ចូ​សេ ម៉ូ​រី​ញ៉ូ​៖ អេ​ឌិន ហា​ហ្សា​ដ នឹង​ទទួលជោគជ័យ ប្រសិនបើ​ចូលរួម​ជាមួយ Real Madrid

304
ចែករម្លែក

អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) មាន​ទាំង​ទេពកោសល្យ​និង​បុគ្គលិកលក្ខណៈ ក្នុង​ការលេង ឲ្យ​ក្លឹប​យក្ស Real Madrid នេះ​បើតាម​ការអះអាង​របស់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) អតីត​គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​។

​ហា​ហ្សា​ដ ត្រូវបាន​ភ្ជាប់​ទៅនឹង​ការចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Real Madrid ជា​អ្វីដែល លោក ម៉ូ​រី​ញ៉ូ សារភាពថា មានការ​ទាក់ទាញ​បំផុត​ហើយ​លោក​បាន​បង្ហើប​ប្រាប់​កាលពី​ដើមខែ​នេះ ថា ហា​ហ្សា​ដ បានធ្វើការ​សម្រេចចិត្ត​ពី​អនាគត​របស់ខ្លួន​ប៉ុន្តែ​នៅ​មិនទាន់​បង្ហាញ​ការ​ជ្រើស រើស​របស់ខ្លួន ជា​សាធារណៈ​នៅឡើយ​ទេ​។

​កីឡាករ​អន្តរជាតិ​បែលហ្ស៊ិក​វ័យ​២៨​ឆ្នាំ​រូបនេះ​មាន​កិច្ចសន្យា​នៅ​ពហុកីឡាដ្ឋាន Stamford Bridge រហូតដល់​ឆ្នាំ​២០២០ ហើយ​នៅពេលនេះ​បាន​ឈាន​ចូលដល់​ឆ្នាំ​ចុងក្រោយ​ហើយ​។ ការប៉ាន់ប្រមាណ​អំពី​អនាគត​របស់ ហា​ហ្សា​ដ បាន​ផ្ទុះ​កាន់តែខ្លាំង​ឡើង​។

​លោក ម៉ូ​រី​ញ៉ូ បាន​សារភាពថា លោក​មិនបាន​ដឹងថា តើ ហា​ហ្សា​ដ នឹង​ជ្រើសរើស​ធ្វើ​អ្វី​នោះទេ​។ ទោះបីជា​យ៉ាងណា លោក​មាន​ទំនុកចិត្ត​ថា កីឡាករ​រូបនេះ​មានគុន​ភាព​ដែល​អាច​ទទួល បាន​ជោគជ័យ​នៅ​ពហុកីឡាដ្ឋាន Bernabeu ប្រសិនបើ​ក្លឹប Real Madrid ផ្ទេរ​កីឡាករ រូបនេះ​មែន​។

​ហា​ហ្សា​ដ បាន​ផ្ទេរ​ពី​ក្លឹប Lille មក​ចូលរួម​ជាមួយ​ឆេ​ល​ស៊ី​កាលពី​ឆ្នាំ​២០១២ និង​បានបង្ហាញ មុខ​៣៣៥ លើក​សម្រាប់​ក្លឹប​នេះ​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត ដោយ​រកបាន​១០៤​គ្រាប់ និង​លើក​ពាន កីឡាករ​ឆ្នើម​របស់​ក្លឹប​នេះ​បី​លើក​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)​