ចូ​វ យុន​ហ្វា​ត់ ប្រើប្រាស់​ឥទ្ធិពល​តារា​របស់គាត់​ជួយ​ឱ្យ​អាជីវកម្ម​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​រស់​ឡើងវិញ​

581
ចែករម្លែក

​តារា​ល្បីៗ​តែងមាន​ឥទ្ធិពល​មកលើ​ជីវិត​របស់​យើង​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន ហើយ​ក្នុងករណី​តារាភាពយន្ត​ហុងកុង ចូ​វ យុន​ហ្វា​ត់ គាត់​គឺជា​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​តារា​អាច​ប្រើ​ឥទ្ធិពល​របស់​ពួកគេ​ដើម្បី​ធ្វើ​រឿង​ល្អ​។​

​ជារឿយៗ​ត្រូវបាន​សរសើរ​ដោយ​សាធារណជន​ថា​ជា​មនុស្ស​រួសរាយ​និង​ងាយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ ដែល​តែង​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នកក្រ ចូ​វ​យុន​ហ្វា​ត់​កំពុងតែ​ល្បី​នាពេល​ថ្មីៗ​នេះ​ចំពោះ​ការប្រើប្រាស់​ឥទ្ធិពល​របស់គាត់​ដើម្បី​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​។​

​ស្ត្រី​មេម៉ាយ​កូន​ពីរ​ឈ្មោះ វ៉ាង លី​លី ដែលមាន​ហាង​លក់​អាហារ​នៅ​សង្កាត់​តៃ​ប៉ាវ ក្រុង​ហុងកុង​កាលពីពេល​ថ្មីៗ​នេះ​បាន​សម្តែង​នូវ​ការដឹងគុណ​របស់​នាង​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការជួយ​របស់​លោ​កចូវ​ក្នុងការ​ធ្វើឱ្យ​អាជីវកម្ម​ខាតបង់​របស់​នាង​រើប​ឡើងវិញ​។​

​នាង​វ៉ាង​ដែល​ធ្លាប់ជា​ម្តាយ​នៅផ្ទះ​មួយរូប ត្រូវ​បង្ខំចិត្ត​ចូលធ្វើការ​វិញ​ដើម្បី​ទិញ​អាហារ​ដាក់​ក្នុងផ្ទះ បន្ទាប់ពី​ប្តី​របស់​នាង​ដែលជា​អ្នករកស៊ី​ចិញ្ចឹម​គ្រួសារ​បាន​ស្លាប់​ភ្លាមៗ​ក្នុង​ឆ្នាំ ២០១៣​។​

​ថ្វីបើ​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ក៏ដោយ ក៏ប៉ុន្តែ​បំណង​របស់​នាង​ដើម្បី​ផ្តល់​បន្ថែមទៀត​ដល់​កូនប្រុស​ពីរ​នាក់​របស់​នាង​បានធ្វើឱ្យ​នាង​ខំប្រឹង​អត់ទ្រាំ​នឹង​ការលំបាក​និង​បង្កើត​អាជីវកម្ម​លក់​គាវ ដោយ​ខ្ចីលុយ​ប្រហែល ១ លាន​ដុល្លារ​ហុងកុង (​ជិត ១៣​ម៉ឺន​ដុល្លារ​) ពី​គ្រួសារ​របស់​នាង​។​

​ទោះយ៉ាងណា ជំនួញ​របស់​នាង​មិនសូវ​កាក់កប​ទេ ហើយ​នាង​បាន​ខាតបង់ ៥.០០០ យ័ន (៧៤៦ ដុល្លារ​) ជា​រៀងរាល់ខែ​។​

​ទោះយ៉ាងណា នាង​វ៉ាង​បាន​ខិតខំ​ប្រឹងប្រែង​កែលម្អ​ជំនាញ​ធ្វើ​ម្ហូប​របស់​នាង​ដោយ​ភ្ញាក់​ពី​ម៉ោង ៦ ព្រឹក​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ធ្វើដំណើរ​ទៅ​ទីក្រុង​សិន​ចិន​ដើម្បី​រៀន​ធ្វើ​គាវ​ពី​ប្តី​ប្រពន្ធ​នៅ​ទីនោះ​។​

