ចូលរួម​បរិច្ចាគ​ឈាម ថ្ងៃ​១៤​មិថុនា​!

1076
ចែករម្លែក

​ដើម្បី​អបអរសាទរ ទិវា​ពិភពលោក​នៃ​អ្នកបរិច្ចាគឈាម ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានរៀបចំ​កម្មវិធី​ប​រិ​ច្ចាគ​ឈាម​ស្ម័គ្រចិត្ត​ដោយមាន​ការ ចូលរួម​ពី​កាកបាទក្រហមកម្ពុជា​សាខា​រាជធានី​ភ្នំពេញ​សមាគម​សប្បុរសជន​បរិ​ចា្ច​គ ឈាម​កម្ពុជា ក្រុមហ៊ុន​ជីបម៉ុង និង​ក្រុមហ៊ុន FFG MOVEMENT​។

​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានប្រកាស​អំពាវនាវ សូម​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ និង​ស្ថាប័ន​នានា ចូលរួម​ផ្តល់​ឈាម ដើម្បី​ចូលរួមចំណែក​សង្គ្រោះ ជីវិត​។ សូមកុំ​ភ្លេច​ចូលរួម​បរិច្ចាគ​ឈាម​ទាំងអស់គ្នា នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម រាជធានី​ភ្នំពេញ ស្ថិត​នៅជាប់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​រុស្ស៊ី តាមផ្លូវ​លេខ​២៧១ ខាងត្បូង​ផ្សារ​ទំនើប​សុ​វណ្ណា​។​
​ ​
​ទិវា​ពិភពលោក នៃ​អ្នកបរិច្ចាគឈាម ថ្ងៃ​១៤​មិថុនា ដែល​ការផ្តល់​ឈាម ដើម្បី​សង្គ្រោះ ជីវិត​។ ក្នុងនោះ​ការបរិច្ចាគ​ឈាម​ទៀងទាត់ អាចជួយ​សង្គ្រោះ​ជីវិត​ពេញ​មួយឆ្នាំ​។​

​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានប្រកាសថា ឈាម ១​ប្លោក សង្គ្រោះ​ជីវិត បាន ៣​នាក់​។ លក្ខខណ្ឌ​ផ្តល់​ឈាម គឺ​បុរស​ស្ត្រី អាយុ​ចាប់ពី ១៨-៦០ ឆ្នាំ ទម្ងន់​ចាប់ពី ៤៥ គីឡូក្រាម​ឡើងទៅ ជា​មនុស្ស​មាន​សុខ​ភាពល្អ​។ ក្នុងនោះ បុរស​អាច​ផ្តល់​ឈាម រៀងរាល់ ៣​ខែម្តង និង ៤​ខែ សម្រាប់​ស្ត្រី​។​
​ ​
​ដំណាក់កាល​ផ្តល់​ឈាម គឺ​ការចុះឈ្មោះ ការពិនិត្យ​សុខភាព តេស្ត​រក​ក្រុម​ឈាម និង​អេ​ម៉ូ​ក្លូ​ប៊ី​ន បូម​ឈាម ៨-១០ នាទី និង​ពិសារ​អាហារសម្រន់ ដែលមាន​ទឹកក្រូច នំ ព្រម ទាំង​ទទួលបាន​វត្ថុ​អនុស្សាវរីយ​ជាច្រើន ដូចជា អាវយឺត មី ទឹកដោះគោ ស្ករស ព្រមទាំង​ថ្នាំ​ប៉ូវ​គ្រាប់​ឈាម ជាដើម​។

​រីឯ​ទីតាំង​ផ្តល់​ឈាម នៅតាម​មន្ទីរពេទ្យ​នានា ទូទាំងប្រទេស នៅ​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​នៅតាម​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល ជាដើម​។ ម​ជ្ឈ មណ្ឌល​ជាតិ​ផ្តល់​ឈាម បានទទួល​ឈាម​ពី​សប្បុរសជន​ជា​រៀងរាល់ថ្ងៃ ជា​លក្ខណៈ បុគ្គល ចូល​ស្ម័គ្រចិត្ត​ផ្តល់​ឈាម នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក៏ដូចជា​ទទួល​នូវ ការបរិច្ចាគ​ឈាម ពី​មន្ត្រីរាជការ​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ នៅតាម​បណ្តា​ក្រុមហ៊ុន ឯកជន​នានា សម្រាប់​សង្គ្រោះ​ជីវិត​អ្នកជំងឺ​។ កម្មវិធី​ទទួល​នូវ​ការបរិច្ចាគ​ឈាម​បានធ្វើ ឡើង នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​នៅតាម​ក្រសួង​ស្ថាប័ន ឬក៏​នៅតាម​ក្រុមហ៊ុន ឯកជន នានា ដែល​ស្ម័គ្រចិត្ត ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​។​
​ ​
​តាម​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ជា​រៀងរាល់ថ្ងៃ ត្រូវការ​ឈាម ២០០ ប្លោក​សម្រាប់​អ្នក ជំងឺ​នៅ​គ្រប់​មន្ទីរពេទ្យ​។ កាលពី​ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែលជា​កន្លែង ចែកចាយ​ឈាម ដល់​មន្ទីរពេទ្យ​រដ្ឋ នៅ​ទូទាំងប្រទេស បានប្រកាស​ពី​ការទទួលបាន ឈាម តាមរយៈ​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត ប្រមាណ​ជាង ៨៥.០០០ ប្លោក ក្នុងនោះ នៅ​ភ្នំពេញ ប្រើប្រាស់​ឈាម​ជិត ៦​ម៉ឺន​ប្លោក​។ ដោយឡែក នៅ​ឆ្នាំ​២០១៩​នេះ​ម​ជ្ឈ មណ្ឌល​ជាតិ​ផ្ដល់​ឈាម ត្រូវការ​ឈាម​ប្រមាណ​ជាង ៩​ម៉ឺន​ប្លោក​សម្រាប់​យកទៅ សង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។​
​ ​
​អំណោយ​ឈាម​គ្រប់គ្រាន់ នឹង​អាចជួយ​សង្គ្រោះ​ដល់​ជីវិត​អ្នកជំងឺ បាន​ទាន់ពេលវេលា ពិសេស​អ្នកជំងឺ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ដូចជា​ជំងឺ​ទាក់ទិន​នឹង​ការហូរ​ឈាម​តាម ប្រដាប់​រំលាយ​អាហារ ការវះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍​ការ​ហូរឈាម​មិន ប្រក្រតី នៅមុន និង​ក្រោយពេល​សំរាលកូន ជំងឺ​ខ្សោយ​តំរង់​នោម និង​ការព្យាបាល ថែទាំ​ជំងឺមហារីក ជាដើម​។​
​ ​
​យ៉ាងណាក៏ដោយ ការបរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត ក៏ត្រូវ​ប​បាន​សប្បុរសជន​បានធ្វើ ឡើងជា​បន្តបន្ទាប់ ដែល​ផ្តួចផ្តើម​ដោយ​ប្រធាន​ស្ថាប័ន ដូចជា នៅ​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ក៏ដូចជា នៅ​ក្រុមហ៊ុន​ធនាគារឯកជន ជាដើម​។

​ចលនា​រួមគ្នា​បរិច្ចាគ​ឈាម នឹង​បន្ត​កើតមាន នៅតាម​ស្ថាប័នរដ្ឋ និង​ឯកជន​ជាច្រើន ទៀត តាមរយៈ​ប្រធាន និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​នោះ ដើម្បី​រួមគ្នា សង្គ្រោះ​ជនរងគ្រោះ​។ នៅពេល​បាន​ឈាម​ហើយ អ្នកគ្រប់គ្រង​ឈាម ដែល​បរិច្ចាគ គួរតែ​រក្សា​នូវ​តម្លាភាព ត្រឹមត្រូវ​ដោយ​ធានា​ឲ្យ​ខាងតែបាន កុំ​ឲ្យ​កើតមាន​ការទិញ​លក់​ឈាម ដែល​សប្បុរស ជន បាន​បរិច្ចាគ ដោយ​ស្ម័គ្រចិត្ត​។

​គ្រូពេទ្យ​មួយចំនួន ដែល​ធ្លាប់​ត្រូវបាន​គេ​លើកឡើង​ពី​ការលក់​ឈាម ដល់​អ្នកជំងឺ ក៏​គួរតែបញ្ឈប់​សកម្មភាព​មិនល្អ​នោះ ព្រោះថា ឈាម ដែល​គេ​បរិច្ចាគ​ចេញពី​ខ្លួនគេ ដោយ ស្មោះ បែរ​គ្រូពេទ្យ​ខិលខូច​មួយចំនួន​តូច កេងចំណេញ យកទៅ​ធ្វើជា​ជំនួញ គឺ​មិនគួរ​កើតឡើង​នោះទេ​។​
​ ​
​បើសិនជា​រក្សាបាន​នូវ​តម្លាភាព និង​យុត្តិធម៌​ត្រឹមត្រូវ​ក្នុងការ​ចែកចាយ​ឈាម​ដល់ ជនរងគ្រោះ នោះ​ច្បាស់​ជា​សប្បុរសជន កាន់​តែមាន​ជំនឿ​ហើយក៏​នឹងមាន​ការចូល រួម​បរិច្ចាគ​ឈាម យ៉ាង​ទៀងទាត់​។​

​យ៉ាងណាក៏ដោយ សូម​សាធារណជន មេត្តា​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​ជួយ​ជីវិត មនុស្ស​ជាទី​ស្រឡាញ់​របស់​យើងទាំងអស់គ្នា និង​ដើម្បី​ទទួលបាន​កុសលផល​បុណ្យ​ដ៏ ធំធេង ដើម្បី​សេចក្តី​រីករាយ​ក្នុង​ចិត្ត និង​សំណាងល្អ​ក្នុង​ជីវិត មិន​ថា នៅ​ថ្ងៃទី​១៤​មិថុនា ទិវា​ពិភពលោក​នៃ​អ្នកបរិច្ចាគឈាម​ទេ តែ​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​បរិច្ចាគ​ឈាម ទៀងទាត់ ដែល​បុរស​នៅ​រៀងរាល់​បី​ខែម្តង និង​ស្ត្រី រៀងរាល់ បួន​ខែម្តង​។ ការបរិច្ចាគ ឈាម មិន​ប៉ះពាល់​សុខភាព​នោះទេ​៕ ដោយ​: ម៉េង​ឆៃ​