កិច្ច​ប្រចាំ​ច្រកព្រំដែន​ដែល​ឈ្មួញ​នាំ ឈើ​ចេញ​ទាំង​ឡានៗ គួរតែ​ដកខ្លួន ហើយ​ឈប់​យកលុយ​ពី​ឈ្មួញ​ឈើ​បើ​មិន​ដូច្នោះ ទេ គណៈកម្មការ​ជាតិ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​នឹង​ស្រាវ​ឲ្យ​ដល់ ឫសគល់ បង្ក្រាប​ដល់​អាជ្ញាធរ​សមត្ថកិច្ច ដែល​យកលុយ​ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​រកស៊ី ឈើ ដឹកឈើ​នាំចេញ រហូតដល់​ក្រៅប្រទេស​។​

​បើសិនជា​យើង​ម្នាក់ៗ ចូលរួម​ទាំងអស់គ្នា ដោយ​គ្រាន់តែ​កុំ​កាប់​ឈើ កុំ​ដឹកឈើ កុំ​រកស៊ី​ឈើ កុំ​ទិញ​កុំ​លក់​ឈើ នោះ​យើង​ក៏​អាច​កាត់បន្ថយ និង​ឈានដល់​លុបបំបាត់ ការកាប់បំផ្លាញ​ព្រៃឈើ​បាន​មួយផ្នែកធំ​ទៅហើយ​។ អ្នកទិញ​ឈើ​ខុសច្បាប់​ក៏​គួរតែ អាជ្ញាធរ ចាប់​បង្ក្រាប​ដោយ​គ្មាន​ការលើកលែង​។

​បើសិនជា​យើង​មិនបាន​ចូលរួម​ដាំ​ដើមឈើ​ទេ សូម​ចូលរួម​ត្រឹមតែ​មិន​កាប់​មិន​ដឹក ជញ្ជូន និង​មិន​ទិញ​លក់​ឈើ​ខុសច្បាប់ នោះ​គឺជា​ការចូលរួម​ថែរក្សា​ព្រៃឈើ​ហើយ​៕ ដោយៈ​ម៉េង​ឆៃ​

#