ចូលរួម​ទាំងអស់គ្នា ដើម្បី​ផ្លូវ​ស្អាត​!

427
ចែករម្លែក

គេ​អាច​នៅចាំ​បាន​ថា​ កាលពី​ថ្ងៃទី​២៦ ខែកក្កដា​កន្លងទៅ​លោក ឃួ​ង ស្រេង អភិបាលរាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យមើល​សណ្តាប់ធ្នាប់​សាធារណៈ​និង​អនាម័យ​នៅ​ជុំវិញ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ​ដែល​ស្ថិតនៅ​តំបន់ អភិវឌ្ឍន៍​របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ឆ្លងស្ពាន​ព្រែក​ព្នៅ ទល់មុខ​ពហុ​កីឡដ្ឋាន​ជាតិមរតក​តេ​ជោ ក្នុង​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។
​ ​
​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ទៅលើ​បញ្ហា​សន្តិសុខ សណ្តាប់​សាធារណៈ និង​បញ្ហា​បរិស្ថាន​អនាម័យ នៅ​ជុំវិញ​តំបន់​វិមាន​ឈ្នះ​ឈ្នះ ឱ្យបាន​ល្អប្រសើរ​។

​ការលើកឡើង​របស់​អភិបាល​រាជធានី​ភ្នំពេញ​ដូច្នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ទៅ​ទស្សនា​កំសាន្ត នៅ​វិមាន​ឈ្នះ​ឈ្នះ​ដែល​កើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ​។
​ ​
​ក្រៅពី​បញ្ហា​សណ្តាប់ធ្នាប់​និង​អនាម័យ លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ ដល់​អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ដើមឈើ​ជាពិសេស​ត្រូវដាំ​ជួស​ឡើងវិញ​ទាំងអស់​ចំពោះ​ដើមឈើដែល​បាន​ងាប់ ដើម្បី​ផ្តល់​ភាព​ទាក់ទាញ ដល់​ភ្ញៀវទេសចរ បន្ទាប់ពី​បាន​ទស្សនា និង​ឈ្វេងយល់​ពី​វិមាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​។

​វិមាន​ឈ្នះ​ឈ្នះ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​បី​យប់ កាលពី​ថ្ងៃទី​២៩-៣១ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។

​វិមាន​ឈ្នះ​ឈ្នះ បាន​ក្លាយជា​មជ្ឈមណ្ឌល​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​និង​ជា​តំបន់សិក្សា​ស្រាវជ្រាវ​របស់​អ្នកប្រវត្តិសាស្ត្រ​។ ជា​រៀងរាល់ថ្ងៃ​មាន​អ្នកទេសចរ​ជាតិ​-​អន្តរជាតិ ជាច្រើន បាន​ទៅ​ទស្សនកិច្ច​ឈ្វេងយល់​ពី​កន្លែង​ដែល​រម្លឹក​ពី​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​បញ្ចប់សង្គ្រាម​រវាង​ខ្មែរនិង​ខ្មែរ ពោលគឺ​ការ បញ្ចប់​អង្គការ​ចាត់តាំង​ខ្មែរក្រហម តាមរយៈ​គោលនយោបាយ​ឈ្នះ​ឈ្នះ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨​។​

​វិមាន​ឈ្នះ​ឈ្នះ ក៏​ជា​កន្លែង​ទទួល​បដិសណ្ឋារកិច្ច ចំពោះ​វត្តមាន ប្រមុខ​ដឹកនាំ​ប្រទេស ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​បណ្តា​ប្រទេស​ជា​មិត្ត មក​បំពេញ​ទស្សនកិច្ច​សិក្សា​ឈ្វេងយល់​ពីការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ផងដែរ​។​