​រឿងរ៉ាវ​នៃ​ការខិតខំ​និង​ការប្តេជ្ញាចិត្ត​របស់​វ៉ាង​ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហើយ​បានទទួល​ការគាំទ្រ​ពី​អ្នករស់នៅ​ក្នុង​តំបន់​នេះ​។ នាង​វ៉ាង​មិនបាន​ដឹង​ទេ​ថា​ដំណឹង​នេះ​ក៏​អាច​ទៅដល់​ត្រចៀក​របស់​លោ​កចូវ ដែល​បាន​មកជួយ​ផ្សព្វផ្សាយ​ដល់​ហាង​របស់​នាង នៅពេល​ដឹង​អំពី​ស្ថានភាព​របស់​នាង​។​

​នាង​ដឹងគុណ​លោ​កចូវ​ណាស់ ដែល​នាង​គិតថា​គាត់​ជា​តារា​សំណាង​របស់​នាង​។​

​នាង​និយាយថា “​នៅ​ថ្ងៃ​ចុង​សប្តាហ៍​មួយ មាន​មនុស្ស​រង់ចាំ​ជា​ជួរ​ដ៏​វែង​នៅ​ខាងក្រៅ​ហាង​។ ហើយ​នៅពេលនោះ​ខ្ញុំ​បានឮ​មនុស្ស​ម្នាក់​ស្រែកហៅ​ឈ្មោះ​ខ្ញុំ​។ មនុស្ស​ម្នាក់​នោះ​គឺជា​ចូ​វ យុន​ហ្វា​ត់​។ ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដែល​តារា​ល្បី​ដូចជា​រូបគាត់​ចេញមក​ផ្សព្វផ្សាយ​ហាង​របស់ខ្ញុំ​ក្នុង​ទីតាំង​ដាច់ស្រយាល​យ៉ាងនេះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ពិតជា​មានសំណាង​ណាស់​។ ដោយសារតែ​គាត់ ឥឡូវ​មាន​មនុស្ស​ជាច្រើន​បានមក​ហាង​របស់ខ្ញុំ​។ គាត់​បាន​នាំមក​នូវ​សំណាង​ដល់​អាជីវកម្ម​របស់ខ្ញុំ​និង​ធ្វើឱ្យ​អាជីវកម្ម​របស់ខ្ញុំ​មានជីវិត​ឡើងវិញ​។ ខ្ញុំ​ពិតជា​អរគុណ​គាត់​ណាស់​”​។​

​បន្ទាប់ពី​ការជួយ​ផ្សព្វផ្សាយ​របស់គាត់ ឥឡូវ​ចំនួន​អតិថិជន​បាន​កើនឡើង ហើយ​អាជីវកម្ម​របស់​នាង​ចាប់ផ្តើម​រកបាន​ប្រាក់ចំណេញ​។​

​ទោះយ៉ាងណា នាង​មិនមាន​លទ្ធភាព​សងគុណ​ដល់​រូបលោក​វិញ​នោះទេ ពីព្រោះ​គាត់​បដិសេធ​មិន​បរិភោគ​នៅ​ហាង​របស់​នាង​ដោយ​មិន​គិតថ្លៃ​នោះទេ​។​

​នាង​វ៉ាង​និយាយថា​នាង​គ្រាន់តែ​អាច​ជូនពរ​ឱ្យ​គាត់​មាន​សុខភាព​ល្អ​និង​ផ្តល់ឱ្យ​សង្គម​វិញ​តាមរយៈ​វិធី​តូចតាច​របស់​នាង​ដូចជា​ការផ្តល់​មូលនិធិ​ដល់​ថ្នាក់រៀន​របស់​កុមារ​ដែល​ខ្វះខាត​ពី​គ្រួសារ​ស្ត្រី​មេម៉ាយ​៕ ដោយ៖ កញ្ញាដាលីស

នាង​វ៉ាង​ចាត់ទុក​លោ​កចូវ​យុន​ហ្វា​ត់​ជា​តារា​សំណាង​របស់​នាង