ចូល​ម៉ាស្សា​បែរជា​ចាក់​ប្លន់​យក​ទូរស័ព្ទដៃ​ពី​នារី​ម៉ាស្សា តែ​ត្រូវ​នគរបាល​ក្របួច​ជាប់​ភ្លាមៗ​

720
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​វ័យក្មេង​ម្នាក់ បន្ទាប់ពី​ប្រើល្បិច​ចូល​ម៉ាស្សា ប្រដាប់​ដោយ​កូនកាំបិត​ចាក់​នារី​ម៉ាស្សា​បណ្តាល​ឲ្យ​រងរបួស ប្លន់​យក​ទូរស័ព្ទដៃ iPhone6 មួយគ្រឿង រត់គេច​មិន​រួច ត្រូវ​ប៉ូលិស​បង្ក្រាប​ក្របួច​ជាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ហាង​ម៉ាស្សា​យីហោ លី ថី​ហ្វុ​ង ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ចាប់ខ្លួនបាន​ឈ្មោះ ចាប ជីវ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​ខ​ណ្ឌ​សែន​សុខ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សៀន ឆេង​ហ៊ាន់ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ នារី​ម៉ាស្សា ស្នាក់​នៅក្នុង​ហាង​កន្លែងកើតហេតុ​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ជនសង្ស័យ​ជិះ​ម៉ូតូ​និ​ច​មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CD-1056 ទៅផ្ទះ​ម៉ាស្សា​ខាងលើ ដោយ​យល់​ព្រមព្រៀងគ្នា ទាំង​ជនសង្ស័យ ទាំង​នារី​រងគ្រោះ នាំគ្នា​ចូល​បន្ទប់​។ បាន​មួ​យស​ន្ធុះ​ក្រោយមក ស្រាប់តែ​ជនសង្ស័យ​ដកហូត​កូនកាំបិត ដែល​លាក់ទុក​តាម​ខ្លួន​ស្រាប់ មកចាក់​លើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ដៃ ថ្ពាល់ ប្លន់​យក​ទូរស័ព្ទដៃ ម៉ាក iPhone6 មួយគ្រឿង ផ្អើល​អ្នក​នៅក្នុង​ផ្ទះ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ បង្ក្រាប​ចាប់ខ្លួនបាន​ភ្លាមៗ​។​

​ក្រោយពី​ចាប់ខ្លួនបាន ជនសង្ស័យ​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​២ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕ ល​