ចូ​លី​ចោទ​ភី​ត​ថា​ផ្តល់​លុយ​ទ្រទ្រង់​កូនៗ​មិន​គ្រប់គ្រាន់​

881
ចែករម្លែក
  • 32
    Shares

​អ៊ែន​ជែ​លី​ណា ចូ​លី បាន​ចោទប្រកាន់ ប្រ៊ែ​ត ភី​ត ថា​ខកខាន​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កូនៗ​ពួកគេ ចំពេល​ប្តី​ប្រពន្ធ​នេះ​កំពុង​បន្តដំណើរ​ការលែង​លះ​ដ៏​យូរ​មិនទាន់​ចប់​នៅឡើយ​។​

​មេធាវី​របស់​តារា​សម្តែង​ស្រី​វ័យ ៤៣ ឆ្នាំ​រូបនេះ​បាន​ចោទប្រកាន់​កាលពី​ថ្ងៃ​អង្គារ​ទី​៧​សីហា​ថា ប្រ៊ែ​ត​ភី​ត​វ័យ ៥៤ ឆ្នាំ​មិនបាន​ផ្តល់ប្រាក់​ទ្រទ្រង់ “​សំខាន់​” ដល់​កូនៗ​សម្រាប់​រយៈពេល ១៨ ខែ​នោះទេ​។ នេះ​បើ​យោងតាម​ឯកសារ​របស់​តុលាការ​ដែល​វេ​ប​សាយ DailyMail.com ទទួលបាន​។​

​មេធាវី​របស់​ចូ​លី លោក សា​ម៉ាន់​ថា ប្លេ ដេ​ហ្ស​ង់ បានសរសេរថា “​គិត​មកដល់ពេលនេះ [​ភី​ត​] មិនបាន​ផ្តល់ប្រាក់​ទ្រទ្រង់​សំខាន់​ដល់​កូនៗ​នោះទេ តាំងពី​ចែកផ្លូវ​គ្នា​”​។​

​តារា​សម្តែង​រូបនេះ​បាន​ប្ដឹង​ថា​ប្ដី​ទី ៣ របស់​នាង​មិនបាន​បំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​របស់ខ្លួន ហើយ​បានទាមទារ​ឱ្យ​តុលា​ការបង្ខំ​គាត់​ឱ្យ​បង់ប្រាក់​។​

​ឯកសារ​តុលាការ​បានឱ្យដឹងថា “​ដោយហេតុថា​ការរៀបចំ​ក្រៅផ្លូវការ​ជុំវិញ​ការចំណាយ​លើ​ការថែទាំ​កូន​មិន​បានទទួល​ការគាំទ្រ​ជាប្រចាំ​ពី​សំណាក់ [​ភី​ត​] អស់​រយៈពេល​ជាង ១ ឆ្នាំកន្លះ [​ចូ​លី​] មានបំណង​ដាក់ពាក្យ​បណ្តឹង RFO សម្រាប់​សុំ​ដីកា​បង្គាប់​ឱ្យមាន​ការ​ទ្រទ្រង់​កូន​ដោយ​ប្រតិសកម្ម​”​។​

​ចូ​លី​បាន​ស្នើសុំ​ចៅក្រម​រៀបចំ​សវនាការ​មួយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​។​

​ការ​ទ្រទ្រង់ “​សំខាន់​” មិនត្រូវ​បានកំណត់​នៅក្នុង​ឯកសារ​តុលាការ​នោះទេ ហើយ​ក្រុម​មេធាវី​របស់លោក​ភី​ត​មិនទាន់​ឆ្លើយតប​ជា​ផ្លូវការ​នៅឡើយ​ទេ​។​

​ប្រភព​មួយ​ដែល​ដឹង​អំពី​ស្ថានភាព​របស់​ភី​ត​បាន​ប្រាប់​សារព័ត៌មាន Dailymail.com ថា តារា​សម្តែង​រូបនេះ​ទំនងជា​នឹង​តស៊ូ​ប្រឆាំងនឹង​ការចោទប្រកាន់​នេះ ដោយ​និយាយថា “​ប្រ៊ែ​ត​តែងតែ​បំពេញ​ការសន្យា​របស់ខ្លួន​”​។​

​ឯកសារ​នេះ​ក៏​ទាមទារ​ឱ្យ​ការ​លែងលះ​ត្រូវបាន​ធ្វើឱ្យ​រួច​ដាច់ស្រេច​នៅ​ឆ្នាំនេះ​ផងដែរ ខណៈដែល​ចូ​លី​ហាក់ដូចជា​ប្រញាប់ប្រញាល់​បញ្ចប់​បណ្តឹង​លែងលះគ្នា​ឱ្យបាន​ឆាប់​។

​សូមបញ្ជាក់ថា វា​មាន​រយៈពេល​២​ឆ្នាំ​ហើយ​ចាប់តាំងពី​តារា​ទាំង​២​ប្រកាស​លែងលះ​ដ៏​ភ្ញាក់ផ្អើល​។ ចូ​លី​បានដាក់​ពាក្យបណ្តឹង​លែងលះ​ក្នុង​ខែកញ្ញា ឆ្នាំ ២០១៦ ដោយ​សម្អាងថា​រស់នៅ​មិន​ចុះសម្រុង​គ្នា​៕ ដោយ៖ កញ្ញាដាលីស

ចូ​លី​និង​ភី​ត​លែងលះគ្នា​កាលពី​ឆ្នាំ ២០១៦ ក្រោយ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា