ចូលរួម​មរណទុក្ខ ឬក៏​ចូលរួម​បង្ហាញតាម​ហ្វេ​ស​ប៊ុ​ក​?

258
ចែករម្លែក

​ថ្ងៃ​១០​កក្កដា ឆ្នាំ​២០១៩ ជា​ខួប​គម្រប់​បី​ឆ្នាំ នៃ​មរណភាព​របស់លោក កែម ឡី អ្នកសិក្សាសង្គម​នយោបាយ ដែល​ត្រូវ​ឃាតករ​ដៃ​ឆើតបាញ់សម្លាប់ នៅក្នុង​ស្តា​ម៉ា​ត ក្នុង​បរិវេណ កា​រ៉ា​ស់​សាំងកាល់​តិច ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ​។​
​ ​
​នៅ​កន្លែង​ដែល​ឃាតក​របាញ់សម្លាប់​លោក​កែម​ឡី គឺមាន​ការប្រមូលផ្តុំ​អ្នក​គោរព ស្រឡាញ់​លោក​ជាច្រើន បើទោះបីជា​អាជ្ញាធរ​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្តុំ​ក៏ដោយ​។ ដោយឡែក​ការ ប្រារព្ធ​ខួប​គម្រប់ ៣​ឆ្នាំ នៃ​មរណភាព​របស់លោក​កែម​ឡី ត្រូវ​បានរៀបចំ​រោងបុណ្យ​នៅ​ផ្នូរ​របស់លោក នៅផ្ទះ ស្រុកកំណើត​របស់លោក​កែម​ឡី នៅ​ខេត្តតាកែវ​។​

​យ៉ាងណាក៏ដោយ យ៉ាងហោចណាស់ មាន​យុវជន​បីនាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១០​កក្កដា នៅ​កា​រ៉ា​ស់​សាំង កាល់​តិច ស្តុ​ប​បូកគោ ខណៈដែល​យុវជន បូ​ន​នាក់ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៩​កក្កដា ដោយសារតែ​អ្នក​ទាំងនោះបោះពុម្ព​អាវ យឺត​រូបលោក​កែម​ឡី លក់​តាម​អន​ឡាញ​។ ក្នុងនោះ នៅ​ថ្ងៃទី​១០​កក្កដា ប៉ូលិស​បាន បញ្ជូន​យុវជន​ម្នាក់ ឈ្មោះ គង់ រ៉ៃ​យ៉ា ទៅកាន់​តុលាការ ដោយ​ចោទប្រកាន់​ពីបទ​ញុះញ​ង់​បង្ក​ឲ្យ​មាន​បទឧក្រិដ្ឋ​។
​ ​
​ជាការ​ពិត​ មិន​ថានៅ​កា​រ៉ា​ស់​សាំង កាល់​តិច ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ ដែលមាន អ្នក​ទៅ​ជួបជុំ ចូល​ហាង​ស្តា​ម៉ា​ត ផឹក​កាហ្វេ នោះទេ តែ​នៅតាម​ហ្វេ​ស​ប៊ុ​ក ក៏មាន​អ្នក ផុស​រូប និង​សារ​ចូលរួម​មរណភាព​គម្រប់​ខួប​បី​ឆ្នាំ របស់លោក កែម ឡី យ៉ាងច្រើន​ផងដែរ នៅ​ថ្ងៃទី​១០ ខែកក្កដា ។​
​ ​
​ក៏ប៉ុន្តែ​នៅផ្ទះ​លោក កែម ឡី ស្ថិតនៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ពិធី​បុណ្យខួប​គម្រប់​បី​ឆ្នាំ នៃ​មរណភាព​របស់លោក​កែម​ឡី ត្រូវបាន​រៀបចំ​ឡើង ដោយមាន​រោងបុណ្យ តាំង​រូបថត​លោក​កែម​ឡី និង​រៀប​តុ ចាំ​ទទួល​អ្នក កែម ឡី និយចូល​បុណ្យ​។​

​ដូច្នេះ​ក្រុម​អ្នក​ដែល​អះអាងថា ជា​កែម​ឡី​និយម គួរតែ​ប្រមូល​ផ្តុំគ្នា​ទៅ​ជួបជុំ ចូលរួម បុណ្យសព ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ ចូល​បច្ច័យ ក្នុង​ពិធី​បុណ្យសព​លោក កែម​ឡី នៅផ្ទះ​របស់លោក ដែលជា​កន្លែង​បញ្ចុះសព​លោក ជាជាង​ព្យាយាម​ជួបជុំ​នៅ កន្លែង​ហាមឃាត់ និង​បង្ហោះ​សារ បង្ហោះ​រូបថត នៅតាម​ហ្វេ​ស​ប៊ុ​ក​។​

