ចូ​វ យុន​ហ្វា​ត សន្យាថា​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​បន្ទាប់ពី​លោក​ស្លាប់​

983
ចែករម្លែក

​តារាភាពយន្ត​ជើងចាស់​របស់​ហុងកុង លោ​កចូវ យុន​ហ្វា​ត ល្បី​ទាំង​ខាង​សម្តែង​និង​ការចំណាយ​សន្សំសំចៃ​បំផុត​តែ​បានធ្វើ​រឿង​គួរអោយភ្ញាក់ផ្អើល​មួយ គឺ​លោក​សន្យា​​បរិច្ចាគ​ទ្រព្យធន​ដ៏​សន្ធឹកសន្ធាប់​របស់លោក​ទៅអោយ​ខាង​សប្បុរសធម៌​បន្ទាប់ពី​លោក​ស្លាប់​។​

​ល្បី​ក្នុងចំណោម​ទស្សនិកជន​លោកខាងលិច​ចំពោះ​ការសម្តែង​ខ្សែភាពយន្ត​ដូចជា​រឿង​ចោរ​សមុទ្រ​កា​រ៉ា​អ៊ី​ប​,​ក្រុមបងធំ​A Better Tomorrow និង​តួ​បងធំ​ក្នុង​ភាពយន្ត​​ហុងកុង លោ​កចូវ បានធ្វើអោយ​អ្នកគាំទ្រ​កោតសរសើរ​ចំពោះ​ជីវិត​រស់នៅ​សាមញ្ញ​និង​សន្សំសំចៃ​បំផុត​។​

​សេដ្ឋី​ចូ​វ អាយុ​៦៣​ឆ្នាំ បាន​ចូលក្នុង​បញ្ជី​តួ​សម្តែង​រក​ចំណូល​ខ្ពស់បំផុត​នៃ​ទស្សនា​វ​ដ្តី​Forbes​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៥ ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២៤​។​តែ​នៅ​ហុងកុង កន្លែង​ដែល​សំបូរ​តារា​សម្ញែង​ឬ​ក​និង​ទ្រព្យធន លោក​អាច​ត្រូវគេ​ប្រទះឃើញ​ជិះ​រថយន្តក្រុង​ឬ​រថភ្លើង​សាធារណៈ​និង​ឈរ​តម្រង់​ជួរ​ចាំ​ទិញ​សំបុត្រ​ចូល​ទស្សនា​ភាពយន្ត​​របស់លោក​ផ្ទាល់​។​ឥឡូវ លោក​បាន​សន្យា​ផ្តល់​ទ្រព្យធន​ទាំងស្រុង​របស់លោក ៥,៦​ពាន់​លាន​ដុល្លារ​ហុងកុង​(៧១៥​លាន​ដុល្លារ​អាមេរិក​)​ទៅខាង​សប្បុរសធម៌​។​

​ដោយបាន​បញ្ជាក់ថា​ភរិយា​របស់លោក​គាំទ្រ​ការសំរេចចិត្ត​របស់លោក លោ​កចូវ​បាន​ប្រាប់​សារព័ត៌មាន​MBC​របស់​កូរ៉េខាងត្បូង​កាលពី​សប្តាហ៍​មុន​ថា​«​លុយ​មិនជា​អ្វី​​ដែល​អ្នកមាន​ជា​រៀងរហូត​ទេ​។​នៅពេល​អ្នក​លាចាក​លោក​នៅ​ថ្ងៃ​ណាមួយ អ្នក​ត្រូវ​ទុក​វា​អោយ​អ្នកផ្សេង​ប្រើ​វា​»​។​

​លោក​បាន​បន្តថា​« អ្នក​មិនអាច​នាំយក​ប្រាក់​នៅក្នុង​គណនី​ធនាគារ​ទៅជា​មួយ​អ្នក​បានទេ​ក្រោយ​ស្លាប់​»​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន​គម្លាត​ទ្រព្យធន​រវាង​អ្នកមាន​និង​អ្នកក្រ​ហុងកុង​បាន​ស្ថិតនៅក្នុង​កំរិត​ធំ​បំផុត​ក្នុង​រយៈពេល​ជិត​កន្លះ​សតវត្សរ៍​មកនេះ ក្នុងពេល​ទឹកដី​អាណា​​និគម​នេះ​កត់សំគាល់​រយៈពេល​២​ទសវត្សរ៍​នៃ​ការវិល​មក​នៅក្រោម​ការ​គ្រប់គ្រង​របស់​ចិន​។​ថ្លៃ​លំនៅស្ថាន​និង​ថ្លៃ​រស់នៅ​ហួស​ពី​ប្រាក់ខែ​ថ្លៃឈ្នួល​របស់​ប្រជាជន​សាមញ្ញ​​ខ្លាំង ខណៈ​បន្ទប់​ផ្ទះល្វែង​កាន់តែ​ត្រូវ​ខណ្ឌ​ចែកគ្នា​រស់នៅ​យ៉ាង​ណែន​។​

​ក្នុងពេល​ជាមួយគ្នា ពួក​កំពូល​អ្នកមាន​ក្នុង​ទីក្រុង​នេះ​បន្ត​សម្ញែង​ទ្រព្យ​ខ្លាំងក្លា​។​ចូ ដែល​ត្រូវបាន​គេ​ផ្តល់​រហ្សនាម​ថា បងធំ​ហ្វា​ត​នៅ​ហុងកុង បានទទួល​ការសរសើរ​ចំពោះ​​ការប្រកាន់​អត្តចរិត​ផ្ទុយ​ពី​គេ​នេះ​។​ភរិយា​របស់លោក​ធ្លាប់បាន​និយាយថា ប្តី​របស់​លោកស្រី​ច្រើនតែ​ទទួលទាន​អាហារ​តាម​តូប​តាម​ដងផ្លូវ​និង​ទើបតែ​ឈប់​ប្រើ​ទូរស័ព្ទ​Nokia ​ជាទី​ស្រឡាញ់​របស់លោក បន្ទាប់ពី​វា​ខូច​ក្រោយ​ប្រើ​រាប់​ឆ្នាំ​៕​ដោយ​:​វាសនា​

តួ​ហុងកុង ចូ​វ យុន​ហ្វា​ត និង​ភរិយា​ជនជាតិ​សិង្ហ​បុរី នៅ​ពិធី​មួយ​កាលពី​ឆ្នាំ​២០១៦