​យ៉ាងណា​ក៏ដោយចុះ ក្រោយពី​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ផ្ទាល់​តាមផ្លូវ និង​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ​រួចមក គឺ​មន្ត្រី​ជំនាញ កម្លាំង​សន្តិសុខ​ខណ្ឌ ព្រមទាំង​ក្រុមហ៊ុន ស៊ិន​ទ្រី បាន​បោសសម្អាត​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ( អតីត​ផ្លូវ​កប់​ស្រូវ ) បោស​ដី និង​លាងសម្អាត​លើ​ស្ពាន​ព្រែក​ព្នៅ ព្រមទាំង​បោសសម្អាត និង​បាញ់​ទឹក​លាង​ផ្លូវភ្លោះ​មុខ​វិមាន ឈ្នះ​ឈ្នះ​ដែលជា​អតីត​ផ្លូវ​លី​យ៉ុង​ផាត់​ភ្ជាប់​ពី​ស្ពាន​ព្រែក​ព្នៅ ទៅ​ផ្លូវជាតិ​លេខ​៦​នៅមុខ វិមាន​ឈ្នះ​ឈ្នះ ជាដើម​។​

​ស្មៅ​លម្អ​លើ​បំណែក​ចែកផ្លូវ រួមទាំង​សំរាម ថង់​ប្លា​ស្ទិ​ក ប្រអប់​ជ័រ ជាដើម​ត្រូវបាន​កាត់ តម្រឹម និង​បោសសម្អាត​។ ដី ដែល​ធ្លាក់​ពី​ឡាន​ដឹក​ដី​ជា​រៀងរាល់ថ្ងៃ​ក៏ត្រូវ​បាន​បោស កៀរ​ប្រមូល​ចេញ​ផងដែរ​។ ទង់ជាតិ​កម្ពុជា​ក៏ត្រូវ​បាន​គេ​រៀបចំ​ចង​លម្អ​នៅតាម​បង្គោលភ្លើង​តាម​បង្កាន់ដៃ​សងខាង​លើ​ស្ពាន​ព្រែក​ព្នៅ​។​

​ជាការ​ពិត ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ រួមទាំង​ស្ពាន​ព្រែក​ព្នៅ ត្រូវបាន​រៀបចំ​យ៉ាង​ល្អ​ស្អាត អំឡុង​ពេលមុន​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ដែល​ធ្វើបុណ្យ​បី​យប់​បី​ថ្ងៃ​កាលពី ថ្ងៃទី​២៩-៣១​ធ្នូ ឆ្នាំ​២០១៨​។ ភ្លើង​លម្អ​ពេលយប់ ក៏ត្រូវ​បានដាក់​តាម​មែ​ក​និង​គល់​ដើម អំពិល​ទឹក​បារាំង ឬ​ដើម​ចន្ទន៍​គិរី យ៉ាង​ស្រស់បំព្រង​។​

​ក៏ប៉ុន្តែ​មួយថ្ងៃ​ទៅមួយថ្ងៃ ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ បូករួម​ទាំង​ផ្លូវ​ហាណូយ​ផង គឺ​ពោល​ពេញ ដោយ​ធូ​លី​ដី ដែល​ធ្លាក់​ពី​ឡាន​ដឹក​ដី​រាប់រយ​គ្រឿងក្នុង​មួយៗ​។ នេះ​ក៏​ដោយសារតែតំបន់​ជាយក្រុង​ប៉ែក​ខាង​ព្រែក​ព្នៅ ក៏ដូចជា​នៅ​តំបន់​អភិវឌ្ឍន៍​របស់លោក​ឧក​ញ៉ា លី​យ៉ុង​ផាត់ កំពុង​ចាក់ដី​រាប់ពាន់​ហិកតា​ដើម្បី​អភិវឌ្ឍន៍​ជា​បុរី​ផ្ទះល្វែង​និង​អគារ​ពាណិជ្ជកម្ម ជាដើម​។​

​ការអភិវឌ្ឍ ដែល​ការដ្ឋាន​កំពុងដំណើរការ​សាងសង់​អគារ បុរី​ផ្ទះល្វែង វីឡា ខុន​ដូ គឺ​មិនមែនមាន​តែ​នៅ​តំបន់​ព្រែក​ព្នៅ​នោះទេ​ពោលគឺ​នៅ​ភ្នំពេញ ទាំង​តំបន់​ជាយក្រុង និង​ទាំងនៅ​កណ្តាល​ក្រុង ក៏​កំពុងដំណើរការ​ការដ្ឋាន​សាងសង់ អគារ​ខ្ពស់ៗ យ៉ាងច្រើន​រាប់ភ្លេច​។​