​ការជួបជុំ​របស់​ក្រុម ដែល​ហៅថា កែម ឡី និយម នៅ​កា​រ៉ា​ស់​សាំង ស្តុ​ប​បូកគោ​ត្រូវបាគេ​មើលឃើញថា ជាការ​កេងចំណេញ​នយោបាយ និង​មានបំណង​បង្ក​ភាពវឹកវរ ក្នុងសង្គម ដែល​បង្ខំ​ឲ្យ​សមត្ថកិច្ច ត្រូវ​នាំខ្លួន​ពួកគេយកទៅ​សួរនាំ​។​

​មិន​ខុសគ្នា​ទេបី​ឆ្នាំ​មកហើយ នៃ​មរណភាព​សព​លោក​កែម​ឡី គឺ​ការ​កេងចំណេញ នយោបាយ នៅតែ​ត្រូវបាន​ក្រុម​អតីត​បក្សប្រឆាំង ពិសេស​ក្រុម​លោក​សមរង្ស៊ី​នៅក្រប្រទេស បន្ត​អនុវត្ត​ន៍នូវ​ល្បិច​ខិលខូច ហើយ​ថែមទាំង​ចោទប្រកាន់​ដោយ​គ្មាន​ការពិត​ថា អាជ្ញាធរ​សមត្ថកិច្ច​រាជ​រដ្ឋាភិបាល​កម្ពុជា រារាំង​ការជួបជុំ នៅ​ស្តុ​ប​បូកគោ​ដែលជា​កន្លែងឃាតករ​បាញ់សម្លាប់​លោក​កែម​ឡី ដោយសារតែ​ឃាតកម្ម​នេះ ជា​រឿង​នយោបាយ និង​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​សមត្ថកិច្ច​រាជ​រដ្ឋាភិបាល​។​

​ក៏ប៉ុន្តែ​ករណី​ឃាតកម្ម បាញ់សម្លាប់​លោក​កែម​ឡី គឺ​បុរស​ឃាតករ ឈ្មោះ អឿ​ត អាង ដែលមាន​រហស្សនាម​ថា ជួប សម្លាប់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន​ភ្លាមៗ​ដោយ​បុរសនោះ បាន​សារភាពថា ខ្លួន​ជា​អ្នកបាញ់​សម្លាប់​លោក​កែម​ឡី ព្រោះតែ​រឿង​ជំពាក់លុយ​មិន​សង​។

​សំណុំរឿង​ឃាតកម្ម បាញ់សម្លាប់​លោក​កែម​ឡី ក៏​ត្រូវបាន​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ កាត់ទោស​បុរស​ឃាតករ អឿ​ត អាង ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ខណៈដែល​តុលាការ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល បានសម្រេច​បិទផ្លូវ​តវ៉ា ដោយ​រក្សា​ការសម្រេច​ផ្តន្ទាទោស​បុរស អឿ​ត អាង ហៅ ជួប សម្លាប់​ដាក់ពន្ធនាគារ អស់​មួយជីវិត ផងដែរ​។​

​សរុបទៅ ក្រុម​អ្នក​ដែល​ហៅ​ខ្លួនឯង​ថា កែម ឡី និយម គួរតែ​ជួបជុំ​ប្រារព្ធ​បុណ្យខួបនៅ​រោងបុណ្យ ដែល​ត្រូវបាន​ម្តាយ​បងប្អូន​របស់លោក​កែម​ឡី​រៀបចំ​នៅ​ផ្នូរ​របស់លោក នៅផ្ទះ​ស្រុកកំណើត ក្នុង​ខេត្តតាកែវ ទើប​ជាការ​ចូលរួម​បុណ្យ​ដោយ​សុទ្ធចិត្ត និង​ជាការ​គោរព​ដោយស្មោះ​ជូន​វិញ្ញាណក្ខន្ធ​សព​លោក​កែម​ឡី​។ រីឯ​ការចោទប្រកាន់ដោយ​គ្មាន​ការពិតពាក់ព័ន្ធ​ឃាតក​របាញ់សម្លាប់​លោក​កែម​ឡី ក៏​មិនគួរ​យកចំណេញផ្នែក​នយោបាយ​ទៀត​ទេ ព្រោះថា ឃាតករ​ក្នុង​សំណុំរឿង​ឃាតកម្ម​នេះ ត្រូវបានតុលាការរកឃើញ និង​កាត់ទោស​រួចរាល់​ហើយ​៕ ដោយ​: ម៉េង​ឆៃ​/Ha

#