ចូ​លី​មិន​ច្រានចោល​លទ្ធភាព​ប្រឡូក​ក្នុង​នយោបាយ​

760
ចែករម្លែក

​លោកស្រី​អ៊ែន​ជែ​លី​ណា ចូ​លី​មិនបាន​ច្រានចោល​លទ្ធភាព​ប្រឡូក​ក្នុង​ឆាកនយោបាយ​នោះឡើយ ហើយ​បាន​និយាយ​លេងសើច​ថា លោកស្រី​មាន​ភាព​អំណត់​ល្មម​គ្រប់គ្រាន់​ហើយ​ដើម្បី​ទទួលយក​បញ្ហា​និង​ឧបសគ្គ​នៅក្នុង​នយោបាយ​។​

​តារា​សម្តែង​អាមេរិក​និង​ជា​បេសកជន​អ​.​ស​.​ប​រូបនេះ​បាន​ប្រាប់​វិទ្យុ​ប៊ី​ប៊ី​ស៊ីថា លោកស្រី “​អាច​ទទួលយក​ឧបសគ្គ​បាន​គ្រប់យ៉ាង​” ដែល​នេះ​ជាស​ម្តី​មួយ​ចង់​សំដៅ​ទៅលើ​ការលែង​លះ​ដ៏​ជូរចត់​របស់លោក​ស្រី​ពី​លោក​ប្រ៊ែ​ត ភី​ត​។​

​នៅពេល​សួរថា​តើ​លោកស្រី​នឹង​ស្ថិត​លើ​ទិសដៅ​ចូលធ្វើ​នយោបាយ​ឬ​យ៉ាងណា ជ័យលាភី​ពានរង្វាន់​អូ​ស្ការ​អាយុ ៤៣ ឆ្នាំ​រូបនេះ​បាន​និយាយថា “​និយាយ​ដោយស្មោះ ខ្ញុំ​នឹងធ្វើ​រាល់​អ្វីដែល​ខ្ញុំ​គិតថា​ពិតជា​អាចឱ្យ​មានការ​ផ្លាស់ប្តូរ​បាន​”​។​

​ចូ​លី​គឺជា​បេសកជន​ពិសេស​សម្រាប់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អ​.​ស​.​ប​។ លោកស្រី​បាន​ប្រើ​ពេលវេលា​របស់ខ្លួន​ក្នុងនាម “​អ្នកនិពន្ធ​ជា​ភ្ញៀវ​” នៅ​វិទ្យុ​ប៊ី​ប៊ី​ស៊ី​ដើម្បី​គូសបញ្ជាក់​ពី​បញ្ហា​ជនភៀសខ្លួន​នៅ​មជ្ឈិមបូព៌ា​។​

​លោកស្រី​ក៏បាន​និយាយ​អំពី​វិចិត្រករ​ចិន​ឈ្មោះ អៃ វៃ​វៃ និង​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព ដេ​នី​ស ម៉ាក់​វេច (Denis Mukwege) ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​អ៊ែន​ជែ​លី​ណា ចូ​លី ចាក​ចេញពី​រោងកុន BFI IMAX នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃទី ២៣ វិច្ឆិកា ២០១៨