លោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) កំពុងផ្តោតការយកចិត្តទុកដាក់លើស្ថានភាពរបស់ក្លឹប Tottenham បើទោះបីជាមានទំនុកចិត្តថា លោកអាចនឹងវិលត្រឡប់ទៅក្លឹប Real Madrid វិញក៏ដោយ។
លោក ម៉ូរីញ៉ូ ដែលខកខានមិនបានដឹកនាំក្រុមបាល់ទាត់ ចាប់តាំងពីក្លឹបម៉េនឆេស្ទ័រ យូណាយធីត បណ្តេញចេញកាលពីខែធ្នូឆ្នាំ២០១៨មកនោះ ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរទៅ កាន់ការងារបង្វឹកឡើងវិញជាមួយក្លឹប Spurs ទីដែលអនាគតរបស់លោក ម៉ូរីស៊ីយ៉ូ ប៉ូចេតទីណូ (Mauricio Pochettino) កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។
តាមសេចក្តីរាយការណ៍របស់កាសែត Th Sun បានឲ្យដឹងថា ជម្រើសរបស់ក្លឹប Spurs មាន កម្រិត ប្រសិនបើលោក ប៉ូចេតទីណូ ចែកផ្លូវគ្នាចេញពីក្លឹបនេះមែនហើយវាអាចបង្កើនឱកាស របស់លោក ម៉ូរីញ៉ូ ក្នុងការទទួលបានតំណែងអ្នកចាត់ការនៅក្លឹបនេះ។
ក្រុម Spurs ធ្លាក់មកលេខរៀងទី១៤នៅលើតារាងក្របខណ្ឌព្រីមីញ៉េលីក ហើយទើបនឹងឈ្នះ មួយប្រកួតក្នុងចំណោម៤ប្រកួតចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួត។ មានការអះអាងផងដែរថា លោក ម៉ូរីញ៉ូ អាចនឹងវិលត្រឡប់ទៅដឹកនាំក្រុម Real Madrid ផងដែរទីដែលលោកធ្លាប់ដឹកនាំ កាលពីរដូវកាលឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ ខណ:ដែលលោក ហ្ស៊ីណេឌីន ហ្ស៊ីដាន (Zinedine Zidane) មានការលំបាក អំឡុងអាណត្តិទី២របស់លោក ហើយលោក ម៉ូរីញ៉ូ បើកចិត្តរង់ចាំ ទទួលយកការវិលត្រឡប់ទៅពហុកីឡាដ្ឋាន Bernadeu វិញ៕ ប្រែសម្រួល: ពិសិដ្ឋ