ចូ​លី អំពាវនាវ​រក​ការគាំទ្រ​កុមារ​វេ​ណេ​ស៊ុយអេ​ឡា​ដែល​ភៀសខ្លួន​ពី​វិបត្តិ​ក្នុងប្រទេស​

498
ចែករម្លែក

​តារា​ហូ​លី​វីត នាង​អ៊ែន​ជេ​លីណា ចូ​លី បាន​អំពាវនាវ​អោយ​សហគមន៍​អន្តរជាតិ​ជួយ​ក្មេង​វេ​ណេ​ស៊ុយអេ​ឡា​ប្រមាណ​២០.០០០​នាក់ ដែល​ប្រឈម​នឹង​ការ​ត្រូវ​ទុក​ចោល​ដោយ​គ្មាន​​សិទ្ធិ​ពលរដ្ឋ​ជា​មូលដ្ឋាន​។​

​តារា​វ័យ​៤៤​ឆ្នាំ​រូប​នេះ ដែល​បាន​ទៅ​ជួប​ជនភៀសខ្លួន​នៅតាម​បណ្តោយ​ព្រំដែន​កូឡុំប៊ី​-​វេ​ណេ​ស៊ុយអេ​ឡា បាន​ចាប់អារម្មណ៍​នឹង​ក្មេង​រាប់ពាន់​នាក់​ដែល​បាន​កើត​នៅ​បរទេស​​និង​ក្លាយជា​ជន​គ្មាន​រដ្ឋ ដោយសារតែ​វិបត្តិ​មនុស្សធម៌​។​

​តំណាង​ពិសេស​សំរាប់​ស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​សំរាប់​ជនភៀសខ្លួន​រូបនេះ​បាន​អំពាវនាវ​អោយ​ពិភពលោក​ខាង​លិច​ផ្តល់​ការគាំទ្រ​ច្រើនឡើង​ដល់​បណ្តា​ប្រទេស​នៅ​​អាម៉េរិក​ខាងត្បូង​ដែល​ទទួល​យក​ជនភៀសខ្លួន​។​

​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ ដែល​ក៏បាន​នាំ​នាង​ទៅ​ជួប​ប្រធានាធិបតី​កូឡុំប៊ី លោក អ៊ី​វ៉ាន់ ឌុយ​គេ នៅ​ក្រុង​កាតា​ហ្សេ​ណា កើត​ឡើង​មួយ​ខែ​ក្រោយ​ពី​ការប៉ុនប៉ង​មិនបាន​សំរេច​មួយ​​របស់​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា​ដើម្បី​បណ្តេញ​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ​។​

​ក្រោយ​ជំនួប ប្រធានាធិបតីកូឡុំ​ប៊ី​ដែល​ប្រទេស​លោក​ទួល​ជនភៀសខ្លួ​ន​១,៣​លាន​នាក់​បាន​និយាយថា​លោក​សង្ឃឹមថា​ដំណើរ​របស់​ចូ​លីនឹង​បង្កើន​ការចាប់​អារម្មណ៍​អំពី​ភាព​​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ជន​ចំណាកស្រុក​។​

​អង្គការសហប្រជាជាតិ​ប៉ាន់ស្មាន​ថា ជនភៀសខ្លួន​វេ​ណេ​ស៊ុយអេ​ឡា​៤​លាន​នាក់​បាន​ចាកចេញ​ពី​មាតុភូមិ​របស់​គេ​ចាប់តាំងពី​ឆ្នាំ​២០១៤ ទៅកាន់​ប៉េ​រូ អេក្វាទ័រ​និង​កូឡុំប៊ី​៕​ដោយ​៖​វាសនា​

ចូ​លី ជួប​ជនភៀសខ្លួន​ដែល​ត្រូវបាន​បង្ខំ​អោយ​ចាកចេញ​ពី​វេ​ណេ​ស៊ុយអេ​ឡា​

#