ចូល​កាច់ក​ម៉ូតូ​ដល់​ក្នុងផ្ទះ ម្ចាស់​ទាន់​ដេញតាម​ចោរ​ដក​កាំភ្លើង​បាញ់​២​គ្រាប់​ផ្តួល​ម៉ូតូ​ចោល​រួច​រត់​គេចខ្លួនបាត់​

578
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ ​៖ ក្រុម​ជនសង្ស័យ​២​នាក់ បាន​ដក​កាំភ្លើង​ម៉ាក​កា​៥៩​បាញ់​ចំនួន​២​គ្រាប់ ដើម្បី​គំរាម​ម្ចាស់​ម៉ូតូ ខណៈដែល​ពួកគេ​កាច់ក​ម៉ូតូ​ដល់​ក្នុងផ្ទះ​បាន​នៅ​ម្ដុំ​ផ្លូវ​៥៩៨ ជិះ​គេចខ្លួន​ហើយ​ជនរងគ្រោះ​ដេញតាម​ពីក្រោយ​ស្រែកថា​ចោរៗ ក៏​ក្រុមចោរ​បាញ់​២​គ្រាប់​តែ​សំណាងល្អ​មិន​បណ្តាលឱ្យ​ត្រូវ​ម្ចាស់​ឡើយ​។ ហេតុ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​នឹង​២០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅ​ស្ថានីយ៍​ប្រេង​ឥ​ន្នៈ​PTT​ភូមិ​ទួល​សំពៅ​ផ្លូវ​១០៧​សង្កាត់​ទួល​សង្កែ ១​ខណ្ឌឫស្សីកែវ ។​

បើតាម​សម្ដី​របស់​ជនរងគ្រោះ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​បានធ្វើ​សកម្មភាព​ចូលទៅ​កាច់ក​ម៉ូតូ​របស់គាត់ នៅក្នុង​ផ្ទះ​តាមផ្លូវ​៥៩៨ (​ផ្លូវ​ជា​សុផារ៉ា )​ម្ដុំ​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៣ ភូមិ​ពោងពាយ​សង្កាត់​ទួល​សង្កែ​២​ខណ្ឌឫស្សីកែវ​ហើយ​ជិះ​ចេញ​ចេញពី​ក្នុងផ្ទះ ជនរងគ្រោះ​ក៏បាន​ឃើញ​ដេញតាម​ស្រាប់តែ​ប្រទះឃើញ​ម៉ូតូ របស់ខ្លួន​និង​ជនសង្ស័យ កំពុង​អង្គុយ​លើ​ម៉ូតូ​ធ្វើ​មិនដឹង​នៅក្បែរ​ស្ថានីយ៍​ប្រេង PTT ជិត​ផ្សារ​សាំ​ហាន់ ក៏​ស្រែក​ផ្អើល​ឆោឡោឡើង​ដើម្បី​ឲ្យ​គេឯង​ជួយ​។ ស្រប​ពេលដែល​ជនរងគ្រោះ កំពុង​ដើរ​សំដៅ​ទៅជិត​ម៉ូតូ​ភា្ល​ម​នោះ​ស្រាប់តែ​ជនសង្ស័យ ម្នាក់ទៀត​ស្រែកថា​ឯង​កុំ​ដើរ​ចូលមក​ប្រយ័ត្ន​អញ់​បាញ់​ភ្លាមៗ​ពួកវា​ម្នាក់ទៀត​ក៏បាន​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់ តែ​ខុស​ហើយ​រត់ឡើង​ជិះ​ម៉ូតូ​បក្ខ​ពួកវា​ដើម្បី​គេចខ្លួន ក៏​បាញ់កាំភ្លើង​មួយ​គ្រាប់​បន្ថែមទៀត ទើប​ជនសង្ស័យ​ជិះ​គេច​ចេញពី​កន្លែងកើតហេតុ​បាត់​បន្សល​សំបក​គ្រាប់កាំភ្លើង​ខ្លីម៉ាក​កា​៥៩​តែម្ដង​។​

ជនរងគ្រោះ​មានឈ្មោះ គង់ គីម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ ស្នាក់នៅ​ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​ ម៉ូតូ​ដែល​ចោរ​កាច់​សោ​-​ក​នោះ​ម៉ាក ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BX-1073​។

​ទោះយ៉ាងណា​សម្រាប់​ហេតុការណ៍​ក្រុមចោរ​ផ្ទុះអាវុធ​២​គ្រាប់​នេះ មិន​បណ្ដាល​ឲ្យ​មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ ហើយ​ក្រុម​ជនសង្ស័យ ក៏បាន​គេចខ្លួន​ចោល​ម៉ូតូ​ដែល​កាច់ក​បាន​នោះ​ផងដែរ​។ ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន បានចេញ​ជួយ​អន្ដរាគមន៍ ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​ជនសង្ស័យ​ផងដែរ​៕​B

#