​យ៉ាងណាក៏ដោយ ការអនុវត្ត​របស់​ម​ន្ត្រី​ថ្នាក់ក្រោម ក្នុងការ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​វិមាន​ឈ្នះ​ឈ្នះ គួរតែ​កុំ​ឲ្យ​លើស​ជ្រុល​ពេក​។ ពោលគឺ​អ្នកលក់ដូរ​តាម​រទេះ ដូចជា មីឆា ពង​ទា​កូន ប្រហិត ការ៉េម ជាដើម គួរតែ​ណែនាំ​ពួកគាត់ឲ្យ​ដាក់លក់​តាម​ចិញ្ចើមផ្លូវ កុំ​ចេញទៅ​ថ្នល់​ពេក ហើយ​ត្រូវ​វេច​ខ្ចប់​កាកសំណល់ ថង់​ប្លា​ស្ទិ​ក ប្រអប់​ជ័រ ដប​ទឹក​សុទ្ធ សម្បក​កំប៉ុង ជាដើម ឲ្យ​មាន​របៀបរៀបរយ ចងទុក​ដាក់ និង​ជញ្ជូន​សំរាម​យកទៅ​បោះចោលឲ្យ​បាន​ស្អាត​ល្អ​។​

​ចំពោះ​វិធានការ​ដើម្បី​ឲ្យ​ផ្លូវកុំ​ឲ្យ​មាន​ធូលី​ដី ដែល​កើតចេញពី​ឡាន​ដឹក​ដី គឺមាន​វិធី ច្រើនយ៉ាង​។ ទី​១-​អ្នករកស៊ី​ឡាន​ដឹក​ដី គួរតែ​អនុវត្ត​នន៍ូវ​វិធានការ​ណែនាំ​របស់​អាជ្ញា​ធរ សមត្ថកិច្ច ពោលគឺ​មុន​ចេញពី​ការដ្ឋាន និង​កន្លែង​ដឹក​ដី​ត្រូវ​បាញ់​ទឹក​លាង​សម្អាត​កង់ឡាន និង​ឡាន​។ រីឯ​ដី​លើ​ឡាន ខ្សាច់ ក្រួស ថ្ម ជាដើម​នោះ ត្រូវ​គ្រប​តង់​កៅស៊ូ បិទបាំង ដោយ​ត្រូវ​ប្រាកដថានឹងមិន​មាន​ដី ខ្សាច់ ក្រួស ឬ​ថ្ម រមៀល​ជ្រុះ​ចេញពី​ឡាន​ឡើយ​។

​ទី​២-​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​នីមួយៗ ត្រូវ​ចុះ​ត្រួតពិនិត្យ​ឡាន​ដឹក​ដី ខ្សាច់ ថ្ម ក្រួស​ទាំងនោះ ដូច​អ្វីដែល​ប៉ុន្មាន​ឆ្នាំមុន លោក ឌិ​ត ទីណា រដ្ឋលេខាធិការក្រសួង​រ៉ែ និង​ថាមពល បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ត្រួតពិនិត្យ និង​ឃាត់​ឡាន​ដឹក​ដី ខ្សាច់ ថ្ម ក្រួស ទាំងឡាយណា ដែល​មិនមាន​គ្រប​តង់​កៅស៊ូ​ត្រឹមត្រូវ​ជាដើម​។ បើសិនជា ឡាន​ដឹក​ដី ខ្សាច់ ថ្ម ក្រួស ទាំងនោះ មិនបាន​លាង​សម្អាត​កង់ ហើយ​បង្ក​ឲ្យ​ជ្រុះ​ដី​លើផ្លូវ គឺ​ត្រូវ​ចាប់​ឃាត់ ហើយ​ផាកពិន័យ​។

​ទី​៣-​ប្រជាពលរដ្ឋ ជា​ម្ចាស់ផ្ទះ ក៏​គួរតែ​ចូលរួម​សម្អាត​ផ្លូវ​។ ពោលគឺ​មុខផ្ទះ​មុខ​ហាង នរណា អ្នកនោះគួរតែ​ចូលរួម​បោសសម្អាត​ធូរ​លី​ដី បាញ់​ទឹក​លាង​ទាំងអស់គ្នា​។ នោះ​ផ្លូវ​មុខផ្ទះ ផ្លូវ​មុខ​ហាង នឹង​បាន​ស្អាត លែងមាន​ធូ​លី​ហុយ​ទ្រលោម​ទៀតហើយ​។​

​ទី​៤- អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ ពិសេស​អាជ្ញាធរ​ខណ្ឌ ក៏​គួរតែ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដឹក​ដី ឬក៏​ម្ចាស់​ការដ្ឋាន អ្នកម៉ៅការ​សំណង់ ទទួលខុសត្រូវ បោស​លាង​សម្អាត​ផ្លូវ​ក្រោយ ពេល​ដឹក​ដី ខ្សាច់ ថ្ម ក្រួស ចេញចូល​ការដ្ឋាន​ទាំងនោះ​។ បើសិនជា​ក្រុមហ៊ុន​ឡាន​ដឹកជញ្ជូន​ដី ខ្សាច់ ក្រួស ថ្ម ឬក៏​ម្ចាស់​ការដ្ឋាន អ្នកម៉ៅការ​សំណង់​ទាំងនោះ​មិន​ព្រម​ដាក់ កម្លាំង​បោស​លាង​សម្អាត​ផ្លូវ​វិញ​ទេ គឺ​អាជ្ញាធរ​សមត្ថកិច្ច អាច​ឲ្យ​ម្ចាស់​ឡាន​ដឹក​ដី ខ្សាច់ ក្រួស ថ្ម ឬក៏​ម្ចាស់​ការដ្ឋាន អ្នកម៉ៅការ​សំណង់ បង់ប្រាក់ ត្រឹមតែ ១​ឡាន ១០​ដុល្លារ ក្នុង ១​អាទិត្យ ក៏បាន​។ លុយ​ថ្លៃ​ឡាន​នោះ អាជ្ញាធរ​សមត្ថកិច្ច អាច​ចាត់ចែង​ផ្តល់​ជា​ប្រាក់ លើកទឹកចិត្ត ដល់​កងកម្លាំង​សន្តិសុខ​តាម​ខណ្ឌ រាជធានី និង​ភ្នាក់ងារ​ក្រុមហ៊ុន​ស៊ីន​ទ្រី ដើម្បី​ចូលរួម​បោសសម្អាត បាញ់​ទឹក​លាង​ផ្លូវ ១​សប្តាហ៍​ម្តង​។​

​សរុបមក វិធានការ​មើលផ្លូវ​នេះ គួរតែ​អាជ្ញាធរ​ជំនាញ ពិសេស​អាជ្ញាធរ​ខណ្ឌ ត្រួតពិនិត្យ អនុវត្ត​ន៍ជាប្រចាំ បើ​មិនបាន​រៀងរាល់ថ្ងៃ ក៏​សូម​ឲ្យ​បាន​រៀងរាល់​សប្តាហ៍​។ រីឯ​ធនធានចំណាយ បើសិនជា​មិនមាន​ខ្ទង់ចំណាយ​សម្រាប់​ការថែទាំ​ផ្លូវ​ទេ គឺអាច​ឲ្យ​ក្រុមហ៊ុនដឹកជញ្ជូន ឡាន​ដឹក​ដី ឬក៏​ម្ចាស់​ការដ្ឋាន ចូលរួម​វិភាគទាន ដើម្បី​លាង​សម្អាត​ផ្លូវ កុំ​ឲ្យ​យើង​មាន​ផ្លូវ​ស្អាត​ល្អ ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង​ហើយ បែរជា​ដី​ហុយ​ទ្រលោម ដោយសារតែ​ឡាន​ដឹក​ដី ដែល​ខ្វះ​ការទទួល​ខុសត្រូវ​​ទៅវិញ​៕ ដោយ​:​ម៉េង​ឆៃ​/Ha